ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០១៩ ជាវេទិកាការងារដ៏ធំជាងគេបំផុតនៅកម្ពុជា

62

 

ភ្នំពេញ៖ ពីមួយឆ្នាំទៅមួយឆ្នាំ ពិព័រណ៍ការងារ និងផលិតភាពជាតិនេះ កាន់តែទទួលបានការគាំទ្រខ្លាំងឡើងៗ ដែលបានប្រែក្លាយពិព័រណ៍នេះទៅជាវេទិកាការងារដ៏ធំជាងគេបំផុតនៅកម្ពុជានាពេលបច្ចុប្បន្ន សម្រាប់ផ្តល់ឱកាសនៅមួយកន្លែងងាយស្រួលដល់អ្នកស្វែងរកការងារធ្វើ សិស្ស និស្សិត និយោជក អ្នកផ្តល់ការអប់រំបណ្តុះបណ្តាល អ្នកជំនាញ អ្នកស្រាវជ្រាវ និងអ្នករៀបចំគោលនយោបាយ ក្នុងការជួបទាក់ទងផ្តោះប្តូរព័ត៌មានពីគ្នាទៅវិញទៅមកដោយផ្ទាល់ ធ្វើសកម្មភាពភ្លាមៗនៅនឹងកន្លែង ចែករំលែកបទពិសោធន៍ ចំណេះដឹង ផ្តល់មតិយោបល់និងអនុសាសន៍ល្អៗ ពាក់ព័ន្ធនឹងការងារ អាជីព ជំនាញ ធនធានមនុស្ស និងផលិតភាពការងារ។

លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លើកឡើងបែបនេះ ក្នុងពិធីបើក «ពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០១៩»
ដែលរៀបចំធ្វើឡើង នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នាព្រឹកថ្ងៃទី០២ ខែវិច្ឆិកានេះ។ រៀបចំឡើងក្រោមកិច្ចខិតខំសហការរួមគ្នារវាងទីភ្នាក់ងារជាតិមុខរបរនិងការងារ(NEA) សហភាពសហព័ន្ធយុវជនកម្ពុជា(UYFC)រាជធានីភ្នំពេញ និងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា(GMAC) ក្រោមការគាំទ្រពីកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ(UNDP) និងអង្គការអន្តរជាតិខាងការងារ (ILO)។ ពិព័រណ៍លើកទី០៩នាឆ្នាំនេះ មានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់ក្រុមហ៊ុន សហគ្រាស នាំមុខគេសំខាន់ៗ រួមទាំង ក្រសួង-ស្ថាប័នរដ្ឋ និងអង្គការជាតិ-អន្តរជាតិ ចំនួន១៥០ នៅតាមបញ្ជរចំនួន៣០០ ហើយត្រូវបានប៉ាន់ស្មានថានឹងមានអ្នកចូលរួមទស្សនាចំនួនប្រមាណ ៣ម៉ឺននាក់។

លោករដ្ឋមន្ត្រីមានប្រសាសាន៍បញ្ជាក់ថា “ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០១៩” រយៈពេលពីរថ្ងៃនេះ នឹងផ្តល់ឱកាសជួបជុំគ្នាដោយផ្ទាល់ នៅមួយកន្លែងងាយស្រួល សម្រាប់ភាគីពាក់ព័ន្ធទាំងអស់ នៃទីផ្សារការងារក្នុងការផ្តោះប្តូរព័ត៌មាន ស្រង់យកបទពិសោធន៍ចាំបាច់ ស្វែងរកឱកាសល្អៗ និងធ្វើសកម្មភាពភ្លាមៗនៅនឹងកន្លែងផ្ទាល់ ជាពិសេស ផ្តល់ឱកាសដ៏កម្រដល់ក្មួយទាំងអស់ ក្នុងការចាប់ផ្តើមគិតគូររៀបចំផែនការអាជីពរបស់ខ្លួនម្នាក់ៗ ដោយធ្វើការស្វែងយល់និងប្រមូលព័ត៌មានដោយផ្ទាល់ អំពីឱកាសការងារនិងតម្រូវការជំនាញ ឱកាសសម្រាប់ផ្គូផ្គងជំនាញទៅនឹងតម្រូវការការជ្រើស កម្លាំងពលកម្មរបស់ក្រុមហ៊ុនល្បីៗ ឱកាសក្នុងការជួបពិភាក្សាដកស្រង់បទពិសោធន៍ផ្ទាល់ ពីនិយោជកនិង អ្នកធ្វើការងារក្នុងអាជីពដែលជាគោលដៅរបស់ក្មួយៗ ព្រមទាំងឱកាសក្នុងការអភិវឌ្ឍជំនាញនិងការផ្តល់ការគាំទ្រនានា ដូចជាអាហារូបករណ៍ជាដើម។ លើសពីនេះ សន្និសីទស្តីពី «យុទ្ធសាស្រ្តផលិតភាពសម្រាប់កម្ពុជាៈ ការត្រួសត្រាយផ្លូវសម្រាប់ការប្រកួតប្រជែងជាសកល» នឹងផ្តល់ដល់អ្នកចូលរួមទាំងអស់នូវគំនិត ជំនាញ ចំណេះដឹង ចំណេះធ្វើ និងពិសោធន៍ដ៏ជោគជ័យពីសំណាក់អ្នកជំនាញជាតិ និងអន្តរជាតិ សម្រាប់ជាប្រយោជន៍ក្នុងការបណ្តុះផ្នត់គំនិត ឥរិយាបថនិងការអនុវត្តសម្រាប់ការលើកកម្ពស់ផលិតភាព នៅគ្រប់កម្រិត តាំងពីកម្មករនិយោជិតម្នាក់ៗ រហូតដល់ជាតិទាំងមូល សំដៅធ្វើឱ្យគ្រប់សហគ្រាស-គ្រឹះស្ថាន គឺជាសហគ្រាស-គ្រឹះស្ថានកាន់តែមានភាពប្រកួតប្រជែង, គ្រប់ការងារ គឺជាការងារកាន់តែប្រសើរ និងគ្រប់កម្មករនិយោជិត គឺជាកម្មករនិយោជិតកាន់តែមានសមត្ថភាពនិងផលិតភាពខ្ពស់។

គួរបញ្ជាក់ផងដែរថា ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០១៩នេះ ត្រូវបានរៀបចំរួមបញ្ចូលគ្នានូវព្រឹត្តិការណ៍ធំៗពីរជាប់គ្នា ដែលបំពេញឱ្យគ្នាទៅវិញទៅមកគឺ៖
ទី១. ពិព័រណ៍ការងារ ដែលរួមមាន៖ ការតាំងផ្សព្វផ្សាយដោយក្រុមហ៊ុន គ្រឹះស្ថានអប់រំបណ្តុះបណ្តាល ក្រសួង-ស្ថាប័ន និងអង្គការជាតិ-អន្តរជាតិ ដែលនឹងផ្តល់ឱកាសដ៏កម្រដល់សិស្ស-និស្សិត និងអ្នកស្វែងរកការងារ ក្នុងការជួបដោយផ្ទាល់និងដាក់ពាក្យសម្ភាសន៍រកការងារភ្លាមជាមួយនិយោជកដែលកំពុងត្រូវការជ្រើសរើសកម្លាំងពលកម្មចំនួនជាង២ម៉ឺនកន្លែង, ធ្វើការផ្គូផ្គងជំនាញដែលខ្លួនមានទៅនឹងតម្រូវការថ្មីៗនៅក្នុងទីផ្សារការងារ, ធ្វើការដកស្រង់បទពិសោន៍និងទទួលមគ្គទេសក៍ផ្ទាល់ពីអ្នកជំនាញតាមវិស័យសំខាន់ៗ, ព្រមទាំង ឱកាសសម្រាប់ស្វែងរកការអប់រំបណ្តុះបណ្តាល និងការគាំទ្រនានាដើម្បីលើកកម្ពស់អនាគតអាជីពរបស់ខ្លួន។
ជាមួយនេះ អ្នកចូលរួមទាំងអស់នឹងទទួលបាននូវព័ត៌មានទីផ្សារការងារថ្មីៗ មតិយោបល់ និងការអនុវត្តល្អនានា ដែលមានសារសំខាន់សម្រាប់រៀបចំផែនការអាជីព ការអប់រំបណ្តុះបណ្តាល និងធនធានមនុស្ស ព្រមទាំងឱកាសក្នុងការបង្កើតបណ្តាញទំនាក់ទំនងផ្នែកធនធានមនុស្ស ក្នុងចំណោមភាគីពាក់ព័ន្ធសំខាន់ៗ។

ទី២. យុទ្ធនាការលើកកម្ពស់ផលិតភាពការងារជាតិ ដែលរួមមាន៖សន្និសីទស្ដីពី «យុទ្ធសាស្រ្តផលិតភាពសម្រាប់កម្ពុជា៖ ការត្រួសត្រាយផ្លូវសម្រាប់ការប្រកួតប្រជែងជាសកល» ដែលអ្នកជំនាញជាតិ-អន្តរជាតិ នឹងធ្វើការចែករំលែកនូវគំនិត ចំណេះដឹង បទពិសោធន៍ ទស្សនវិស័យនៃការអភិវឌ្ឍបច្ចេកវិទ្យាថ្មីៗ ជាពិសេសបដិវត្តន៍ឧស្សាហកម្មទី៤ និងសារៈសំខាន់នៃការលើកកម្ពស់ផលិតភាព ក្នុងការរក្សាភាពប្រកួតប្រជែងនិងកំណើនរយៈពេលវែង ការកែលម្អការងារ មុខរបរ អាជីព និងប្រាក់ចំណូលប្រជាពលរដ្ឋ សំដៅបង្កើនការយល់ដឹង បណ្តុះផ្នត់គំនិត កែប្រែឥរិយាបថ និងជំរុញឱ្យយុទ្ធនាការនេះក្លាយទៅជាចលនាជាតិនិងវប្បធម៌ ផលិតភាពនៅកម្ពុជា។

លើសពីនេះ ជាផ្នែកមួយនៃយុទ្ធនាការនេះផងដែរ គឺកម្មវិធីប្រកួតប្រជែងកម្មករ និយោជិតឆ្នើម និងរោងចក្រស្អាត(5S) ដែលត្រូវបានចាប់ផ្តើមធ្វើចាប់តាំងពីខែកញ្ញា ឆ្នាំ២០១៩នេះ ហើយដែលជ័យលាភីទាំងអស់ នឹងត្រូវបានប្រកាស និងផ្តល់វិញ្ញាបនបត្រដើម្បីផ្តល់កិត្តិយស និងការទទួលស្គាល់ចំពោះការខិតខំ ចូលរួមចំណែកក្នុងការលើកកម្ពស់ ផលិតភាពនៅកន្លែងធ្វើការ៕

អត្ថបទដែលជាប់ទាក់ទង