នឹងប្រើប្រាស់កម្លាំងប្រដាប់អាវុធឲ្យអស់ ដើម្បីកម្ទេចក្តិបបដិវត្តពណ៌
ព្រះសីហនុ៖ “អ្វីក៏ដោយឲ្យតែប៉ះពាល់ដល់សន្តិភាព និង រំខានដល់ការ រស់នៅ សេចក្តីសុខ សុវត្ថិភាពរបស់ប្រជាពលរដ្ឋ គឺជាសត្រូវរបស់កងកម្លាំងប្រដាប់អាវុធទាំងអស់”។ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានថ្លែងបែបនេះ នៅថ្ងៃពុធ ទី៣០ ខែតុលា ឆ្នាំ២០១៩នេះ នៅស្នងការដ្ឋាននគរបាលខេត្ត ក្នុងពិធីប្រជុំផ្សព្វផ្សាយ សភាពការណ៍និង រឹតបន្តឹង សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងពង្រឹងហ្វឹកហាត់ ជំនាញបច្ចេកទេសបន្ថែម ដល់កងកម្លាំងអន្តរាគមន៍ពិសេស ។
លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តបានមានប្រសាសន៍ថា ពិធីនេះធ្វើឡើងក្នុងគោលបំណងត្រួតពិនិត្យកម្លាំងជាក់ស្តែងបន្ថែម ត្រួតពិនិត្យ និងសម្ភារមធ្យោបាយ ហ្វឹកហាត់ជំនាញបច្ចេកទេសបន្ថែម ដើម្បីទ្រោលសភាពការណ៍ និងដើម្បីឲ្យប្រាកដកាន់តែច្បាស់ ក្នុងកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពជូនប្រជាពលរដ្ឋ។ លោកឧត្តមេសនីយ៍ស្នងការ មានប្រសាសន៍បន្ថែមថា បដិវត្តពណ៌ បានបំផ្លាញសុខសន្តិភាពប្រទេសផ្សេងៗជាច្រើនមកហើយ ដូច្នេះនៅកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ប្រមុខរាជរដ្ឋាភិបាលស្របច្បាប់ ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនជាប្រធានដ៏ខ្ពង់ខ្ពស់នោះ មិនចាញ់បោកកលល្បិចរបស់ជនណាឡើយ ហើយបើមានក្តិបបដិវត្តពណ៌មួយ ដាច់ខាតត្រូវតែកម្ទេចមួយ។ ស្នងការនគរបាលខេត្ត នឹងប្រើប្រាស់កម្លាំងឲ្យអស់ មានជាង១០០០នាក់ គឺប្រើទាំងជាង១០០០នាក់ ។
លោកឧត្តមសេនីយ៍ស្នងការក៏បានបញ្ជាក់ថា “ទម្រាំមានសន្តិភាពដូចសព្វថ្ងៃនេះ ប្រមុខរាជរដ្ឋាភិបាល បានយកសាច់ស្រស់ឈាមស្រស់ទៅប្តូរដែលជាតម្លៃមិនអាចកាត់ថ្លៃបាន ដូច្នេះបើមានអ្វីក៏ដោយ ដែលបង្កចលាចលអ្វីក៏ដោយឲ្យតែបណ្តាលឲ្យប៉ះពាល់ដល់សន្តិភាព រំខានដល់សេចក្តីសុខ សុវត្ថិភាពរបស់ប្រជាពលរដ្ឋ រស់នៅ គឺយើងទាំងអស់គ្នាជាកងកម្លាំងប្រដាប់អាវុធត្រូវតែបង្ក្រាប កម្ទេចចោលជាដាច់ខាត។ ខ្ញុំជឿជាក់លើបងប្អូននៅទីនេះមិនត្រូវចាញ់បោកឧបាយកល់ ណាមួយ ដែលជាអំពើរខុសច្បាប់ក្រោម ការញុះញុងរបស់ជនក្បត់ជាតិណាមួយនោះឡើយ”។
ក្នុងពិធីនោះដែរ លោកឧត្តមសេនីយ៍ស្នងការ បានថ្លែងអំណគុណ ដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ បងប្អូនប្រជាពលរដ្ឋ អ្នករកទទួលទានអ្នកវិនិយោគជាតិ និងអន្តរជាតិ ដែលបានសួរសុខទុក្ខព្រួយបារម្មណ៍អំពីសុខភាពរបស់លោក ដូច្នេះជាកិច្ចឆ្លើយតបទឹកចិត្តរបស់ថ្នាក់ដឹកនាំ បងប្អូនទាំងអស់ លោកឧត្តមសេនីយ៍ស្នងការ នឹងខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព បម្រើដ៏ស្មោះស្ម័គ្រដើម្បីរក្សាសន្តិភាព សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ជាពិសេសខេត្តព្រះសីហនុទាំងមូល៕