រដ្ឋបាលរាជធានីភ្នំពេញនឹងរៀបចំពិធី ប្រណាំងទូកសាកល្បងនៅថ្ងៃទី០៨ ខែវិច្ឆិកា ខាងមុខនេះ
ភ្នំពេញ៖ ដើម្បីចូលរួមអបអរសាទរក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១០-១១-១២ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ រដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ នឹងរៀបចំពិធីប្រណាំងទូកសាកល្បងក្នុងក្របខណ្ឌរាជធានីភ្នំពេញ នៅថ្ងៃសុក្រ ១២កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ចាប់ពីម៉ោង១៣និង០០រសៀល នៅសួនមាត់ទន្លេ មុខវត្តឧណ្ណាលោម ក្បែររូបសំណាកតេជោមាស ។
នេះបើយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលសេចក្តីជូនដំណឹងនេះមានន័យដើមទាំងស្រុងថា ៖ រដ្ឋបាលរាជធានីភ្នំពេញ មានកិត្តិយសសូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ឱ្យបានជ្រាបថា ដើម្បីចូលរួមអបអរសាទរក្នុងឱកាសព្រះរាជពិធីបុណ្យ
អុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១០-១១-១២ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ រដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ នឹងរៀបចំពិធីប្រណាំងទូកសាកល្បងក្នុងក្របខណ្ឌរាជធានីភ្នំពេញ ដើម្បីចូលរួមក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅថ្ងៃសុក្រ ១២កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ចាប់ពីម៉ោង១៣:០០
រសៀលតទៅ នៅសួនមាត់ទន្លេ មុខវត្តឧណ្ណាលោម ក្បែររូបសំណាកតេជោមាស តេជោយ៉ត ដោយមានការចូលរួមពីបណ្ដាទូកប្រកួតទាំងអស់ក្នុងរាជធានីភ្នំពេញ។
ដើម្បីញ៉ាំងឱ្យពិធីប្រណាំងទូកសាកល្បងថ្នាក់រាជធានីនេះ ប្រព្រឹត្តទៅប្រកបដោយឱឡារិកអធិកអធម និងសប្បាយរីករាយ ជាពិសេសជួយលើកស្ទួយវប្បធម៌ ប្រពៃណីជាតិខ្មែរដែលមានតាំងពីយូរលង់ណាស់មកហើយ រដ្ឋបាលរាជធានីភ្នំពេញសូមអញ្ជើញបងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ ចូលរួមទស្សនាឱ្យបានច្រើនកុះករ។
រដ្ឋបាលរាជធានីភ្នំពេញមានក្តីសង្ឃឹមទុកជាមុនថា បងប្អូនប្រជាពលរដ្ឋ និងសាធារណជន
ទាំងអស់ នឹងអញ្ជើញចូលរួមលើកទឹកចិត្តដល់កីឡាករ កីឡាការិនីចំណុះទូករបស់យើងទាំងអស់គ្នា ៕