ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អង្គភាពប្រឆាំង​អំពើ​ពុក​រលួយ បង្ហាញឯកសារ៤ទំព័រ​ ករណី​ចោទ​លោក​ ងួន រតនៈ អភិបាល ខេត្តបាត់ដំប​ង តែង​​តាំ​ងសាច់ញាតិខុសលក្ខខណ្ឌ និងមិនត្រឹមត្រូវ

86

 

ភ្នំពេញ៖ អង្គភាពប្រឆាំង​អំពើ​ពុក​រលួយ បានបង្ហាញឯកសារមួយ ពាក់ព័ន្ធនឹងពាក្យប្តឹងនៅថ្ងៃទី ២ ខែកញ្ញា ឆ្នាំ២០១៩ បានឲ្យដឹងថា លោក ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ធ្វើការតែងតាំងសាច់ញាតិខុសលក្ខខណ្ឌ​ និ​ងមិនត្រឹមត្រូវ តាមតារាងព័ណ៌នាមុខដំណែង​។

ACU បានបញ្ជាក់ថា ការតែងតាំងសាច់ញាតិខុសលក្ខខណ្ឌ​ និ​ងមិនត្រឹមត្រូវតាមតារាងព័ណ៌នាមុខដំណែងដូច​ខាងក្រោម ៖

១. តែងតាំងប្រពន្ធឈ្មោះ ហុង ផានី ដែលមិនគ្រប់លក្ខខណ្ឌ និងមិនត្រឹមត្រូវតាមតារាងព័ណ៌នាមុខ
ដំណែងជាអនុប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបង ហើយការតែងតាំងនេះផ្ទុយនឹងអនុក្រឹត្យ១១៤
ចុះថ្ងៃទី ០៧ ខែ កញ្ញា ឆ្នាំ ២០១៥ នៅត្រង់មាត្រា៥ ចំណុចលេខ២ ត្រេទី២ បានសរសេរថា មន្ទីរ
ជំនាញរាជធានី ខេត្ត ត្រូវមានអនុប្រធានមន្ទីរសុខាភិបាលត្រឹម ០៣រូប តែមន្ទីរសុខាភិបាលខេត្តបាត់ដំបង
មានអនុប្រធានមន្ទីរសុខាភិបាលចំនួនដល់ទៅ ០៤រូប។
២.ជាងនេះទៀតក៏មានការតែងតាំងសាច់ញាតិជាច្រើនរបស់ខ្លួនផងដែរ ជាពិសេសក្នុងវិស័យដីធ្លីដូចជា៖
-តែងតាំងប្អូនប្រុសបង្កើតឈ្មោះ អួន វិបុល ជាអភិបាលរង នៃគណៈអភិបាលស្រុកបាណន់។
-តែងតាំងប្អូនជីដូនមួយឈ្មោះ ហូ លន់សីហា ជាប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម
សំណង់ និងភូមិបាលស្រុកបាណន់។
-តែងតាំងប្អូនជីដូនមួយឈ្មោះ រ៉ូ ជាប្រធានការិយាល័យរដ្ឋបាលនៅមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តបាត់ដំបង។
-តែងតាំងអតីតអ្នកបើករថយន្តជាបងប្អូនជីមួយឈ្មោះ ងួន សត្យា ជាបុគ្គលិកនៅមន្ទីររៀបចំដែនដី
នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបាត់ដំបង់។
-តែងតាំងប្អូនថ្លៃឈ្មោះ ទី គឹមហេង ជាប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់និងភូមិបាលក្រុងបាត់ដំបង។
-តែងតាំងប្អូនថ្លៃមិត្តភក្តិ (ទី គឹមហេង) ឈ្មោះ សយ សេវី ជាប្រធានការិយាល័យរៀបចំដែនដីនគរូបនីយកម្ម សំណង់ និងភូមិបាលស្រុកកំរៀង។

អ.ប.ព. បានលើកឡើងថា នៅថ្ងៃទី ២៥ ខែ កញ្ញា ឆ្នាំ ២០១៩ លោក ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បាន
បំភ្លឺមក អ.ប.ព. ដោយបានបដិសេធគ្រប់ចំណុចនៃការចោទប្រកាន់ខាងលើនេះ ដោយលោកបានលើកឡើងថា៖

១.ករណីប្រគល់ភារកិច្ចលោកស្រី ហុង ផានី ជាអនុប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបង គឺផ្អែកតាមលិខិតលេខ ២១០៤ សខ
-បប ចុះថ្ងៃទី ២២ ខែ តុលា ឆ្នាំ ២០១៨ របស់មន្ទីរសុខាភិបាលខេត្តបាត់ដំបង ស្ដីពីសំណើតែងតាំងមន្ត្រីរាជការចំនួន ០២រូប ជាអនុប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបង។ លោកស្រី ហុង ដានី (មានអតីតភាពការងារចំនួន ២៧ឆ្នាំ) ជាអនុប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបង ជំនួសលោកស្រី អ៊ូ វណ្ណដា អនុប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបង ដែលបានចូលនិវត្តន៍។ មន្ទីរសុខាភិបាលខេត្តបាត់ដំបង គឺមានអនុប្រធានមន្ទីរសុខាភិបាលចំនួន ០៣រូប សមស្របតាមអនុក្រឹត្យលេខ ១១៤ អនក្រ.បក របស់រាជរដ្ឋាភិបាល ស្តីពីការកំណត់រចនាសម្ព័ន្ធគ្រប់គ្រង និងមុខដំណែងក្នុងរចនាសម្ព័ន្ធនៃក្រសួង ស្ថាប័ន ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ ប៉ុន្តែដោយសារមន្ទីរ
សុខាភិបាលខេត្តបាត់ដំបង មានភាមេមាញឹក និងការងារទទួលខុសត្រូវច្រើន ក្នុងការបម្រើសេវាវិស័យសុខាភិបាល
ជូនប្រជាពលរដ្ឋក្នុងខេត្តឲ្យកាន់តែមានប្រសិទ្ធិភាព ទើបមន្ទីរសុខាភិបាលខេត្តបាត់ដំបង ស្នើសុំក្នុងអង្គប្រជុំគណៈ
អភិបាលខេត្ត ឲ្យលើកសំណើសុំគោលការណ៍ទៅរដ្ឋមន្ត្រីក្រសួងសុខាភិបាល ពិនិត្យ និងសម្រេចលើការស្នើសុំ
បើកប្រអប់មុខដំណែងអនុប្រធានមន្ទីរបន្ថែម ០១រូបទៀត ដោយធ្វើការតែងតាំងលោក ចេង លីស៊ុនឃាង (មានអតីត
ភាពការងារ ២៧ឆ្នាំ) ឲ្យកាន់មុខដំណែងជាអនុប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបង តាមរយៈលិខិតលេខ ១៥៨/១៩
លស ចុះថ្ងៃទី ១១ ខែ កុម្ភៈ ឆ្នាំ ២០១៩។ បន្ទាប់ពីមានគោលការណ៍ឯកភាពពីក្រសួងមុខងារសាធារណៈ និងដោយ
មានការជូនដំណឹងអំពីគោលការណ៍ឯកភាពរបស់ក្រសួងសុខាភិបាល រដ្ឋបាលខេត្តបាត់ដំបង បានចេញដីកាស្តីពីការ
តែងតាំង និងប្រគល់ភារកិច្ចជូនមន្ត្រី ០២រូប គឺលោកស្រី ហុង ដានី និងលោក ចេង លីស៊ុនឃាង ឲ្យកាន់មុខដំណែង
ជាអនុប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបង។ ដំណើរការនៃការតែងតាំងនេះ គឺធ្វើឡើងត្រឹមត្រូវ និងស្របតាមស្មារតី
ច្បាប់ និងគោលការណ៍បែបបទ និងនីតិវិធីជាធរមាន។
២.ចំពោះការតែងតាំងលោក ងូន វិបុល ជាអភិបាលរង នៃគណៈអភិបាលស្រុកបាណន់ គឺស្របតាមគោលការណ៍ បែបបទ និងនីតិវិធីរបស់ក្រសួងមហាផ្ទៃ ក្រោយមានការពិនិត្យ និងវាយតម្លៃពីគណៈអភិបាល លក្ខណៈ
សម្បត្តិក៏ដូចជាសមត្ថភាពចំណេះដឹង បទពិសោធន៍ អតីតភាពការងាររដ្ឋបាលខេត្តបានធ្វើសំណើសុំទៅក្រសួងមហាផ្ទៃពិនិត្យ និងសម្រេច ហើយក្រសួងមហាផ្ទៃបានសម្រេចតែងតាំងតាមរយៈប្រកាសលេខ ៤៦៩៣ប្រក ចុះថ្ងៃទី២៩ ខែ ឧសភា ឆ្នាំ ២០១៩។
៣. ការប្រគល់ភារកិច្ចលោក ហូរ លន់សីហា ជាប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់និងភូមិបាលស្រុកបាណន់ ដោយផ្អែកតាមលិខិតលេខ ០១២/១៧ សបណ ចុះថ្ងៃទី ១៣ ខែ កញ្ញា ឆ្នាំ ២០១៧
របស់រដ្ឋបាលស្រុកបាណន់ និងដោយមានចំណារឯកភាពបញ្ជូនលេខ១៤៥៩ ដនសស.ប ចុះថ្ងៃទី ១៤ ខែ កញ្ញាឆ្នាំ ២០១៧ របស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបាត់ដំបង។ តាមសំណើរដ្ឋបាលស្រុកបាណន់ និងការឯកភាពពីមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តបាត់ដំបង បានរៀបចំ
ប្រជុំគណៈអភិបាលស្រុកធ្វើការពិនិត្យពិភាក្សា និងវាយតម្លៃមន្ត្រីរាជការរួចមក អង្គប្រជុំគណៈអភិបាលស្រុកបាណន់
បានឯកភាពសម្រេចជ្រើសរើសយកបេក្ខជន ០១រូប គឺលោក ហូរ លន់សីហា ក្នុងចំណោមបេក្ខជនប្តូរផ្គង ០៤រូប
ដែលមានលក្ខណៈសម្បត្តិស័ក្តិសមជាងគេសម្រាប់មុខដំណែងជាប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម
សំណង់ និងភូមិបាល ស្រុកបាណន់។ បន្ទាប់ពីមានការឯកភាពគ្នា គណៈអភិបាលស្រុកបានលើកសំណើជូន
ប្រធានក្រុមប្រឹក្សាស្រុកបាណន់ ដើម្បីសុំការពិនិត្យ និងអនុម័តលើការស្នើសុំប្រគល់ភារកិច្ចលោក ហូរ លន់សីហា
ជាប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាល ស្រុកបាណន់។ ជាលទ្ធផលក្រុមប្រឹក្សា
ស្រុកបាណន់ បានបោះឆ្នោតអនុម័តគាំទ្រលើការស្នើសុំរបស់រដ្ឋបាលស្រុកបាណន់ និងបានលើកសំណើមក
រដ្ឋបាលខេត្តបាត់ដំបងតាមរយៈលិខិតលេខ ០១២/១៧ សបណ ចុះថ្ងៃទី ១៣ ខែ កញ្ញា ឆ្នាំ ២០១៧ ព្រមទាំងមាន
ចំណារឯកភាពបញ្ជូនលេខ ១៤៥៩ ដនសស.បប ចុះថ្ងៃទី ១៤ ខែ កញ្ញា ឆ្នាំ ២០១៧ របស់មន្ទីររៀបចំដែនដី នគរូប
នីយកម្ម សំណង់ និងសុរិយោដីខេត្តបាត់ដំបង ទើបរដ្ឋបាលខេត្តបាត់ដំបង បានឯកភាពគ្នានៅក្នុងអង្គប្រជុំគណៈ
អភិបាលខេត្តបាត់ដំបង លើការស្នើសុំប្រគល់ភារកិច្ចជូនលោក ហូរ លន់សីហា ជាប្រធានការិយាល័យរៀបចំដែនដី
នគរូបនីយកម្ម សំណង់ និងភូមិបាល ស្រុកបាណន់។ បន្ទាប់មក រដ្ឋបាលខេត្តបាត់ដំបង បានចេញដីកាប្រគល់ភារ
កិច្ចឲ្យលោក ហូរ លន់សីហា ជាប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលស្រុកបាណន់
តាមរយៈដីកាលេខ ០៦/១៧ ឯក.តត ចុះថ្ងៃទី ០៦ ខែ តុលា ឆ្នាំ ២០១៧ ហើយក្រសួងរៀបចំដែនដី នគរូបនីយកម្ម
និងសំណង់ បានឯកភាពផ្តល់នីត្យានុកូលភាពលើដីកាលេខ០៣៦/១៧ ដក.តត ចុះថ្ងៃទី ០៦ ខែ តុលា ឆ្នាំ ២០១៧
របស់រដ្ឋបាលខេត្តបាត់ដំបង។ ការតែងតាំងលោក ហូរ លន់សីហា គឺធ្វើឡើងមុនពេលដែលគាត់ (ងួន រតនៈ) កាន់
មុខដំណែងជាអភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង។
៤.តែងតាំងលោក រឿង ស៊ីណារ៉ូ ជាប្រធានការិយាល័យរដ្ឋបាលនៃមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តបាត់ដំបង ក្នុងឆ្នាំ ២០១៣ គឺធ្វើឡើងមុនពេលធ្វើប្រតិភូកម្មអំណាចរដ្ឋបាលថ្នាក់ក្រោម
ជាតិក្នុងការតែងតាំង និងការបញ្ចប់ភារកិច្ចមន្ត្រីរាជការស៊ីវិលបំពេញការងារថ្នាក់ក្រោមជាតិ ដែលការតែងតាំង
លោក លឿង ស៊ីណារ៉ូ នេះ ជាសមត្ថកិច្ចរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលបានតែងតាំង
តាមប្រកាសលេខ ១៤៤ ប្រកបុ ចុះថ្ងៃទី ២១ ខែ មិថុនា ឆ្នាំ ២០១៣ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង
សំណង់ មុនពេលដែលគាត់ (ងួន រតនៈ) ឡើងកាន់ដំណែងជាអភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង។
៥.ការបញ្ចូលលោក ងួន កិត្យ ក្នុងក្របខណ្ឌមន្ត្រីរាជការស៊ីវិលនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គឺផ្អែកលើលិខិតបទដ្ឋានគតិយុត្តិជាធរមាន និងបទបញ្ជាលេខ ០១ តាមគោលនយោបាយចាស់សកម្មភាពថ្មីលើវិស័យដីធ្លី ដោយមានការចូលរួមរបស់ក្រុមមន្ត្រីបច្ចេកទេសវាស់វែងដីធ្លី កម្លាំងជំនួយយុវជនស្ម័គ្រចិត្ត ដើម្បីវាស់
វែងដីធ្លីធ្វើប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ ក្នុងយុទ្ធនាការនៃការកែទម្រង់ស៊ីជម្រៅ ដើម្បីដោះស្រាយស្ថានភាពកាន់
កាប់ដីធ្លីមិនច្បាស់លាស់ ឬមិនទាន់ស្របច្បាប់របស់ប្រជាពលរដ្ឋឲ្យមកកាន់កាប់ច្បាស់លាស់ និងមានមូលដ្ឋានច្បាប់
រឹងមាំ។ រាជរដ្ឋាភិបាលក៏បានលើកទឹកចិត្តតាមរយៈការផ្តល់គ្រឿងឥស្សរិយយស ដំឡើងឋានន្តរស័ក្តិ រួមទាំងធ្វើ
សមាហរណកម្មឋាន្តរស័ក្តិ និងថ្នាក់ក្រុមមន្ត្រីទាំងនោះ ដោយក្នុងនោះក៏មានលោក អួន កិត្យា មន្ត្រីជាប់កិច្ចសន្យានៃ
មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុយោដីខេត្តបាត់ដំបង ក៏ត្រូវបានបញ្ចូលក្របខណ្ឌពិសេស តាមរយៈ
ប្រកាសលេខ ៣០៨ ដនស.ប្រក ចុះថ្ងៃទី ១៩ ខែ ធ្នូ ឆ្នាំ ២០១៦ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
៦.ចំពោះការតែងតាំងលោក ទី គឹមហេង ជាអនុប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់និងភូមិបាល តាមប្រកាសលេខ ០៧៩/ ប្រក. ចុះថ្ងៃទី ០៦ ខែ មីនា ឆ្នាំ ២០១៣ របស់ក្រសួងរៀបចំដែនដី នគរូប
នីយកម្ម និងសំណង់ តាំងពីមុនពេលមានការធ្វើប្រតិភូកម្មអំណាចដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ការតែងតាំងការផ្លាស់ប្តូរ និងការបញ្ចប់ភារកិច្ចមន្ត្រីរាជការស៊ីវិល ដែលបំពេញការងារថ្នាក់ក្រោមជាតិ។ ការតែងតាំងលោក ទី គឹមហេង
គឺនៅជាសមត្ថកិច្ចរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ហើយការតែងតាំងមុនពេលដែលគាត់
(ងួន រតនៈ) ឡើងកាន់ដំណែងជាអភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង។
៧.ចំពោះការតែងតាំងលោក សូយ សេរី ជាប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាល ស្រុកកំរៀង ជំនួសលោក ខឹម អ៊ីន ដែលត្រូវចូលនិវត្តន៍ ដោយផ្អែកលើលិខិតលេខ០៦០/១៩ ចុះថ្ងៃទី ០៣ខែ មិថុនា ឆ្នាំ ២០១៦ របស់រដ្ឋបាលស្រុកកំរៀង និងដោយមានចំណារឯកភាពបញ្ជូនលេខ ៦០៨ ដនសស.បប ចុះថ្ងៃទី ១៧ ខែ មិថុនា ឆ្នាំ ២០១៦ របស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសុរិយោដីខេត្តបាត់ដំបង។ នៅថ្ងៃទី ០១ខែ កក្កដា ឆ្នាំ ២០១៦ រដ្ឋបាលខេត្តបាត់ដំបងបានរៀបចំកិច្ចប្រជុំគណៈអភិបាល ពិនិត្យ ពិភាក្សា វាយតម្លៃបុគ្គលិក
លក្ខណៈសម្បត្តិ មន្ត្រីរាជការ ដោយមានការឯកភាពគ្នាក្នុងកិច្ចប្រជុំទើប លោកអភិបាលខេត្ត បានសម្រេចតែងតាំងលោក សយ សេរី ជាប្រធានការិយាល័យរៀបចំដែនី នគរូបនីយកម្ម សំណង់ និងភូមិបាលស្រុកកំរៀង តាមរយៈដីកាលេខ ០៣៣/១៦ ដក.តត ចុះថ្ងៃទី ១៣ ខែ កក្កដា ឆ្នាំ ២០១៦ របស់រដ្ឋបាលខេត្តបាត់ដំបង។ ករណ៍តែងតាំងលោក សយ សេរី ធ្វើឡើងស្របតាមនីតិវិធីច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ព្រមទាំងស្របតាមគោលការណ៍បែបបទ និងនីតិវិធីជាធរមាន ហើយការតែងតាំងលោក សយ សោ មុនពេលដែលគាក់ (ងួន រតនៈ) ឡើងកាន់ដំណែងជាអភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង៕

 

អត្ថបទដែលជាប់ទាក់ទង