អភិបាលរាជធានីភ្នំពេញ ដឹកនាំគណៈអភិបាល រាជធានី អភិបាលខណ្ឌ ចូលរួមគោរពវិញ្ញណក្ខន្ធព្រះសព សម្ដេចព្រះធម្មលិខិត កិត្តិបណ្ឌិត លាស់ ឡាយ
ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង កាលពីព្រឹកថ្ងៃអាទិត្យ ០៨កេីត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានដឹកនាំគណៈអភិបាលរាជធានី អភិបាលខណ្ឌ បានអញ្ជើញទៅចូលរួមគោរពវិញ្ញណក្ខន្ធព្រះសព សម្ដេចព្រះធម្មលិខិត កិត្តិបណ្ឌិត លាស់ ឡាយ សម្តេចព្រះសង្ឃនាយករងទី១ ព្រះប្រធានថេរសភាពុទ្ធសាសនា នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្តសន្សំកុសល ដែលបានអនិច្ចធម្ម កាលពីថ្ងៃអង្គារ ០២កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩ ក្នុងព្រះជន្ម ១០៦ព្រះវស្សា ដោយព្រះជរាពាធ នៅវត្តសន្សំកុសល។
ក្នុងនាមថ្នាក់ដឹកនាំ និងមន្រ្តីរាជការសាលារាជធានី សាលាខណ្ឌ សង្កាត់ លោកអភិបាលបានចារលើលិខិតចូលរួមរំលែកទុក្ខ ដោយសេចក្តីសោកស្តាយ អាឡោះអាល័យជាទីបំផុត ចំពោះការយាងទទួលព្រះអនិច្ចធម្មរបស់ សម្តេចព្រះធម្មលិខិតកិត្តិបណ្ឌិត លាស់ ឡាយ ដែលព្រះអង្គបានបូជាព្រះកាយ ក្នុងមួយព្រះជន្មរបស់ព្រះអង្គ ដើម្បីចូលរួមចំណែកថែរក្សាព្រះពុទ្ធសាសនាឲ្យបានគង់វង្ស និងចម្រើនរុងរឿងពុទ្ធបរិស័ទឲ្យចូលរួមគោរពប្រតិបត្តិ តាមគន្លងឱវាទរបស់ព្រះពុទ្ធ ហើយព្រះអង្គបានបន្សល់ទុកនូវស្នាព្រហស្តជាច្រើន ឥតគណនាទាំងក្នុងវិស័យពុទ្ធចក្រ និងវិស័យអាណាចក្រ។
លោកអភិបាលរាជធានី ក៏បានបួងសួង និងឧទ្ទិសថ្វាយព្រះរាជកុសលជូនដល់ដួងព្រះវិញ្ញាណក្ខន្ធរបស់សម្តេចព្រះធម្មលិខិតកិត្តិបណ្ឌិត លាស់ ឡាយ បានយាងទៅកាន់សោយសុខក្នុងឋានព្រះបរមសុខជានិច្ច និរន្តរ៍តរៀងទៅ កុំបីឃ្លៀងឃ្លាតឡើយ៕