នគរបាលខេត្តកោះកុង ត្រៀមលក្ខណ:រួចជាស្រេច ប្រឆាំងដាច់ខាត់ចំពោះ ឧបាយកល ក្រុមឧទ្ទាមប្រឆាំងក្រៅច្បាប់មួយចំនួន
កោះកុង៖ ស្នងការនគរបាលខេត្តកោះកុង បានអះអាងថា ស្នងការដ្ឋាននគរបាលខេត្តកោះកុង បានប្រមូលផ្តុំកងកម្លាំងជាបន្តបន្ទាប់ ដើម្បីត្រៀមដល់ចំណុចខ្ពស់ ក្នុងកិច្ចការពារបុណ្យឯករាជ្យជាតិ ព្រះរាជពិធីបុណ្យ អុំទូក និងជាពិសេស បានត្រៀមលក្ខណ:រួចជាស្រេច ក្នុងការបំពេញភារកិច្ច ថែរក្សា ការពារ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយជូនសង្គមជាតិ និងប្រជាពលរដ្ឋ ដើម្បីប្រឆាំងដាច់ខាត់ចំពោះ ឧបាយកល ក្រុមឧទ្ទាមប្រឆាំងក្រៅច្បាប់មួយចំនួន
នៅព្រឹកថ្ងៃទី ២ ខែ វិច្ឆិកា ឆ្នាំ២០១៩ លោកឧត្តមសេនីយ៍ទោ សំឃិត វៀន ស្នងការនគរបាលខេត្តកោះកុង បានអញ្ជើញត្រួតពិនិត្យកម្លាំង ដែលបានប្រមូលផ្ដុំប្រជុំកងជួរ នៅនឹងស្នងការដ្ឋាននគរបាលខេត្តកោះកុង។
លោកសេនីយ៍ស្នងការ បានមានប្រសាសន៍ថា ដោយទទួលបានបទបញ្ជា ដ៏ខ្ពង់ខ្ពស់ របស់ លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ស្នងការដ្ឋាននគរបាលខេត្តកោះកុង បានប្រមូលផ្តុំកងកម្លាំងជាបន្តបន្ទាប់ ដើម្បីត្រៀមដល់ចំណុចខ្ពស់ ក្នុងកិច្ចការពារបុណ្យឯករាជ្យជាតិ ព្រះរាជពិធីបុណ្យ អុំទូក បណ្ដែតប្រទីប និងពិធី អកអំបុក សំពះ ព្រះខែ ព្រមទាំង ការពារ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋ ចាប់ពីថ្ងៃនេះរហូតដល់មានបទបញ្ជាជាថ្មី ហើយបានត្រៀមខ្លួនរួចជាស្រេច ក្នុងកិច្ចអន្តរាគមន៍ សង្គ្រោះ ដល់ប្រជាពលរដ្ឋ រងគ្រោះដោយក្នុងហេតុការណ៍មួយ ដែលអាចកើតមានឡើងជាចៃដន្យ រងគ្រោះដោយគ្រោះធម្មជាតិ ជាដើមទូទាំងខេត្ត ។
លោកសេនីយ៍ស្នងការ បានបន្តមានប្រសាសន៍ថា កងកម្លាំងនគរបាលទូទាំងខេត្តកោះកុង បានត្រៀមលក្ខណ:រួចជាស្រេច ក្នុងការបំពេញភារកិច្ច ថែរក្សា ការពារ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយជូនសង្គមជាតិ និងប្រជាពលរដ្ឋ ដើម្បីប្រឆាំងដាច់ខាត់ចំពោះ ឧបាយកល ក្រុមឧទ្ទាមប្រឆាំងក្រៅច្បាប់មួយចំនួន ដែលមានបំណងបង្កចលាចល ដើម្បីផ្ដួលរំលំ បំផ្លិចបំផ្លាញរដ្ឋាភិបាលស្របច្បាប់។ ក្នុងនាមកងកម្លាំងប្រដាប់អាវុធការពារ ដាច់ខាត ជាតិ សាសនា ព្រះមហាក្សត្រ និងការពារដាច់ខាត់រាជរដ្ឋាភិបាលស្របច្បាប់ ដែលចេញពីការបោះឆ្នោត ហើយការពារឲ្យបានសន្តិភាពរបស់ព្រះរាជាណាចក្រកម្ពុជា យើងដែលកំពុងតែមានការអភិវឌ្ឍ រីកចម្រើនជាបន្តបន្ទាប់ផងដែរ ៕