ក្រុមចោរមិនស្គាល់អត្តសញ្ញាណចូលលួចគាស់ទូដែកលួចលុយក្នុងហាងលក់ទំនិញ ផ្សារទំនើប ស៊ីងឡុងទាំងកណ្តាលថ្ងៃត្រង់
កណ្តាល ៖ ក្រុមចោរមិនស្គាល់អត្តសញ្ញាណបានចូលលួចគាស់ទូដែកលួចលុយក្នុងហាងលក់ទំនិញ ផ្សារទំនើប ស៊ីងឡុងទាំងកណ្តាលថ្ងៃត្រង់យកចេញទៅបាត់អស់ ដោយមិនឲ្យម្ចាស់ហាងដឹងឡើយ។
ហេតុការណ៍ក្រុមមិនស្គាល់អត្តសញ្ញាណចូលលួចគាស់ទូដែកលួចលុយនេះ បានកើតឡើងកាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅវេលាម៉ោង១២និង០០នាទីថ្ងៃត្រង់ នៅចំណុចហាងលក់ទំនិញ ផ្សារទំនើប ស៊ីងឡុង ភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល ។
តាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ អ៊ូ លីនស៊ីវ ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិចិន ស្នាក់នៅភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ លក់ដូរ ។ ចំណែកជនសង្ស័យ មិនស្គាល់អត្តសញ្ញាណ (គេចខ្លួន)។
តាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងទៀតថា ជនរងគ្រោះបានបាត់បង់សម្ភារដូចជា ៖ ទូដែកចំនួន០១ មានទំហំ ៦០x៤០ ស.ម ដោយក្នុងនោះមាន ៖ ប្រាក់រៀលប្រមាណ ៤០០.០០០៛, ប្រាក់ដុល្លារ ប្រមាណជាង ១០.០០០$, ខ្សែកប្លាកទីន ០១ខ្សែ និងខ្សែ ដៃប្លាកទីន ០១ខ្សែ , លិខិតឆ្លងដែន(ប៉ាស្ព័រ) ០២ក្បាល, កាតធនាគារ មួយចំនួន និងអត្តសញ្ញាណប័ណ្ណជនជាតិចិន ០១សន្លឹក។
តាមដំណើររឿង ៖ ជនរងគ្រោះបានមកបើកហាងលក់ដូរទំនិញគ្រប់មុខ ដែលមានយីហោ ផ្សារទំនើបស៊ីងឡុង ស្ថិតក្នុងភូមិឃុំកើតហេតុខាងលើ រយៈពេលជាងមួយឆ្នាំមកហើយ ពុំដែលបាត់បង់អ្វីឡើយ ។ លុះនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ ជនរងគ្រោះ និងក្រុមគ្រួសារ បាននៅលក់ដូរធម្មតា រហូតដល់វេលាម៉ោង០១និង០០នាទី ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំដដែល ជនរងគ្រោះបានបិទហាង ចាក់សោរត្រឹមត្រូវ រួចនាំគ្នាទៅសម្រាកនៅបន្ទប់ជាន់ទី២ ។ លុះដល់វេលាម៉ោង១២និង០០នាទីថ្ងៃត្រង់ ខែឆ្នាំដដែល ប្ដីរបស់ជនរងគ្រោះ បានចុះមកមើលហាង ស្រាប់តែបាត់មិនឃើញសោរដែលកិបទ្វារពីក្រៅ តែទ្វារនៅបិត ពេលនោះនាំគ្នារុញទ្វារ ចូលទៅមើលក្នុងហាង ស្រាប់តែបាត់ទូដែក ដែលដាក់នៅហាងនោះតែម្ដង រួមទាំងសម្ភារៈដែលមានក្នុងនោះ ដូចបានរៀបរាប់ខាងលើ ។ បន្ទាប់មកនៅវេលាម៉ោង១៦រសៀល ក៏បានរាយការណ៍មកកាន់សមត្ថកិច្ច នគរបាលប៉ុស្ដិ៍សំពៅពូន ។
បច្ចុប្បន្នសមត្ថកិច្ចជំនាញ និងប៉ុស្ដិ៍ បានកំពុងធ្វើការស៊ើបអង្កេតនិងស្រាវជ្រាវ ដើម្បីកំណត់មុខសញ្ញា យកមកចាត់ការតាមនីតិវិធី៕