ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ដេចតេជោ​ ហ៊ុន​ សែន​ និង​ប្រមុខដឹកនាំអាស៊ាន​ ចុះហត្ថលេខាលើអនុស្សរណ: នៃការយោគយល់គ្នារវាងអាស៊ាននិងសមាគមន៍នៃសហព័ន្ធបាល់ទាត់ពិភពលោក(FIFA)

68

ប្រទេសថៃ៖ នៅល្ងាចថ្ងៃទី២វិច្ឆិកាបន្ទាប់ពីបានបញ្ចប់កិច្ចប្រជុំកំពូលពេញអង្គអាស៊ានលើកទី៣៥(35th ASEAN Summit Plenary) រួចមកសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងបណ្តាប្រមុខរដ្ឋប្រមុខរដ្ឋាភិបាលនៃប្រទេសអាស៊ានបានយាងនិងអញ្ជើញជាព្រះរាជាអធិបតីនិងអធិបតីដ៏ខ្ពង់ខ្ពស់បំផុតក្នុងពិធីចុះហត្ថលេខាលើអនុសសារណ:នៃការយោគយល់គ្នារវាងអាស៊ាននិងសមាគមន៍នៃសហព័ន្ធបាល់ទាត់ពិភពលោក(FIFA)  ដែលចុះហត្ថលេខាដោយឯកឧត្តមអគ្គលេខាធិការអាស៊ានជាមួយនិងប្រធានសហព័ន្ធកីឡាបាល់ទាត់ពិភពលោក។

នៅក្នុងពិធីដ៏មានអត្ថន័យនោះលោកអគ្គលេខាធិការអាស៊ាននិងលោកប្រធានសមាគមន៍សហព័ន្ធកីឡាបាល់ទាត់ពិភពលោកបានសំដែងនូវការប្តេជ្ញាចិត្តរួមគ្នាក្នុងការចូលរួមចំណែកអភិវឌ្ឍវិស័យកីឡាបាល់ទាត់ក្នុងចំណោមប្រទេសជាសមាជិកអាស៊ានដែលមានប្រជាជនរស់នៅជាង៦៥០លានាក់។លោកប្រធានសមាគមន៍សហព័ន្ធកីឡាបាល់ទាត់ពិភពលោកបានសំដែងនូវការវាយតម្លៃខ្ពស់និងបានចាត់ទុកថានេះគឺជាលើកទី១ហើយដែលសហព័ន្ធកីឡាបាល់ទាត់ពិភពលោកបានចុះហត្ថលេខាលើអនុស្សារណ: នៃការយោគយល់គ្នារវាងអាស៊ាននិងសមាគមន៍នៃសហព័ន្ធបាល់ទាត់ពិភពលោកក្នុងការរួមចំណែកបណ្តុះបណ្តាលធនធានមនុស្សលើវិស័យកីឡាបាល់ទាត់ក្នុងចំណោមបណ្តាប្រទេសក្នុងតំបន់អាស៊ានឲ្យកាន់តែមានភាពប្រកួតប្រជែងទ្វេឡើងថែមទៀតពិសេសជាមួយនឹងបណ្តាប្រទេសក្នុងតំបន់អឺរ៉ុបនិងប្រទេសក្នុងទ្វីបដទៃទៀតក្នុងពិភពលោក។

លោកប្រធានសមាគមន៍សហព័ន្ធបានមានប្រសាសន៍សំដែងនូវការវាយតម្លៃខ្ពស់ចំពោះបណ្តាមេដឹកនាំអាស៊ានដែលបានធ្វើជាសាក្សីនៅថ្ងៃនេះក្នុងការជំរុញលើកំពស់វិស័យកីឡាបាល់ទាត់ឲ្យកាន់តែមានការរីកចម្រើនថែមទៀតក្នុងបណ្តាប្រទេសនៃតំបន់អាស៊ាន។

នៅក្នុងពិធីនោះដែរបន្ទាប់ពីពិធីចុះហត្ថលេខាលើអនុស្សរណ: នៃការយោគយល់គ្នាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យកីឡាបាល់ទាត់រវាងអាស៊ាននិងសមាគមន៍នៃសហព័ន្ធបាល់ទាត់ពិភពលោករួចមកលោកប្រធានសហព័ន្ធកីឡាបាល់ទាត់ពិភពលោកបានអញ្ជើញថ្វាយនិងជូនអាវកីឡាករភ្ជាប់ដោយព្រះកិត្តិនាមនិងនាមនៃប្រមុខរដ្ឋប្រមុខរដ្ឋាភិបាលអាស៊ានទាំង១០ប្រទេសព្រមទាំងបានថតរូបអនុស្សាវរីយ៍ក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តនោះផងដែរ៕

អត្ថបទដែលជាប់ទាក់ទង