ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កាណាដាផ្តល់ភាពអនុគ្រោះដល់ប្រទេសកំពុងអភិវឌ្ឍដោយមិនភ្ជាប់ទៅនឹងលក្ខខណ្ឌសិទ្ធិមនុស្សឡើយ

57

ឯកអគ្គរដ្ឋទូតកាណាដាប្រចាំកម្ពុជា បានថ្លែងថា កាណាដាផ្តល់ភាពអនុគ្រោះដល់ប្រទេសកំពុងអភិវឌ្ឍ ក្នុងគោលដៅសម្រាប់អភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសទាំងនោះ ដោយមិនភ្ជាប់ទៅនឹងលក្ខខណ្ឌសិទ្ធិមនុស្សឡើយ។

នៅរសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ ក្នុងអំឡុងពេលអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅទីក្រុងបាងកក លោក ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានអនុញ្ញាតឲ្យលោកស្រី Donica Pottie ឯកអគ្គរដ្ឋទូតកាណាដាប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា ក្នុងឱកាសដែលលោកស្រីបញ្ចប់បេសកកម្មការទូត នៅក្នុងស្ថានឯកអគ្គរាជទូតកម្ពុជានៅទីក្រុងបាងកក។

លោក ឧបនាយករដ្ឋមន្រ្តី បានអបអរសាទរចំពោះជោគជ័យនៃការបំពេញបេសកកម្មការទូតរបស់លោកស្រីនិងបានវាយតម្លៃខ្ពស់ចំពោះការខិតខំផ្ទាល់ខ្លួនរបស់លោកស្រី ក្នុងការរួមចំណែកដល់ការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដែលសបញ្ជាក់តាមរយៈកំណើនយ៉ាងលឿននៃទំហំពាណិជ្ជកម្មកម្ពុជា-កាណាដា។ ឯកឧត្តម បានថ្លែងអំណរគុណ តាមរយៈលោកស្រី ចំពោះរដ្ឋាភិបាល និងប្រជាជនកាណាដា ដែលបានផ្តល់ជំនួយដល់កម្ពុជា ជាពិសេសលើវិស័យកំចាត់មីន អប់រំ បេសកកម្មថែរក្សាសន្តិភាព និងការប្រែប្រួលអាកាសធាតុ។ ក្នុងក្របខណ្ឌអាស៊ាន ឯកឧត្តម បានបញ្ជាក់ថា កម្ពុជាគាំទ្រឲ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) អាស៊ាន-កាណាដា ។

ជាការឆ្លើយតប លោកស្រីឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ
រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលតែងតែផ្តល់ការគាំទ្រ និងសម្របសម្រួលដល់ការបំពេញបេសកកម្មការទូតរបស់លោកស្រីនៅកម្ពុជា។ ចំពោះ FTA អាស៊ាន-កាណាដា លោកស្រីបានសង្ឃឹមថា កិច្ចព្រមព្រៀងនេះនឹងមានការវិវត្តទៅមុខយ៉ាងឆាប់រហ័ស។ ដោយឡែក ចំពោះពាណិជ្ជកម្មទ្វេភាគីវិញ លោកស្រី បានកត់សម្គាល់ថា ក្រោយពេលប្រទេសកាណាដាបានបើកឲ្យដំណើរការិយាល័យស្ថានទូតកាណាដានៅទីក្រុងភ្នំពេញ នៅឆ្នាំ២០១៦ ទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរបានកើនឡើងរហូតដល់៨០០%។ ចំពោះប្រព័ន្ធអនុគ្រោះពន្ធ (GSP) វិញ លោកស្រីបានសង្កត់ធ្ងន់ថា កាណាដាផ្តល់ភាពអនុគ្រោះដល់ប្រទេសកំពុងអភិវឌ្ឍ ក្នុងគោលដៅសម្រាប់អភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសទាំងនោះ ដោយមិនភ្ជាប់ទៅនឹងលក្ខខណ្ឌសិទ្ធិមនុស្សឡើយ។ ក្នុងពេលនោះដែរ លោកស្រីក៏បានលើកឡើងថា កាណាដាបានបង្កើតមូលនិធិសម្រាប់ការបញ្ជូនកងកម្លាំងស្រ្តីក្នុងប្រតិបត្តិការថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ហើយតាមរយៈមូលនិធិនេះ លោកស្រីសង្ឃឹមថា កម្ពុជា នឹងទទួលបានមូលនិធិបន្ថែមសម្រាប់ការបញ្ជូនកងកម្លាំងមួកខៀវស្រ្តីកម្ពុជា។ លោកស្រីក៏បានរំលឹកអំពីប្រសាសន៍របស់សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានថ្លែងនៅក្នុងឱកាសបញ្ជូនកងកម្លាំងមួកខៀវស្ត្រីកម្ពុជា នៅពេលកន្លងថា សូមឲ្យចៀសឆ្ងាយអំពីការរំលោភបំពានផ្លូវភេទ ក្នុងចំណោមកងកម្លាំងមួកខៀវទាំងអស់ ហើយដែលនៅពេលនោះ សូម្បីអង្គការសហប្រជាជាតិ ក៏មិនទាន់បានគិតដល់បញ្ហានេះនៅឡើយ ។

ពាក់ព័ន្ធនឹងការបំពេញភារកិច្ចរបស់កងកម្លាំងមួកខៀវរបស់កម្ពុជា លោកឧបនាយករដ្ឋមន្រ្តី បានសម្តែងក្តីរីករាយ ដែលកម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវស្រ្តីកម្ពុជា នៅក្នុងប្រតិបត្តិការថែរក្សាសន្តិភាព ដែលមានចំនួនសរុបជាង៣០០ នាក់ ឬប្រហែល៥% នៃកងកម្លាំងមួកខៀវសរុបរបស់កម្ពុជា។ លោក តែងតែស្នើឲ្យកងកម្លាំងមួកខៀវកម្ពុជាទាំងអស់អនុវត្តឲ្យបានម៉ឺងម៉ាត់បីចំណុចដូចតទៅ ៖ ១) បំពេញការងារដោយវិជ្ជាជីវៈ ២) គោរពវិន័យ និង ៣) គោរពច្បាប់របស់ប្រទេសដែលខ្លួនទៅបំពេញបេសកកម្ម និងជួយយកអាសាប្រជាជនក្នុងតំបន់បេសកកម្មរបស់ខ្លួន។

ក្រៅពីនេះ លោក ឧបនាយករដ្ឋមន្រ្តី និងលោកស្រីឯកអគ្គរដ្ឋទូត ក៏បានផ្លាស់ប្តូរទស្សនៈគ្នា ដោយត្រង់ទៅត្រង់មកលើបញ្ហាជាច្រើនផ្សេងទៀត រួមទាំងបញ្ហាតំបន់ និងអន្តរជាតិនានាដែលជាការយកចិត្តទុកដាក់រួម៕


 

អត្ថបទដែលជាប់ទាក់ទង