ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្នើឯកអគ្គរដ្ឋទូតជប៉ុន បន្តជួយសម្របស​ម្រួល ដើ​ម្បីទា​ក់ទាញអ្នកវិនិយោគជប៉ុ​ន ​ឲ្យបា​នច្រើ​នបន្ថែមទៀត មកកម្ពុជា

61

ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា បានថ្លែងប្រាប់រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចកម្ពុជាថា ក្នុងអាណិត្តបំពេញភារកិច្ចការទូ​តនេះ លោកនឹងបន្តខិតខំពង្រឹង​ និងពង្រីកកិច្ចសហប្រតិបត្តិការ លើ​គ្រប់វិ​ស័យអា​ទិភាពរ​បស់រា​ជរដ្ឋាភិ​បា​លកម្ពុជា ព្រមទាំងបន្តការគាំទ្រនូវការ​ផ្តល់ហិ​រ្ញញ្ញ​ប្បទាន សម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍​ផ្លូ​វការ (ODA) និងជំរុ​ញការអភិវឌ្ឍវិស័យឯក​ជ​ននា​នា ឲ្យកាន់តែរីកចម្រើនថែមទៀ​ត។

សូមបញ្ជាក់ថា បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី១វិច្ឆិកាថា លោកអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអនុញ្ញាតឲ្យ លោក Masahiro MIKAMI ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា ជួបសម្តែងការគួរសម ក្នុងខណៈដែលលោកត្រូវបានឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពជប៉ុនថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី ៣១ ខែ តុលា ឆ្នាំ ២០១៩ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។

លោក Masahiro MIKAMI ឯកអគ្គរដ្ឋទូតជប៉ុន បានសម្តែងក្តីសោមនស្សរីករាយ បានមកបំពេញបេសកកម្ម ការទូតនៅកម្ពុជា និងសម្តែងការកោតសរសើរ ដល់កិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ដែលសម្រេចបានសមិទ្ធផលផ្លែផ្កាជាច្រើន ជាមួយនឹងកំណើនសេដ្ឋកិច្ចខ្ពស់ និងការរីកចម្រើន ស្ទើរគ្រប់វិស័យ ជាពិសេសការសម្រេចបាននូវកំណើនសេដ្ឋកិច្ច ក្នុងអត្រា៧.៥%ជាកំណើនមួយខ្ពស់បំផុត ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ ដែលធ្វើឲ្យកម្ពុជាប្រែក្លាយជាប្រទេស ដែលធ្លាប់មានចំណូលទាប មកជាប្រទេសមានចំណូលមធ្យមកម្រិតទាប។

អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី សូមអរគុណចំពោះការវាយតម្លៃខ្ពស់ របស់ឯកអគ្គរដ្ឋទូតជប៉ុន ដោយគូសបញ្ជាក់ថា ការសម្រេចបាននូវសមិទ្ធផលផ្លែផ្កាជាច្រើន ដោយកម្ពុជាមានសុខសន្តិភាព ជាមួយនឹងស្ថិរភាពនយោបាយ និងស្ថិរភាពនៃម៉ាក្រូសេដ្ឋកិច្ច និងការអនុវត្តដ៏ត្រឹមត្រូវនូវគោលនយោបាយ និងយុទ្ធសាស្ត្រនៃការអភិវឌ្ឍជាតិ របស់រាជរដ្ឋាភិបាលកម្ពុជា។

លោក Masahiro MIKAMI បញ្ជាក់ថា ក្នុងអាណិត្តបំពេញភារកិច្ចការទូតនេះ លោកនឹងបន្តខិតខំពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងបន្តការគាំទ្រនូវការផ្តល់ហិរ្ញញ្ញប្បទាន សម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ផ្លូវការ (ODA) ទាំងក្នុងក្របខ័ណ្ឌហិរញ្ញប្បទានឥតសំណង, ឥណទានសម្បទាន និងជំនួយបច្ចេកទេស ពិសេសជំរុញការអភិវឌ្ឍវិស័យឯកជននានា ឲ្យកាន់តែរីកចំរើនបន្ថែមទៀត និងសូមថ្លែងអំណរគុណចំពោះលោកអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្រ្តី ក៏ដូចជា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងស្ថាប័នពាក់ព័ន្ធ ដែលតែងតែបានផ្តល់នូវកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ រវាងប្រទេសកម្ពុជា និងជប៉ុន នាពេលកន្លងមក។

អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះការកិច្ចខិតខំប្រឹងប្រែង របស់រដ្ឋាភិបាលជប៉ុនដែលបានផ្តល់ កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍នៅកម្ពុជា តាំងដើមរៀងមក ដែលសកម្មភាពទាំងនេះ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ថា ជប៉ុនជាដៃគូយុទ្ធសាស្រ្តអភិវឌ្ឍន៍ដ៏សំខាន់ ក្នុងការចូលរួមចំណែកគាំទ្រដល់ប្រទេសកម្ពុជា។

លោកអគ្គបណ្ឌិតសភាចារ្យ ក៏បានសម្តែង ការកោតសសើរ និងថ្លែងអំណរគុណចំពោះលំហូរទុន និងទំហំការវិនិយោគឯកជនពីប្រទេសជប៉ុន ដែលមានចំនួនកើតឡើង ជាបន្តបន្ទាប់ដែលបានជួយជំរុញអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចកម្ពុជា។ ជាមួយគ្នានេះ ដើម្បីលើកកម្ពស់ ការវិនិយោគពីវិស័យឯកជន, ទាក់ទាញ អ្នកវិនិយោគិន, ភាពប្រកួតប្រជែងដើម្បីជំរុញពិពិកម្មសេដ្ឋកិច្ច, រាជរដ្ឋាភិបាលកម្ពុជា ខិតខំបន្តពង្រឹងច្បាប់, កំណែទម្រង់អភិបាលកិច្ចរួមមាន៖ ការកែលម្អប្រព័ន្ធឡូជីស្ទីក និងការលើកកម្ពស់ការតភ្ជាប់ផ្នែកដឹកជញ្ជូន, ប្រព័ន្ធគ្រប់គ្រង និងមធ្យបាយដឹកជញ្ជូន សម្រួលដល់បរិយាកាសអំណោយផលសម្រាប់ធុរកិច្ច និងការវិនិយោគឲ្យស្របទៅនឹងការរីកចម្រើន នូវវិទ្យាសាស្រ្ត និងបច្ចេកវិទ្យានាពេលបច្ចុប្បន្ន។

ក្នុងន័យនេះ លោកអគ្គបណ្ឌិតសភាចារ្យ បានស្នើឯកអគ្គរដ្ឋទូតជប៉ុន បន្តជួយសម្របស​ម្រួល ដើម្បីទា​ក់ទាញអ្នកវិនិយោគ ជប៉ុនឲ្យបានច្រើនបន្ថែមទៀតមកកម្ពុជា​៕

អត្ថបទដែលជាប់ទាក់ទង