ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

​រៀបចំ​ធ្វើ​ពិធី​ឡើងផ្ទះ ប្រែក្លាយជា​ពិធីបុណ្យ​សព​ម្តាយ​ ដោយសារឆក់ខ្សែភ្លើង

105

​បន្ទាយមានជ័យ ៖ រៀបចំ​ធ្វើ​ពិធី​ឡើងផ្ទះថ្មី ប្រែក្លាយជា​ពិធីបុណ្យ​សព​ម្តាយ​ទៅវិញ ។​ ហេតុការណ៍នេះគឺស្ត្រី​រងគ្រោះជាម្តាយ ​បាន​ក្រោក​បោស​សំរាម នៅក្នុង​រោង​ពិធី​សម្រាប់​ទទួលភ្ញៀវ ក៏ប៉ះចំ​ព្រី​ខ្សែភ្លើង​​បែក និងមានគ្របស្បោងដែលមានជាតិសើម ក៏បានបណ្តាលឲ្យឆក់ចរន្តអគ្គិសនីស្លាប់តែម្តង ។ ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​ចន្លោះ​វេលា​ម៉ោង​៦​ព្រឹក ​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០១៨ នៅ​ភូមិ​អូរ​វែង ឃុំ​តា​បែន ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ ។​

​ប្រភពព័ត៌មាន​ពី​លោកនាយ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ​តា​បែន បាន​ឲ្យ​ដឹងថា​៖ ស្ត្រី​រងគ្រោះ ឈ្មោះ គង់ ណាគ្រី អាយុ​៥១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​អូរ​វែង​ត្បូង ឃុំ​តា​បែន ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ​។ មុនពេល​កើតហេតុ ស្ត្រី​រងគ្រោះ​បាន​ក្រោក​បោស​សំរាម នៅក្នុង​រោង​ពិធី​សម្រាប់​ទទួលភ្ញៀវ ។ ពេល​កំពុងតែ​បោស​បោស គាត់​បានឃើញ​ព្រី​ខ្សែភ្លើង​ដែល​បែក ត្រូវបាន​គេ​រុំ​ស្រោប​ថង់ និង​យក​ស្បៃ​សម្រាប់​ហាល​ស្រូវ​មក​គ្របពីលើ ជួន​ជា​ស្បៃ​នោះ​សើម​ត្រូវ​ទឹកភ្លៀង​ផង​នោះ គាត់​បាន​យកដៃ​ទៅ​ទាញ​ដើម្បី​បោស​សំរាម​បន្ត​ក៏​ឆក់​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ ហើយ​ក៏បាន​ស្លាប់​តាមផ្លូវ​ខណៈ​បញ្ជូនទៅ​មន្ទីរពេទ្យ​។​

​លោកនាយ​ប៉ុស្តិ៍​បាន​បញ្ជាក់ថា​៖ នេះ​គឺជា​ធ្វេសប្រហែស ចំពោះ​អ្នក​ត​ខ្សែភ្លើង ឃើញ​ព្រី​បែក​ហើយ​មិន​ព្រម​ផ្លាស់ប្តូរ​នៅតែ​យកមកប្រើ ។

​ក្នុងនោះ​លោក​ក៏បាន​អំពាវនាវ សូម​ឲ្យ​បងប្អូន​ប្រើប្រាស់​ប្រព័ន្ធ​ភ្លើង​ឲ្យ​មានការ​ប្រុងប្រយ័ត្ន ជាពិសេស​កុំ​ស្តាយ​ព្រី​ដែល​បែកបាក់​ហើយ​ត្រូវ​ផ្លាស់ប្តូរ​ចេញ​ជៀសវាង​ការគ្រោះថ្នាក់​ដោយ​យថាហេតុ ។​ សព​ស្ត្រី​រងគ្រោះ​ត្រូវ​បានរៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

 

អត្ថបទដែលជាប់ទាក់ទង