ចាប់ខ្លួនជនបង្ក៣នាក់ ករណីបាក់រនាំងដែក កាត់ទទឹងផ្លូវត្រូវមនុស្សស្លាប់
ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចបានស្រាវជ្រាវ ចាប់ខ្លួនជនបង្ក៣នាក់ ករណីបាក់រនាំងដែកកាត់ទទឹងផ្លូវត្រូវមនុស្សស្លាប់ កាលពីវេលាម៉ោង១០និង២០នាទីព្រឹក ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅចំណុចផ្លូវ២០៩ កែងផ្លូវ៤៣០ ភូមិ៤ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
ជនសង្ស័យរួមមាន ៖ ទី១.ឈ្មោះ ញ៉ែម គឿន ភេទប្រុស អាយុ៣៥ឆ្នាំ ស្នាក់នៅផ្ទះជួល ផ្លូវលំ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ មុខរបរបើកបររថយន្ត ។ ទី២.ឈ្មោះ ឆាយ លក្ខ័ភក្ត្រណា ភេទប្រុស អាយុ២៩ឆ្នាំ ស្នាក់នៅផ្ទះជួល ផ្លូវលំ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។ ទី៣ឈ្មោះ អ៊ាត វុទ្ធី ភេទប្រុស អាយុ២៩ឆ្នាំ ស្នាក់នៅផ្ទះជួល ភូមិព្រែកទា៣ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
បច្ចុប្បន្នមនុស្សទាំង៣នាក់ខាងលើ ត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការចាត់ការតាមច្បាប់បន្តទៀត។ ចំណែកសាកសពត្រូវបាន សមត្ថកិច្ចនគរបាលប៉ុស្តិ៍ទំនប់ទឹក និងខណ្ឌបឹងកេងកង សហការជាមួយនគរបាលជំនាញ ផ្នែកបច្ចេកទេសស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើកោសល្យវិច័យដឹកយកទៅតម្កល់ទុកនៅវត្តថ្វាយដង្គំ ដើម្បីធ្វើបុណ្យតាមប្រពៃណី។
សូមបញ្ជាក់ថា កាលពីវេលាម៉ោង១០និង២០នាទីព្រឹក ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅចំណុចផ្លូវ២០៩ កែងផ្លូវ៤៣០ ភូមិ៤ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ មានបុរសម្នាក់បានបែកក្បាលស្លាប់ភ្លាមៗទាំងដែលមានពាក់មួកសុវត្ថិភាព ខណៈដែលកំពុងជិះម៉ូតូតាមដងផ្លូវ ហើយត្រូវរនាំដែកកាត់ទទឹងផ្លូវបាក់រលំសង្កត់ចំក្បាល ខណៈដែលរថយន្តស្ទូចមួយគ្រឿង កំពុងស្ទូចតម្រង់ផ្សារឡើងវិញ ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា សាកសពជនរងគ្រោះមានឈ្មោះ ឡឹម វិសុទ្ធ ភេទប្រុស អាយុ៧៥ឆ្នាំ ស្នាក់នៅផ្ទះលេខ២០អឺ២ហ្សិត ផ្លូវ១០៧ ភូមិ២ សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៩ រថយន្តដឹកទំនិញមួយគ្រឿង ម៉ាកអ៊ីស៊ុយស៊ុយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3E-6415 ចេញពីឃ្លាំងខាងក្រោយសណ្ឋាគារមួយកន្លែង តាមបណ្តោយផ្លូវ៤៣០ ក្រុម២៦ ភូមិ៤ សង្កាត់ទំនប់ទឹក ក្នុងគោលបំណងទៅដឹកទឹកសុទ្ធក្រុមហ៊ុន ណាវី នៅផ្លូវ២០៩ សង្កាត់ទំនប់ទឹក លុះដល់ចំណុចកើតហេតុ បានបុកនិងរនាំងដែលកាត់ផ្លូវ បណ្តាលឲ្យវៀច រួចក៏ឈប់រថយន្ត ក៏មានសន្តិសុខប្រជាការពារខណ្ឌបឹងកេងកង ល្បាតឃើញក៏ឃាត់រថយន្តនិងម្ចាស់ ឲ្យធ្វើរនាំងកាត់ផ្លូវនេះឲ្យត្រង់ឡើងវិញ រួចម្ចាស់រថយន្តឈ្មោះ ញ៉ែម គឿន ថាមានតែកាត់រនាំងដែកទទឹងផ្លូវនេះ ហើយផ្សារភ្ជាប់គ្នាទើបត្រង់ ទើបសន្តិសុខបានរាយការណ៍ទៅថ្នាក់លើរបស់ខ្លួន និងយល់ព្រមឲ្យធ្វើរនាំងដែកនេះឲ្យត្រង់ឡើងវិញ ទើបម្ចាស់រថយន្តនេះ បានហៅជាងផ្សារដែក២នាក់ ម្នាក់ឈ្មោះ ឆាយ លក្ខភក្ត្រ័ណា និងម្នាក់ទៀតឈ្មោះ អ៊ាត វុទ្ធី និងហៅរថយន្តស្ទូចមួយគ្រឿង មិនចាំម៉ាកពណ៌ស ដងស្ទូចពណ៌ក្រហម មានគ្នា២នាក់ ម្នាក់បើកបរ និងម្នាក់ទៀតមើលផ្លូវ មកជួបជុំគ្នា ហើយក៏ទៅទិញដែកអក្សរV២ម៉ែត្រ ដើម្បីយកមកកាត់អបផ្សារភ្ជាប់រនាំងដែកដែលជាងកាត់រនាំងដែកនោះ ហើយឈ្មោះ ញ៉ែម គឿន ក៏ជិះម៉ូតូទៅទិញដែកV នៅផ្លូវ២៧១ ។ លុះជិះត្រឡប់មកវិញ ស្រាប់តែមេជាងផ្សារដែកនោះ តេទូរស័ព្ទមកប្រាប់ថា រនាំងដែកកាត់ទទឹងផ្លូវនោះ ដាច់ធ្លាក់ត្រូវចំមនុស្សប្រុសម្នាក់ ជិះម៉ូតូម៉ាកធូដេ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 1DA-2427 បណ្តាលឲ្យស្លាប់ ដោយសន្តិសុខប្រជាការពារឈ្មោះ វៃ សុខា បានហាមមិនឲ្យឡាន ម៉ូតូឆ្លងកាត់ដែរ ប៉ុន្តែជនរងគ្រោះមិនស្តាប់តាម ទើបឈ្មោះ ញ៉ែម គឿន ជិះម៉ូតូមកមើលកន្លែងកើតហេតុ ឃើញមនុស្សស្លាប់ទៅហើយ៕