ក្រុមសមត្ថកិច្ចចម្រុះ រកឃើញសពនារីអង់គ្លេស នៅម្ដុំកោះឆ្លាម
ព្រះសីហនុ៖ នារីជនជាតិអង់គ្លេសម្នាក់ ដែលបានបាត់ខ្លូនរយៈពេល ៨ថ្ងៃមកហើយនោះ ត្រូវបានសមត្ថកិច្ចរកឃើញសពរបស់នាង
ដោយអណ្ដែតរហូតទៅដល់ខេត្តកោះកុង ជាប់ព្រំដែនទឹកប្រទេសថៃ ដែលមានចម្ងាយជាង ១០០គីឡូម៉ែត្រ ពីកោះរ៉ុង នារសៀលថ្ងៃទី៣១
ខែតុលា ឆ្នាំ២០១៩នេះ។
លោកឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន
នៃគណៈកម្មាធិការជាតិសន្តិសុខលំហរសមុទ្រ បានថ្លែងឲ្យដឹងថា សពនារីជនជាតិអង់គ្លេស ត្រូវបានរកឃើញនៅម្ដុំកោះឆ្លាម
ក្នុងខេត្តកោះកុង ហើយនៅពេលនេះ កម្លាំងរបស់លោកកំពុងតែនាំសពរបស់នាងមកលើគោក ដើម្បីធ្វើកោសល្យវិច័យបន្ថែមទៀត។
លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា តាមព័ត៌មានបឋមដែលលោកទទួលបាន
គឺពិតជារកឃើញសពរបស់នាង បានអណ្ដែតដល់ខេត្តកោះកុង ហើយពេលនេះកម្លាំងនគរបាល អាជ្ញាធរ បានទាក់ទងទៅខាងក្រុម
លំហរសមុទ្រ នាំយកសពរបស់នាងមកលើគោកវិញ។
លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា ការងារនេះ អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន បានយកចិត្តយ៉ាងខ្លាំង
និងបានចាត់ឲ្យទាំងអាជ្ញាធរ និងសមត្ថកិច្ចទាក់ទងអន្តរាគមន៍នាំយកសព របស់នាង មកលើគោកដើម្បីធ្វើកោសល្យវិច័យ
ព្រមទាំងចាត់ចែងប្រគល់ជូនក្រុមគ្រួសារ។
សូមបញ្ជាក់ថា នាង AMELIA LOUISE បានចេញពីក្រុងព្រះសីហនុ ឆ្ពោះទៅគោលដៅក្រុងកោះរ៉ុង នៅម៉ោង ៥ល្ងាចថ្ងៃទី១៩ ខែតុលា
ឆ្នាំ២០១៩ មកដល់កោះរ៉ុងនៅម៉ោង ៦ល្ងាច។
នាងបានចូលស្នាក់នៅផ្ទះសំណាក់ Ness Beach នៅម៉ោង៨៖១៥នាទីយប់ថ្ងៃខែឆ្នាំដដែល ក្នុងគោលបំណងទេសចរណ៍។ មុនបាត់ខ្លូន
គេបានប្រទះឃើញនារីនោះលើកចុងក្រោយ នៅម៉ោង៣៖៣០ទៀបភ្លឺ ឈានចូលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ ក្នុងពិធីជប់លៀងមួយ
នៅឆ្នេរកោះរ៉ុង (Police Beach) ក្រោយមកក៏បាត់ដំណឹងតែម្តង។ រហូតមកដល់ពេលនេះ ការស្លាប់របស់នាង AMELIA LOUISE
មិនទាន់មានការបញ្ជាក់នៅឡើយទេ រង់ចាំការធ្វើកោសល្យវិច័យសិន។ នាង AMELIA LOUISE បានចេញពីវៀតណាម
កាលពីអំឡុងថ្ងៃទី១៥-១៦ ខែតុលា ឆ្នាំ២០១៩ មកប្រទេសកម្ពុជាតាមច្រកទ្វារបាវិត និងបន្តធ្វើដំណើរទៅកាន់ខេត្តព្រះសីហនុ
រហូតបាត់ខ្លួននៅព្រឹកទៀបភ្លឺ ថ្ងៃទី២៤ ខែតុលា ពេលដែលនាងជាមួយមិត្តភក្តិទើបស្គាល់គ្នាជិត ១០នាក់ រៀបចំកម្មវិធីមួយមានឈ្មោះថាចាំមើលថ្ងៃរះ នៅលើកោះរ៉ុង។
ឧកញ៉ា ទៀ វិចិត្រ បានសរសេរលើហ្វេសប៊ុកនៅរសៀលថ្ងៃទី៣១តុលានេះថា “រកឃើញហើយ !! ទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ សហការជាមួយនឹងក្រុមហ៊ុន ជី ធី វី ស៊ី ស្ពីតប៊ូត កម្ពុជា បានស្វែងរកស្រ្ដីជនជាតិអង់គ្លេស ដែលមានឈ្មោះ Amelia Bambridge អស់រយៈពេល7ថ្ងៃ មកដល់ថ្ងៃ31 ខែតុលា ឆ្នាំ2019នេះ បានជួបប្រទះឃើញសាកសព ស្រ្ដីរងគ្រោះអណ្ដែតនៅលើផ្ទៃសមុទ្រនៅចំណុច ( ខន ដរ ) ក្បែរព្រំដែនសមុទ្រកម្ពុជា ថៃ N10°47.691
E102°26.645 ខ្ញុំសូមចូលរួមរំលែកទុក្ខដល់គ្រួសារនៃសពផង…”។