ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកស្រា​វជ្រាវកំណាយរកឃើញផូស៊ីលដើមឈើប្រវែង១៤ម៉ែត្រ នៅក្នុងតំបន់ការពារធម្មជាតិក្នុងខេត្តរតនគិរី

68

 

ខេត្តរតនគិរី៖ អ្នកស្រាវជ្រាវ​បុរាណ​វិទ្យា​ នៅថ្ងៃពុធ ទី៣០ ខែតុលា ឆ្នាំ២០១៩ បានធ្វើកំណាយ រកឃើញផូស៊ីលដើមឈើ បានប្រវែង១៤ម៉ែត្ររួចហើយនៅលើទីតាំងគម្រោងស្រាវជ្រាវ​ក្នុងដែនជម្រកសត្វព្រៃលំផាត់​ ក្នុងស្រុកលំផាត់​ ខេត្ត​រតនគីរី​។ នេះបើតាមការផ្សព្វផ្សាយព័ត៌មាន របស់ក្រសួងបរិស្ថាន កាលពីថ្ងៃទី៣០ខែតុលា។

លោក លឹម វណ្ណច័ន្ទ ប្រធានការិយាល័យបេតិកភណ្ឌវប្បធម៌ នាយកដ្ឋានបេតិកភណ្ឌធម្មជាតិ អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន ក្រសួងបរិស្ថាន បានឱ្យដឹងថា ក្រុមការងារជំនាញក្រសួងបរិស្ថាន អ្នកបច្ចេកទេសមកពីរាជបណ្ឌិត្យសភាកម្ពុជា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អ្នកស្រាវជ្រាវអំពីសត្វ អ្នកធរណីវិទ្យា និងក្រុមការងារស្ម័គ្រចិត្ត នឹងបន្ត​ធ្វើកំណាយសិក្សាស្រាវជ្រាវ លើផូស៊ីលដើមឈើ រយ:ពេល​ ១សប្តាហ៍​កន្លងមកហើយ។​ នៅពេល​នេះ​ ក្រុម​ការងារ​បន្ត​កំណាយ​ លើទីតាំងបន្ថែម​ទៀត ​ព្រោះ​អ្នកស្រាវជ្រាវ​ បានរកឃើញសំណាកមានមែកឈើ និងសង្ស័យមានដើមឈើថ្មនេះហាក់ជាដួលសង្កត់​លើដើមឈើ។ លោក​ លឹម​ វណ្ណច័ន្ទ​ បានបន្តថា នេះជាគម្រោងស្រាវជ្រាវជាប្រវត្តិសាស្រ្តលើកទី១ លើផូស៊ីលឈើនៅព្រះរាជាណាចក្រកម្ពុជា ដោយអ្នកជំនាញពាក់ព័ន្ធបុរាណវិទ្យា ហើយគម្រោងនេះ បានទទួលការគាំទ្រផ្តួចផ្តើមដោយ​ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងមានសហការពីអាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់នៃខេត្តរតនគិរី មន្ទីរបរិស្ថានខេត្ត មន្រ្តីឧទ្យានុរក្ស កងកម្លាំងប្រដាប់អាវុធ និងប្រជាសហគមន៍ តំបន់ការពារធម្មជាតិវាលកំបោរ។

លោក លឹម​ វណ្ណច័ន្ទ បានបញ្ជាក់ដែរថា គោលបំណងនៃការធ្វើកំណាយ សិក្សា​ស្រាវជ្រាវនេះ នឹងប្រមូលទិន្នន័យ និងសំណាកសម្រាប់ចងក្រងជាឯកសារ វប្បធម៌ប្រវត្តិសាស្រ្តមួយ នៅកម្ពុជា។

លោក​ សៀង​ សុថា​ អតីតប្រធាននាយកដ្ឋានភូគព្ភសាស្រ្តក្រសួង​រ៉ែ​ និង​ថាមពល​ បាន​ចូល​រួម​ដោយ​ស្ម័គ្រ​ចិត្ត ​ជាមួយ​ក្រុម​ការងារ​ដោយ​យល់​ថា ជាគម្រោងមានសារសំខាន់ សម្រាប់ការស្រាវជ្រាវរកឃើញផូស៊ីលឈើថ្ម​ ដែលអាចកើតឡើងមានអាយុរាប់លានឆ្នាំ​។ លោក​ជំនាញផ្នែកដីនេះ បានបញ្ជាក់​ ការរកឃើញថ្មីនេះ ជាប្រយោជន៍សំខាន់ នៃការសិក្សាស្រាវជ្រាវ របស់ជំនាន់ក្រោយ​ និង​បង្ហាញពីការ​វិវត្តន៍​ថ្មី ​នៃការស្រាវជ្រាវរបស់កម្ពុជាលើកំណាយសិក្សាលើផូស៊ីលឈើ​។

សូមបញ្ជាក់ថា ក្រុមការងារស្រាវជ្រាវលើផូស៊ីលដើមឈើ បានចាប់ផ្តើមគម្រោងរបស់ខ្លួន ពីថ្ងៃ២២ ខែតុលា ហើយបន្តដល់ថ្ងៃ១០ ខែវិច្ឆិកា ឆ្នាំ២០១៩។ ក្រុមការងារ កំពុងបន្តពិនិត្យទីតាំងផូស៊ីលឈើ ចំនួន១៨កន្លែង​ផ្សេង​ទៀត ក្បែរនោះ ​សង្ស័យមាននៅក្នុងដែនជម្រកសត្វព្រៃលំផាត់។

លោក​ ផុន​ ខេមរិន្ទ​ ប្រធាន​មន្ទីរបរិស្ថានខេត្តរតនគិរី​ បានបង្ហាញសេចក្តីសង្ឃឹមថា តំបន់នេះ នឹងអាចប្រែក្លាយជាតំបន់ទេសចរណ៍ធម្មជាតិ ជាទីតាំងទាក់ទាញការសិក្សាស្រាវជ្រាវបន្ថែម ដល់សិស្ស និស្សិត ដែលអាចជាប្រយោជន៍ នៃលើកកម្ពស់ការថែរក្សាធនធានធម្មជាតិ និងបង្កើនជីវភាពប្រជាពលរដ្ឋ នៅក្នុងសហគមន៍។​ លោកនឹង​រៀបចំបង្កើតជាស្នាក់ការនៃតំបន់ការពារធម្មជាតិ​ ដើម្បីការពារតំបន់កំណាយផងដែរ៕

អត្ថបទដែលជាប់ទាក់ទង