ករណីធ្លាក់ដែកបណ្តាលឲ្យបុរសម្នាក់ស្លាប់ សមត្ថកិច្ចឃាត់ជាងផ្សាដែកម្នាក់
ភ្នំពេញ៖ ក្នុងករណីធ្លាក់ដែកបណ្តាលឲ្យស្លាប់មនុស្សនេះ សមត្ថកិច្ចបានឃាត់បុរសជាងផ្សាដែកម្នាក់ ឈ្មោះ ញ៉ែម គឿន អាយុ ៣៥ឆ្នាំ មុខរបរបើករថយន្តឲ្យក្រុមហ៊ុនអេមហ្វូត ស្នាក់នៅផ្ទះគ្មានលេខ ភូមិអូរបែកក្អម សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។
កាលវេលាម៉ោង១០ និង៣០នាទី ព្រឹកថ្ងៃទី២ ខែ វិច្ឆិកាឆ្នាំ ២០១៩ នៅតាមបណ្តោយផ្លូវ៤៣០ កែងផ្លូវ២០៩ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង មានករណីបុរសម្នាក់ ជិះម៉ូតូធូដេ ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខភ្នំពេញ១DA-២៤២៧កំពុងជិះឆ្លងកាត់បារ៉ាស់ ដែលប្រជាពលរដ្ឋស្នើសុំឲ្យខាងមន្ទីរសាធារណការដាក់កាត់ទទឹងផ្លូវ ដើម្បីកុំឲ្យរថយន្តធុនធំបើកចូលតាមផ្លូវ២០៩ ដែលខូច ។ ខណៈកំពុងតែខាងក្រុមការងារកំពុងតែកាត់ទម្លាក់របាំងដែកនេះ និងមានកម្លាំងសន្តិសុខប្រជាការពារបានរារាំង និងសម្រួលចរាចរណ៍កន្លែងកើតហេតុនោះផងដែរ ប៉ុន្តែបុរសរងគ្រោះនៅតែចចេសរឹងរូសបើកម៉ូតូចូលឆ្លងកាត់របាំងដែកនោះ ចៃដន្យរបាំងដែកធ្លាក់ចំលើ បណ្តាលឲ្យដួលបែកក្បាលហូរឈាមនៅលើផ្លូវតែម្តង ។
ភ្លាមៗកម្លាំងការពារនៅទីនោះ បានហៅរថយន្តសង្គ្រោះពីមន្ទីររុស្ស៊ី មកដឹកទៅសង្គ្រោះដែរ ប៉ុន្តែខណៈខាងក្រុមគ្រូពេទ្យនៃរថយន្តសង្គ្រោះ បានមកដល់ និងបានពិនិត្យភ្លាមៗ តែអកុសលបុរសរងគ្រោះបានស្លាប់បាត់បង់ជីវិតបាត់ទៅហើយ ។
នគរបាលបានប្រាប់ថា ជនរងគ្រោះឈ្មោះ ឡឹម វិសុទ្ធ ភេទប្រុស អាយុ ៦៤ ឆ្នាំ មុខរបរ ផ្នែកគ្រូចាប់សរសៃ ស្នាក់នៅផ្ទះលេខ២០ ផ្លូវ១០៧ សង្កាត់មនោរម្យ ខណ្ឌ៧មករា ហើយកំពុងរង់ចាំការធ្វើកោសល្យវិច័យ នៃសមត្ថកិច្ចជំនាញនៃនគរបាលស្នងការនគរបាលរាជធានីភ្នំពេញ បច្ចុប្បន្នសពនគរបាលបានសន្និដ្ឋាន ករណីមនុស្សស្លាប់ធ្លាក់ដែកបារ៉ាស់ សង្កត់ស្លាប់ សពបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។
នគរបាលផ្នែកព្រហ្មទណ្ឌខណ្ឌបឹងកេងកង បានឲ្យដឹងថា ក្នុងករណីធ្លាក់ដែកបណ្តាលឲ្យស្លាប់មនុស្សនេះ សមត្ថកិច្ចបានឃាត់បុរសម្នាក់ ឈ្មោះ ញ៉ែម គឿន អាយុ ៣៥ឆ្នាំ មុខរបរបើករថយន្តឲ្យក្រុមហ៊ុនអេមហ្វូត ស្នាក់នៅផ្ទះគ្មានលេខ ភូមិអូរបែកក្អម សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។ បច្ចុប្បន្នធ្វើការសាកសួរនាំ និងបញ្ជូលទៅអធិការដ្ឋានខណ្ឌបឹងកេងកង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។ បុរសនោះ បានហៅជាងផ្សាដែកជាប្អូន មកផ្សាខ្វះបច្ចេកទេស ធ្លាក់ដែកសង្កត់ជនរងគ្រោះ បណ្ដោលឲ្យស្លាប់ ៕