បង្ក្រាបមុខសញ្ញា ២នាក់ ជួញដូរសារធាតុញៀនជាង២ខាំ នៅមូលដ្ឋាន
បាត់ដំបង៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា ត្រូវចៀសឲ្យឆ្ងាយពីគ្រឿងញៀន។ កម្លាំងជំនាញប្រឆាំងគ្រឿងញៀន ចូលរួមកម្លាំងអន្តរាគមន៍ នៃអធិការដ្ឋាន និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលវត្តគរ បង្ក្រាបឃាត់ មុខសញ្ញាចំនួន ២នាក់ ក្នុងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀននៅមូលដ្ឋាន។
កាលពីថ្ងៃ សុក្រ ទី១ ខែ វិច្ឆិកា ឆ្នាំ២០១ ៩ វេលាម៉ោង ១៤និង៣០នាទី អនុវត្តតាមមតិណែនាំរបស់លោក ឧត្តមសេនីយ៍ទោ អ៊ុច សុ ខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចជាមតិដឹកនាំរបស់លោកឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន និងដោយបានការសម្របស ម្រួលលើនីតិវិធីពីលោកនួន សាន ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង ផងនោះនៅចំណុចក្រុម២២ ភូមិច្រាបក្រសាំង សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង លោកវរសេនីយ៍ឯក ឆាង វណ្ណឆៃ អធិការនគរបាលក្រុងបាត់ដំបង ដោយមានកម្លាំងជំនាញប្រឆាំងគ្រឿងញៀន ចូលរួមកម្លាំងអន្តរាគមន៍ នៃអធិការដ្ឋាន និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលវត្តគរ ធ្វើការបង្ក្រាបឃាត់ មុខសញ្ញាចំនួន ២នាក់ ក្នុងករណីជួញដូរដោយខុសច្បាប់ នូវសារធាតុញៀននៅមូលដ្ឋានខាងលើ ព្រមទាំងដកហូតវត្ថុតាង និងសម្ភារ:ប្រើប្រាស់គ្រឿងញៀនមួយចំនួន ។
ជនសង័្សយមានឈ្មោះដូចខាងក្រោម៖ ១- ឈ្មោះ កុយ ហេងលី (ហៅ ហេង) ភេទប្រុស អាយុ ២៨ឆ្នាំ មានទីលំនៅភូមិច្រាបក្រសាំង សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្ត បាត់ដំបង (ម្ចាស់ថ្នាំញៀន) ២-ឈ្មោះ កេន អក្ខរា (ហៅ មករា) ភេទប្រុស អាយុ ២៣ឆ្នាំ រស់នៅភូមិសាលាបាឡាត់ សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង (បក្ខពួក)។ វត្ថុតាងដែលដកហូតបានមាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីនម៉ាទឹកកក (ICE)ចំនួន ៧ថង់ មានទម្ងន់ សរុប២២០,៥៩ក្រាម ទាំងសម្បក ទូរស័ព្ទដៃ ចំនួន ១គ្រឿង និងកាបូបសម្រាប់ដាក់ប្រាក់ចំនួន ១ ម៉ូតូម៉ាក Honda dream ពណ៌ទឹកមាស គ្មានផ្លាកលេខ ស៊េរីឆ្នាំ២០១៩ ចំនួន ១គ្រឿង រថយន្តម៉ាក Kia morning ពណ៌ទឹកក្រូច ពាក់ផ្លាកលេខ បាត់ដំបង 2B 4000 ចំនួន ១គ្រឿង ខ្សែដៃប្លាកទីនចំនួន១ខ្សែ កូនជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនលក់ ចំនួន ១ ថង់ប្លាស្ទិកសម្រាប់រំលែកច្រកថ្នាំញៀនលក់ និងសម្ភារសម្រាប់ប្រើប្រាស់ថ្នាំញៀន មួយចំនួន ។
ក្រោយពេលសាកសួរស្រាវជ្រាវរួច នគរបាលក្រុងបាត់ដំបងរៀបចំ សំណុំរឿងបញ្ជូនមកការិយាល័យជំនាញ ដើម្បីចាត់ការតាមនីតិវិធីបន្ត៕