ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជា និងវៀតណាម នឹង​រៀប​ចំ​សមយុទ្ធ​ សង្គ្រោះ ពេលមានគ្រោះមហន្ត​រាយនៅតាមបណ្តោយព្រំដែន​

177

ភ្នំពេញ៖ នៅ​ព្រឹក​ថ្ងៃព្រហស្សតិ៍ ​ទី៣១ ខែតុលា ឆ្នាំ​២០១៩​នេះ ​នាយឧត្តម​សេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ​​ នៃកងយោធពលខេមរភូមិន្ទ​ ​បានអ​នុញ្ញាត​ឱ្យ​ លោក ឧត្តមសេនីយ៍ឯកបម្រុង​ ផាន វ៉ាន់ហ្សាង (Phan Van Giang) អនុរដ្ឋមន្ត្រី​ក្រសួង​​ការ​​ពារ​ប្រទេស​ និង​ជា​ប្រធាន​អគ្គសេនា​​​ធិការ​ នៃ​កង​ទ័ព​ប្រជាជន​​​វៀត​​ណាម​ ចូល​ជួប​សំ​ដែង​ការ​​គួ​រ​សម​ និង​ប្រជុំ​ពិភាក្សា​ការ​ងារ​​​​ទ្វេភាគី ​នៅ​សាលសវនាការរបស់​​​អគ្គ​បញ្ជាកា​រដ្ឋាន ​នា​ទីក្រុងភ្នំពេញ។

​ ក្នុងជំនួប និងកិច្ចប្រជុំពិភាក្សាការងារ​​នា​​ពេ​ល​នោះ លោកផាន់ វ៉ាន់ហ្សាង បានពាំនាំពាក្យផ្ដាំផ្ញើសួរសុខទុក្ខ ​ពី​ថ្នាក់ដឹកនាំក្រសួងការពា​រ​ប្រ​ទេស ​និង​អគ្គសេនាធិការ​ក​ងទ័ព​ប្រជាជ​ន​វៀតណាម ពិសេស​នាយករដ្ឋមន្ត្រីវៀតណា​ម​ ជូនចំពោះ លោក នាយ​ឧ​ត្តមសេនីយ៍​ អគ្គមេបញ្ជាការ​​ រួម​នឹង​ថ្នា​ក់​​​ដឹ​ក​​នាំ​ទាំង​អស់​ ក្នុង​កងយោធពលខេម​រ​ភូមិន្ទ ក្នុងដំណើរ​ទស្សន​កិច្ច​​រ​បស់​​លោក ​រួម​និង​សមាជិក​ប្រតិភូយោធា​ជា​ន់ខ្ពស់ អគ្គសេនាធិការកងទ័ព​ប្រ​​ជា​​ជ​ន​វៀត​ណាម​ មក​កាន់​កម្ពុជា​លើ​ក​​នេះ​​ផង​ដែរ​។​ លោក ឧត្ដមសេនីយ៍​ឯក​បម្រុង ​ផាន ​វ៉ា​ន់​ហ្សាង ក៏​បាន​សម្ដែង​នូវ​អំ​ណ​រគុណ ​ជាអនេក​ចំ​ពោះ ​លោក នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ រួមនិងថ្នាក់​ដឹ​កនាំទាំ​ងអ​ស់ ​របស់​កងយោ​ធ​ពលខេ​មរភូមិន្ទ ចំពោះការទទួលស្វា​គ​មន៍ និងធ្វើបដិសណ្ឋារកិច្ចចំ​ពោះ​ប្រតិ​ភូប្រកប​​ដោយ​ភាព​រាក់​ទាក់ ​ស្និ​ទ្ធស្នាល កក់ក្តៅបំផុត សម្រាប់ដំណើរទស្សនកិច្ចរបស់​​លោក​ រួមនិង​សមាជិក​ប្រតិភូ​អគ្គសេនា​​ធិ​ការ​​កង​​ទ័ព​​ប្រ​ជាជន​វៀត​ណាម​ មក​កា​ន់​​កម្ពុ​ជា​លើក​នេះ។ ឧត្តមសេនីយ៍​ឯក​បម្រុង ​ផាន វ៉ាន់ហ្សាង បាន​បញ្ជាក់​ថា​៖ កិច្ចសហប្រតិបត្តិការ ​រ​វាងក្រ​សួង​ការពា​រជាតិ​ទាំង​ពីរ​ គឺបានប្រព្រឹត្តទៅយ៉ាងល្អប្រសើរ ​លើ​ការពង្រឹង​ពង្រីក​ចំណ​ង​​ទាក់​ទង​ នៃការរឹតចំណងសាម​គ្គី​ភាព​ មិត្តភាព កិច្ចសហ​ប្រតិ​បត្តិការ រវាងកងទ័ព និងប្រជា​ជន​ប្រទេស​​​ទាំង​ពីរ​ ពិសេស​លើ​ការ​រៀបចំឲ្យ​មា​នការ​ធ្វើសមយុ​ទ្ធរួ​មគ្នា លើប្រធានបទសង្គ្រោះគ្រោះមហ​ន្ត​រាយ​​ និង​មនុស្សធម៌ សំដៅត្រៀមជាស្រេច ​ពេលមានគ្រោះមហន្តរាយកើតឡើងជាយថា​ហេតុ​ នៅតាមបណ្ដោយព្រំ​ដែ​ន​ នៃ​ប្រទេសទាំងពីរ ​ដែល​សម​យុទ្ធ​នោះ ​នឹង​ប្រព្រឹត្តទៅនៅក្នុងខែធ្នូ ​ឆ្នាំ​២០១៩ខាងមុខ។ លោក បាន​ថ្លែង​ថា​៖ ការថែរក្សាសន្តិសុខ និងស​ណ្ដា​ប់ធ្នាប់ តាមបណ្តោយព្រំ​ដែន និងការស្វែងរកអដ្ឋិធា​តុ រួមជា​មួយ​នឹង​ការ​ហ្វឹកហាត់បណ្ដុះបណ្ដាលនាយទាហាន គឺជាប្រការសំខាន់ចាំបាច់បំផុត ដែលកងទ័ពប្រទេសយើងទាំងពីរ​ត្រូវ​​​តែផ្ដល់​កិច្ចស​ហការ ជួយគ្នាដូចដែលប្រទេសយើង​ទាំ​ងពីរ​ធ្លាប់បា​ន​ធ្វើកន្លងមក ទៅតាមកិច្ចព្រមព្រៀង​របស់​ក្រសួង​​​ការ​ពារ​ប្រទេស​ នៃ​ប្រទេស​ទាំង​ពីរ​​​។

លោក នាយឧត្តមសេ​នីយ៍ វង្ស ពិសេន ជំនួសមុខឲ្យថ្នាក់ដឹកនាំ​ក្រសួង​ការ​​ពា​រ​​ជាតិ​ ពិសេស​កងយោធ​ពល​ខេម​​​រភូមិន្ទ​ បាន​សំ​ដែងនូវ​​ការ​​ស្វាគមន៍​ នឹង​បាន​ថ្លែងអំណរគុណ​​ ចំពោះការផ្ដាំផ្ញើសួរសុខទុក្ខផងដែ​រ​ របស់​ថ្នាក់​ដឹក​នាំក្រសួង​កា​រពារ​ប្រទេ​ស និងអគ្គសេនាធិការកងទ័ពប្រ​ជា​ជនវៀ​តណាម ដ​ល់ថ្នាក់​ដឹកនាំ​កង​​ទ័ព​កម្ពុជា​។ ជា​មួយ​នេះ ​លោក អគ្គមេបញ្ជាការ នៃកង​យោ​ធពល​ខេមរ​ភូមិន្ទ ក៏បានសំដែងនូវការរីករាយផង​ដែ​រ ជាមួយនឹងទំនាក់ទំនងកាន់តែ​ជិ​ត​ស្និទ្ធ រវាងកងទ័ពទាំងពីរ​ក​ន្លង​មក ដែលទំនាក់ទំនងទាំងនោះ​ ​បាន​នាំមក​នូវ​ផល​​​ប្រយោជន៍​ ជូនដល់ប្រជាជន ជាពិសេសប្រជាជនដែលកំពុងតែរ​ស់​នៅតា​មព្រំ​​ដែន។ ចំពោះការ​រៀប​ចំ​សមយុទ្ធ​ ​សង្គ្រោះ ពេលមានគ្រោះមហន្តរាយ លោក អគ្គមេបញ្ជាការ បានមានប្រសាសន៍ថា៖ នេះជា​កា​រ​អនុវ​ត្ត​មួយ​ ដែលផ្ដល់នូវផលប្រយោជន៍​​​ដល់​​ប្រជាជ​ន​​ទាំង​ពីរ​ នៅ​ពេលដែលមានគ្រោះមហន្តរា​យ​ ជាពិសេស​នៅ​ពេលដែលមាន​ភ្លើ​ង​ឆេះព្រៃ​ និងមានខ្យល់ព្យុះ ទឹក​ជំន​ន់ជាដើម។ លោក បន្តថា៖ ភ្លើងឆេះព្រៃ ​វា​មិន​ស្គាល់​ព្រំ​ដែន​ទេ ​ដូច្នេះការអនុវត្តស​ម​យុទ្ធនេះ​ ត្រូវតម្រូវអោយកងទ័ព​ក​ម្ពុជា ​អាច​ចូលទៅក្នុងទឹក​ដី​​វៀ​ត​ណាម​ ហើយ​កងទ័ពវៀតណាម ក៏អាច​​ចូលម​កក្នុងទឹកដីកម្ពុជា​ តាមប​ណ្ដោយ​ព្រំ​​ដែន​ ដែល​មាន​​​បញ្ហា​ទាំង​នោះ ។ ដើម្បីជៀសវាងដល់ការយ​ល់​ច្រ​ឡំ និងអោយមានការយល់ដឹងទូលំទូលាយផង​នោះ​ លោ​កអ​គ្គមេ​បញ្ជាការ បានផ្តល់អនុសាសន៍ថា៖ ឲ្យមានសកម្មភាពមនុស្សធម៌​ ​​ជាមួយគ្នា​ក្នុង​សម​​យុ​ទ្ធ​នោះ ​គឺភា​គីកម្ពុជា​ អាច​ចូល​ទៅ​ជួយ​សង្គ្រោះ​​​ ព្យាបាល​ប្រជាជន​វៀត​ណាម​​ ហើយ​​ភាគី​​វៀតណាម​ អាចចូលមកជួយសង្គ្រោះ និ​ង​ជួយព្យាបាលប្រ​ជា​ជន​​ក​ម្ពុ​ជា​ ដើម្បីត្រៀមនៅពេលមានគ្រោះម​ហ​ន្តរា​យ​ ហើយក៏អាចជំរុ​ញ​ឲ្យមាន កម្មវិធីដូចជាកីឡា សិល្បៈរួមគ្នា​ផង​ដែ​រ​​។​ សំខាន់ជាងនេះទៀតធ្វើយ៉ាងណាប​ន្ត​កិច្ច​សហប្រ​តិបត្តិ​ការ​ដែលមានស្រាប់ និងជំរុញបង្កលក្ខណៈ ​ធ្វើ​​យ៉ាងណាឲ្យប្រជាជនទាំងពីរ​ប្រ​ទេ​ស អាចប្រកបអាជីវកម្មតាមព្រំ​ដែន​​បា​ន​​ដោយ​​ងាយ​​ស្រួ​ល។​ លោក វង្ស ពិសេន ក៏បានសម្ដែងនូវអំ​ណ​រគុណ​ផងដែរ ចំពោះរដ្ឋាភិបាល កងទ័ព និងប្រជាជនវៀតណា​ម​ ដែលរហូត​មក​ តែងតែបានផ្តល់កា​រ​គាំ​ទ្រទាំ​ងស្មារតី សម្ភារៈ ចំពោះគោលនយោបាយដឹក​នាំ​ប្រ​ទេស របស់ប្រមុខរា​ជ​រដ្ឋា​​​ភិ​បាល​កម្ពុជា ពិសេសបានផ្ដល់នូវកិច្ច​ស​ហកា​រដ៏ល្អ ក្នុងការផ្តល់ព័ត៌មានពីគ្នាទៅ​វិ​ញទៅ​មក ក្នុងការចូលរួម​ទប់​​ស្កា​ត់​ រាល់បទល្មើសឆ្លងដែនខុ​ស​ច្បា​ប់ ឧក្រិដ្ឋកម្មឆ្ល​ង​ដែន បទល្មើសព្រៃឈើ បទល្មើសគ្រឿងញៀនឆ្លង​​ដែ​ន​ ពិសេស​ក្នុងពេលកន្លងមក​បា​ន​ផ្ដល់នូ​វកិច្ច​គាំទ្រ​ស​ហប្រតិបត្តិការ ពិសេស​ក្នុងការមិនផ្ដល់ទឹ​ក​ដី និងអនុញ្ញាត​ឲ្យ​ដ​ល់​​ក្រុ​មប្រជា​ធិបតេ​យ្យក្លែ​ងក្លាយ ដែលតែងតែប្រឆាំង នឹងការ​ដឹក​នាំប្រ​ទេសរប​ស់រាជ​រដ្ឋាភិ​បាលកម្ពុ​ជា​​កន្លង​ម​ក ក្នុង​ការបង្ក​ភា​ពវឹកវរ ចលាចល នាំនូវគ្រោះមហន្តរាយ ​នៅ​ភ្លើងសង្គ្រាម ដើម្បីប្រ​ឆាំ​ងជា​​មួយ​​នឹង​​កម្ពុជា​។

តាមរយៈនៃដំ​ណើ​រទៅ​ទស្សន​កិច្ច​ផ្លូវការ និងមិត្តភាព របស់ លោក ឧត្ដមសេនីយ៍ឯកបម្រុង ​ផា​ន វ៉ាន់ហ្សាង រួមនឹងសមាជិកប្រតិភូ​នៅ​លើទឹ​កដីក​ម្ពុ​ជាលើនេះ លោកវង្ស ពិសេន បានស្មើដល់លោក អនុរដ្ឋមន្ត្រីការពារប្រទេស​ ​និងជាប្រធានអគ្គសេនាធិការក​ង​ទ័ព​ប្រជាជ​នវៀ​តណាម ឲ្យបន្តជួយបណ្ដុះបណ្ដាល​ធន​​​ធាន​​មនុស្ស​​​ដល់​កង​យោធពលខេមរភូ​មិ​ន្ទប​ន្តទៀត និងជួយផ្ដល់នៃការសាងសង់អាគា​រ​សាល​ប្រជុំ​មួយ​កន្លែ​ង​ ដែលអាចចំណុះមនុស្សបា​ន​ចំ​នួន ៥០០ នាក់ នៅក្នុងអគ្គបញ្ជាការដ្ឋាន​ ​រួមនឹងការកសាងនូវសំ​ណ​ង់និ​មិត្ត​រូប​ នៃការរឹតចំណងសា​ម​គ្គី​ភាព មិត្តភាព រវាងប្រទេសទាំង​ពី​រ នៅតាមបណ្ដាខេ​ត្ត​ជាប់​ព្រំ​​ដែន​ផងដែរ។ ជា​ការ​ឆ្លើយតប លោក ឧត្តមសេនីយ៍ឯកប​ម្រុ​ង ផាន វ៉ាន់ហ្សាង បានទទួលយក ​នូ​វរាល់សំណើរបស់ភាគីអគ្គ​​មេ​​​បញ្ជាការ​ នៃកងយោធពលខេ​ម​រ​ភូមិន្ទ ដើម្បីរាយការណ៍ជូនថ្នាក់ដឹក​នាំ​ក្រ​សួងកា​រពារ​ប្រទេស​វៀត​ណា​ម ក្នុង​ការ​ពិនិ​ត្យ​ នឹងផ្តល់លទ្ធភាព ដោះស្រាយជូនដល់ភាគី​មិ​ត្ត នៅពេលដែលលោក និង គណ:ប្រតិភូ និវត្តន៍​ទៅ​​ដល់​​ប្រទេសវៀតណាម​វិ​ញ៕

អត្ថបទដែលជាប់ទាក់ទង