ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចោទប្រកាន់ និងឃុំខ្លួន លើបុគ្គល ២រូប និងបក្ខពួក ពាក់ព័ន្ធក្នុ​ងកា​រប៉ុនប៉ង ធ្វើរដ្ឋប្រហារ ផ្ដួលរំលំរាជរដ្ឋាភិបាល

72

 

ភ្នំពេញ៖ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញសេចក្តីប្រកាសព័ត៌មាន ចុះថ្ងៃព្រហស្បតិ៍ ៤ ទី៣១ ខែតុលា ឆ្នាំ២០១៩ ស្តីពីការសម្រេចធ្វើការចោទប្រកាន់ លើបុគ្គល ២រូប និងបក្ខពួក ពាក់ព័ន្ធក្នុងការប៉ុនប៉ងធ្វើរដ្ឋប្រហារផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ តាមការដឹកនាំរបស់ទណ្ឌិត សម រង្ស៊ី។

លោក ធុយ វី ហៅ ធុយ ឬទ្ធី ជាសមាជិកក្រុមឧទ្ទាមខុសច្បាប់ សម សេរី ដែលត្រូវកងរាជអាវុធហត្ថចាប់ខ្លួននោះ ត្រូវបានលោកស្រី អ៊ុក រ៉េតគន្ធា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនដាក់ពន្ធនាគារព្រៃសជាបណ្តោះអាសន្នហើយ នៅរសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩នេះ។

ការសម្រេចនេះ បានធ្វើឡើងបន្ទាប់ពីលោក សេង គឹមឡាក់ ព្រះរាជអាជ្ញារង បានចោទប្រកាន់លើឈ្មោះ ធុយ វី ហៅ ធុយ ឬទ្ធី ពីបទ រួមគំនិតក្បត់។ នេះបើតាមការបញ្ជាក់របស់ លោក គុជ គឹមឡុង អ្នកនាំពាក្យស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សូមបញ្ជាក់ថា អ្នកពាក់ព័ន្ធនឹងការគាំទ្រឬចូលរួមអនុវត្តន៍ផែនការប៉ុនប៉ង ធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាល និងត្រូវប្រឈមនឹងការចោទប្រកាន់ បញ្ជូនទៅតុលាការ កាត់ទោសតាមច្បាប់ ពីបទ រួមគំនិតក្បត់ ដែលអាចមានទោសពី៥ទៅ២០ឆ្នាំ តាមមាត្រា ៤៥៣ នៃក្រមព្រហ្មទណ្ឌ លើកលែងតែអ្នកពាក់ព័ន្ធទាំងនោះ ចូលមកសារភាពទាន់ពេលវេលា ដែលអាចនឹងលើកលែងឲ្យរួចពីទោសតាមបញ្ញត្តិពិសេស នៃមាត្រា ៤៥៤ នៃក្រមព្រហ្មទណ្ឌ។
សូមរំលឹកថា កាលពីសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ សមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យម្នាក់ ទៅតុលាការពាក់ព័ន្ធករណីចូលរួម ក្នុងចលនាឧទ្ទាមខុសច្បាប់ដឹកនាំដោយឈ្មោះ សម សេរី ប្រឆាំងរាជរដ្ឋាភិបាលកម្ពុជា។

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជាក់ឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឹងម៉ាត់ របស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានយកចិត្តទុកដាក់ស្រាវជ្រាវករណីខាងលើ រហូតឈានដល់ការបង្ក្រាបបានជាក់ស្តែង។

ជនសង្ស័យឈ្មោះធុយ វី ហៅ ធុយ ឬទ្ធី ភេទប្រុស អាយុ៣០ឆ្នាំ មានស្រុកកំណើតនៅភូមិព្រៃទទឹង ឃុំភ្នំតូច ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ត្រូវកម្លាំងជំនាញនៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ស្រាវជ្រាវរហូតឈានដល់ធ្វើការឃាត់ខ្លួន នៅម៉ោង១១៖៣០នាទី ព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩ តាមដីកាបញ្ជាឲ្យចូលខ្លួន របស់តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ ធុយ វី ឬ ធុយ ឬទ្ធី នេះ បានចាកចេញទៅប្រទេសថៃ ដោយមានការផ្តួចផ្តើមពីឈ្មោះសម សេរី ជាមេចលនារណសិរ្សរំដោះជាតិខ្មែរ និង ជានាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលនិរទេសជាតិខ្មែរខុសច្បាប់ ហើយឈ្មោះ ធុយ វី ធ្លាប់ត្រូវបានតែងតាំង ជាអ្នកនាំពាក្យរបស់រណសិរ្សរំដោះជាតិខ្មែរ និងជារដ្ឋមន្រ្តីក្រសួងកសិកម្ម ក្នុងរដ្ឋាភិបាលនិរទេសខុសច្បាប់របស់ សម សេរី ផងដែរ។ នៅក្នុងឆ្នាំ២០១៩ ឈ្មោះធុយ វី ត្រូវបាន សម សេរី តែងតាំងទៅជាអនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងសាសនាវិញ។

ឈ្មោះ ធុយ វី បានបញ្ជាក់ថា រូបគេពិតជាបានចូលរួម ក្នុងសកម្មភាពរួមគំនិតក្បត់ជាមួយ ក្រុមឧទ្ទាម សម សេរី និងក្រុមអតីត CNRP ពិតប្រាកដមែន ក្នុងនោះរូបគេបានចូលរួម ក្នុងការប្រជុំទទួលផែនការនានា, រៀបចំឯកសារនិងសៀវភៅ ដែលមានខ្លឹមសារញុះញង់ បង្កឲ្យមានចលាចលក្នុងសង្គម និងបានធ្វើការផ្សព្វផ្សាយខ្លឹមសារ នយោបាយ និង ស្ថានភាពនៅក្នុងស្រុកខ្មែរ ដោយផ្តោតលើ ការរិះគន់វាយប្រហារដល់រដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន តាមរយៈប្រព័ន្ធបណ្តាញសង្គមហ្វេសប៊ុក។

នៅប្រទេសថៃ ឈ្មោះ ធុយ វី និងសកម្មជននៃរណសិរ្សរំដោះជាតិខ្មែរចំនួន៦៦នាក់ រួមនឹងសកម្មជនអតីត CNRP ប្រមាណ៥០០នាក់ មានទាំងមេដឹកនាំអតីត CNRP ប្រចាំនៅខេត្តសមុទ្រប្រាកាន ប្រទេសថៃ បានជួបជុំគ្នាដើម្បីរៀបចំផែនការ និងចាត់តាំងធ្វើសកមម្មភាព ដោយរួមទាំងការប្រមូលមូលនិធិរួមគ្នាជួយ ដល់ការធ្វើដំណើរវិលចូលស្រុករបស់ សម រង្ស៊ី នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ដើម្បីអនុវត្តផែនការធ្វើរដ្ឋប្រហារ។

បើតាមអាវុធហត្ថរាជធានីភ្នំពេញ ឈ្មោះ ធុយ វី បានឆ្លើយបន្ថែមថា ចំពោះគូកននិងបក្ខពួករបស់ខ្លួន គឺនៅប្រទេសថៃទាំងអស់ មិនមាននៅកម្ពុជានោះទេ ហើយរូបគេតែងលួចចេញចូលមកប្រទេសកម្ពុជា តាមស្ថានភាពជាក់ស្តែងដែលអាចចូលបាន នៅពេលដែលមានកិច្ចការត្រូវធ្វើ ដើម្បីយកទៅរាយការឱ្យ សម សេរី មុនពេលបង្ហោះតាមបណ្តាញសង្គម៕

អត្ថបទដែលជាប់ទាក់ទង