មនុស្ស ៣៩នាក់ដែលស្លាប់ក្នុងទូរកុងតឺណឺ នៅអង់គ្លេស ជាជនជាតិវៀតណាមទាំងអស់
សាកសពមនុស្សចំនួន ៣៩នាក់ដែលត្រូវបានគេរកឃើញនៅក្នុងទូកុងតឺណឺ នៅតំបន់ Essex ប្រទេសអង់គ្លេសកាលពីពេលថ្មីៗនេះ គឺជាជនជាតិវៀតណាមទាំងអស់។ នេះបើតាមការបញ្ជាក់របស់ប៉ូលីស។
ដំបូងឡើយ សាកសពរបស់ជនរងគ្រោះទាំងអស់ ត្រូវបានគេគិតថាជាជនជាតិចិន។ ប៉ូលីសនៅតំបន់ Essex បច្ចុប្បន្នកំពុងធ្វើការទាក់ទង ដោយផ្ទាល់ជាមួយនឹងក្រុមគ្រួសាររបស់ជនរងគ្រោះនៅវៀតណាម នៅអង់គ្លេស និងរដ្ឋាភិបាលវៀតណាម។
កាលពីដំបូង មានគ្រួសារវៀតណាមមួយចំនួន បានសម្តែងក្តីកង្វល់ថា សមាជិកគ្រួសាររបស់ពួកគេ ប្រហែលជាស្ថិតក្នុងចំណោមសាកសព ដែលប៉ូលីសរកឃើញនោះ។
ស្រ្តីវៀតណាមម្នាក់ឈ្មោះ Pham Thi Tra My អាយុ ២៦ បានផ្ញើសារមកគ្រួសាររបស់ខ្លួនកាលពីថ្ងៃអង្គារសប្តាហ៍មុន ដោយក្នុងសារនាងបាននិយាយថា “ការធ្វើដំណើររបស់នាងមកទឹកដីបរទេសបានបរាជ័យហើយ”។
នៅក្នុងសារនាងនិយាយទៀតថា “ខ្ញុំពិតជាសុំទោសផង ម៉ាក់ និងប៉ា។ ដំណើររបស់ខ្ញុំទៅកាន់ទឹកដីបរទេសបានបរាជ័យហើយ”។
“ខ្ញុំជិតស្លាប់ហើយ។ ខ្ញុំមិនអាចដកដង្ហើមបានទេ។ ខ្ញុំស្រឡាញ់ម៉ាក់ និងប៉ាណាស់។ ខ្ញុំសុំទោសម៉ាក់”។
សូមបញ្ជាក់ថា មានជនជាតិវៀតណាមជាច្រើនបានធ្វើដំណើរផ្សងព្រេងខុសច្បាប់ ទៅកាន់ទឹកដីបរទេស ហើយគោលដៅសំខាន់របស់ពួកគេ គឺប្រទេសអង់គ្លេស។ មូលហេតុដែលពួកគេហ៊ានចំណាយលុយរាប់ម៉ឺនដុល្លារ សម្រាប់ឲ្យមេខ្យល់ជួយគេទៅអង់គ្លេស គឺដើម្បីស្វែងរកការងារធ្វើនៅទីនោះ និងផ្ញើលុយត្រឡប់មកគ្រួសារពួកគេវិញ៕