អាជ្ញាធររាជធានីដាក់ចេញជាវិធានការ ដើម្បីការពារសន្តិសុខសុវត្ថិភាពក្នុងឱកាសបុណ្យឯករាជជាតិព្រះរាជពិធីបុណ្យអុំទូកនិងទប់ស្កាត់ពួកឧទ្ទាមក្រៅច្បាប់
ភ្នំពេញ៖ដើម្បីចូលរួមអបអរសាទរក្នុងឱកាសឱកាសបុណ្យឯករាជជាតិ០៩វិច្ឆិកានិងកំណើតកងយុទ្ធពលខេមរភូមិន្ទ ព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីបនិងសំពះព្រះខែអកអំបុកដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១០–១១–១២ខែវិច្ឆិកាឆ្នាំ២០១៩និងទប់ស្កាត់អោយខាងតែបាននូវពួកឧទ្ទាមក្រៅច្បាប់រដ្ឋបាលរាជធានីភ្នំពេញកាលពីរសៀលថ្ងៃទី០៤វិច្ឆិកានេះបានបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញមួយដោយមានការចូលរួមពីកងកម្លាំងប្រដាប់អាវុធចំណុះអោយគណៈបញ្ជាការឯកភាពរាជធានីដើម្បីមានវិធានការធ្វើយ៉ាងណាអោយព្រះរាជពិធីខាងលើប្រព្រឹត្តិទៅដោយរលូនទទួលបានជោគជ័យនិងប្រជាពលរដ្ឋទទួលបានភាពកក់ក្តៅ។
ក្នុងកិច្ចប្រជុំនេះបានដាក់ចេញជាវិធានការដើម្បីការពារសន្តិសុខសុវត្ថិភាពក្នុងឱកាសពិធីខួបលើកទី៦៦ទិវាបុណ្យឯករាជជាតិ០៩វិច្ឆិកានិងព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីបនិងសំពះព្រះខែអកអំបុកឆ្នាំ២០១៩។
លោកចេវហាក់ស្នងការងនគរបាលរាជធានីក្នុងឱកាសនោះបានមានប្រសាសន៍លើកឡើងពីវិធានការជុំវិញកិច្ចការពារសន្តិសុខសណ្តាប់ធ្នាប់សុវត្ថិភាពការបញ្ជៀសចរាចរណ៍រថយន្តធុនធំ។ ការរៀបចំខួបលើកទី៦៦ទិវាបុណ្យឯករាជជាតិ០៩វិច្ឆិកានិងកំណើតកងយុទ្ធពលខេមរភូមិន្ទព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីបនិងសំពះព្រះខែអកអំបុកឆ្នាំ២០១៩នៅរាជធានីភ្នំពេញ។
ការត្រៀមរៀបចំកន្លែងស្នាក់នៅសំរាប់កីឡាករអ៊ុំទូកស្នាក់នៅនិងការរៀបចំទីលានប្រឆាំងទូក។ការដាក់ចេញនូវផែនការសង្គ្រោះទូកលិចការសង្គ្រោះអ្នកជំងឺនិងផែនការទទួលទានអំបុក០៩វិច្ឆិកា២០១៩។ការរៀបចំតុបតែងលំអរសោភណ្ឌអនាម័យបរិស្ថាននិងអគ្គិសនី។ក្រៅពីនោះក៏បានពិភាក្សាលើការងារមួយចំនួនទៀតជាអាជ្ញាធរខណ្ឌទាំង១៤។
លោកឃួងស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍លើកឡើងថាឆ្នាំនេះខុសប្លែកពីបណ្តាលឆ្នាំកន្លងទៅដោយសារតែឆ្នាំនេះទិវាបុណ្យឯករាជជាតិ០៩វិច្ឆិកានិងកំណើតកងយុទ្ធពលខេមរភូមិន្ទនិងព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីបនិងសំពះព្រះខែអកអំបុកឆ្នាំ២០១៩នៅជាប់គ្នា។ ដូច្នេះទេការងារនេះយើងត្រូវប្រើប្រាស់កម្លាំងទ្វេដងទាំងកិច្ចការពារសន្តិសុខនិងកិច្ចការពារព្រះរាជពិធីបុណ្យការរៀបចំសណ្តាប់ធ្នាប់បរិស្ថាន។
លោកបន្តថាកិច្ចប្រជុំនេះយើងមានទិសដៅតែមួយគឺការពារព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីបនិងសំពះព្រះខែអកអំបុកក៏ដូចជាពិធីបុណ្យឯករាជជាតិ០៩វិច្ឆិកាហើយទិសដៅសំខាន់មួយទៀតគឺការពាររាជរដ្ឋាភិបាលស្របច្បាប់ដែលពួកឧទ្ទាមក្រៅច្បាប់ចង់ផ្តួលរំលំដែលយើងគ្រប់គ្នាបានជ្រោតជ្រៀបហើយ។យើងដាច់ខាតត្រូវការពារអោយបាននូវសប្បាយភាពរបស់បងប្អូនប្រជាពលរដ្ឋយើង។លោកបញ្ជាក់ផងដែរថាយើងបានបែងចែកភារកិច្ចនិងកំណត់ទិសដៅរួចហើយពោលគឺយើងមានអនុគណៈកម្មាធិការចំនួន៥ដែលបានបែងចែករួច។
គួរបញ្ជាក់ថាសម្រាប់ពិធីទទួលទានអំបុកនៅថ្ងៃទី០៩ខែវិច្ឆិកានោះរដ្ឋបាលរាជធានីភ្នំពេញគ្រោងនឹងធ្វើនៅរមណីយដ្ឋានវត្តភ្នំ។ដោយឡែកសម្រាប់ខណ្ឌនិងមន្ទីរផ្សេងៗទៀតក៏នឹងត្រូវប្រារព្ធពិធីនេះឡើងផងដែរដោយមានការចូលរួមពីប្រជាពលរដ្ឋមិនតិចជាង១០ម៉ឺននាក់នោះទេនិងមានចំនួនប្រមាណជាង៩០០ទីតាំង៕