ស្រ្តីម្នាក់មានទម្ងន់២ខែចុកពោះ បណ្តាលឲ្យស្លាប់អាចសង្ស័យកូនក្រៅស្បូន
កណ្តាល៖នគរបាលក្រុងតាខ្មៅបានរាយការណ៍ពីករណីមនុស្សស្លាប់ហើយបើតាមការពិនិត្យរបស់សមត្ថកិច្ចជំនាញនិងលោកគ្រូអ្នកគ្រូពេទ្យកោសល្យវិច័យមន្ទីរពេទ្យបង្អែកជ័យជំនះខេត្តកណ្តាលស្រ្តីរងគ្រោះស្លាប់ដោយសារចុកពោះបណ្តាលឲ្យស្លាប់(អាចកូនក្រៅស្បូន)។
ហេតុការណ៍នេះកើតហេតុថ្ងៃទី៣១.១០.២០១៩វេលាម៉ោង៨:៤៥នាទីនៅចំណុចកើតហេតុផ្ទះជនរងគ្រោះភូមិលេខ១(ក) សង្កាត់ស្វាយរលំក្រុងតាខ្មៅខេត្តកណ្តាល។
ជនរងគ្រោះឈ្មោះគុណស្រីការភេទស្រីអាយុ១៩ឆ្នាំមុខរបរកម្មការនីជនជាតិខ្មែរទីកន្លែងស្នាក់នៅភូមិលេខ១កសង្កាត់ស្វាយរលំក្រុងតាខ្មៅខេត្តកណ្តាល។
សភាពរឿងហេតុ៖តាមការបំភ្លឺរបស់ក្រុមគ្រួសារជនរងគ្រោះបានឲ្យដឹងថានៅថ្ងៃទី២៨.១០.២០១៩វេលាម៉ោង១៩:០០នាទីជនរង
គ្រោះបានទៅជាមួយសង្សារដែលរស់នៅជាមួយគ្នាដូចប្តីដោយប្រាប់អ្នកផ្ទះថាទៅមន្ទីរពេទ្យជនរងគ្រោះមានទម្ងន់២ខែហើយដោយទៅបាត់មិនឃើញមកវិញ។លុះដល់ថ្ងៃទី៣០.១០.២០១៩វេលាម៉ោង២០:០០នាទីឃើញជនរងគ្រោះត្រឡប់មកផ្ទះវិញដោយប្រាប់ប្អូនថាចុកពោះណាស់រួចបានឲ្យប្រេងខ្យល់លាបពោះបន្ទាប់មកជនរងគ្រោះបានរាងធូរ។ ដល់ថ្ងៃទី៣១.១០.២០១៩វេលាម៉ោង៥:០០នាទីជនរងគ្រោះនិយាយថាចុកពោះណាស់ក៏បានដេកខាងក្រៅបន្ទប់ជាមួយប្អូន។រហូតដល់ម៉ោង៧:០០នាទីព្រឹកក៏ឃើញជនរងគ្រោះវារទៅដេកក្នុងបន្ទប់វិញប្រហែលមួយសន្ទុះក្រោយមកក៏បានដាស់ជនរងគ្រោះឲ្យហូបបាយស្រាប់តែជនរងគ្រោះមិនមាត់ទើបនាំគ្នាយកទឹកជូតមុខនិងអង្រួនជនរងគ្រោះឲ្យដឹងខ្លួនប៉ុន្តែជនរងគ្រោះមិនដឹងខ្លួនទើបដឹងថាជនរងគ្រោះបានស្លាប់បាត់ទៅ
ហើយ។បន្ទាប់មកបានរាយការណ៍ជូនសមត្ថកិច្ចចុះធ្វើការពិនិត្យ។
សមត្ថកិច្ចជំនាញបច្ចេកទេសខេត្តកណ្តាលផ្នែកជំនាញពិនិត្យវិភាគកន្លែងកើតហេតុក្រុងតាខ្មៅប៉ុស្តិ៍រដ្ឋបាលគ្រូពេទ្យអាជ្ញាធរឃើញថាសាកសពពុំមានស្លាកស្នាមអ្វីគួរឱ្យកត់សំគាល់ទេ។
សមត្ថកិច្ចបានធ្វើការសន្និដ្ឋាន៖តាមការពិនិត្យរបស់សមត្ថកិច្ចជំនាញនិងលោកគ្រូអ្នកគ្រូពេទ្យកោសល្យវិច័យមន្ទីរពេទ្យបង្អែកជ័យជំនះខេត្តកណ្តាលជនរងគ្រោះស្លាប់ដោយសារចុកពោះបណ្តាលឲ្យស្លាប់(អាចកូនក្រៅស្បូន)៕