ឯកអគ្គរដ្ឋទូតបារាំង ចង់មកវិនិយោគទឹកស្អាតនៅខេត្តព្រះសីហនុ ដោយសារកំណើនប្រជាពលរដ្ឋ និងការអភិវឌ្ឍលឿន
ព្រះសីហនុ៖ ឯកអគ្គរដ្ឋទូតបារាំង បានថ្លែងថា ភ្នាក់ងារអភិវឌ្ឍបារាំងបានសហការជាមួយកម្ពុជា ចង់មកវិនិយោគទឹកស្អាតនៅខេត្តព្រះសីហនុ ដោយសារកំណើនប្រជាពលរដ្ឋមានការកើនឡើង និងការអភិវឌ្ឍយ៉ាងលឿន និង គោលបំណងនៃដំណើរទស្សនកិច្ចមកខេត្តព្រះសីហនុ ទៅពិនិត្យមើលតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ និងកោះឬស្សី ដែលជាគម្រោងវិនិយោគរបស់បារាំង ព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុ អភិវឌ្ឍដោយសហគ្រាសបារាំង និងគម្រោងអភិវឌ្ឍនៅក្នុងខេត្តព្រះសីហនុ ។
លោកស្រី EVA NGUYEN BINH ឯកអគ្គរដ្ឋទូតបារាំង ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសមជាមួយលោក គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ នៅសាលាខេត្តព្រះសីហនុ នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ។
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានទទួលស្វាគមន៍ដោយគូសបញ្ជាក់ថា កម្ពុជា និងបារាំងមានទំនាក់ទំនងការទូតជាប្រវត្តិសាស្ត្រ មកដល់បច្ចុប្បន្នកិច្ចសហប្រតិបត្តិការកាន់តែល្អប្រសើរ ។ សម្រាប់ខេត្តព្រះសីហនុ មានសមិទ្ធផលរបស់បារាំង ដូចជាទំនប់ប៊ុលឌែ នៅក្នុងស្រុកព្រៃនប់ មានសារសំខាន់ណាស់សម្រាប់ឱ្យប្រជាកសិករធ្វើកសិកម្មលើផ្ទៃដី ១៥.០០០ហិចតា ដោយសារតែរដូវវស្សាមានជំនន់ទឹកភ្លៀងធ្វើឱ្យទំនប់នេះ មាននូវការខូចខាតនៅកន្លែងមួយចំនួនម្យ៉ាងទៀត ទំនប់នេះមានសភាពចាស់ទ្រុឌទ្រោម ដែលកន្លងមកក្រសួងធនធានទឹក បានធ្វើការជួសជុលជូនប្រជាពលរដ្ឋប្រើប្រាស់ ។ បច្ចុប្បន្នមានប្រជាពលរដ្ឋរស់នៅតាមសងខាងទំនប់ ម្យ៉ាងទៀតទំនប់ប៊ុលឌែ ខណ្ឌទឹកប្រៃ កុំឱ្យហូរចូលស្រែប្រជាកសិករ និងជាផ្លូវធ្វើចរាចរដឹកជញ្ជូនផលិតផលកសិកម្មយ៉ាងសំខាន់ និងសំណូមពរឱ្យស្ថានទូតបារាំង ជួយគាំទ្រក្នុងការជួសជុលទំនប់នេះបន្តទៀត ។
លោក អភិបាលខេត្ត បានជម្រាបជូនពីកត្តាភូមិសាស្ត្រ និងសក្តានុពលរបស់ខេត្ត មានឆ្នេរសមុទ្រប្រវែង ១៧៥គីឡូម៉ែត្រ កោះ ៣២ ដែលរាជរដ្ឋាភិបាលបានកំណត់ខេត្តព្រះសីហនុជាតំបន់សេដ្ឋកិច្ចគំរូពហុបំណងដែលមនបណ្ដាញគមនាគមន៍តភ្ជាប់មានកំពង់ផែទឹកជ្រៅ ផ្លូវដែក ផ្លូវគោកមផ្លូវអាកាស កំពុងសាង សង់ផ្លូវល្បឿនលឿន និងអាចរួចរាល់នៅចុងឆ្នាំ២០២២ ។ រាជរដ្ឋាភិបាលកម្ពុជា បានធ្វើសម្បទានព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុ ទៅឱ្យក្រុមហ៊ុនបារាំង ក្នុងកិច្ចសហប្រតិបត្តិការជំរុញអភិបាលកិច្ច បច្ចុប្បន្នមានប្រជពលរដ្ឋមករកស៊ីនៅខេត្តព្រះសីហនុ បង្កើតជាក្លឹប ភោជនីយដ្ឋាន ហើយនៅ៩ខែដើមឆ្នាំ២០១៩នេះ ភ្ញៀវទេសចរបារាំងមកកាន់ខេត្តព្រះសីហនុ មានចំនួន ជាង ១ម៉ីននាក់ បើធៀបនឹង ៩ខែ ២០១៨ កើន ២,៥ភាគរយ ។ ដោយសារការអភិវឌ្ឍរយៈពេល ៣ឆ្នាំចុងក្រោយនេះធ្វើឲ្យផ្លូវថ្នល់រងការខូចខាតយ៉ាងច្រើន ដោយសារការដឹកជញ្ជូន ធ្វើឱ្យផ្លូវថ្នល់មិនអាចធានាបាន ដែលរាជរដ្ឋាភិបាលបានបញ្ចេញថវិកាធ្វើការជួសជុលកែលម្អ ពង្រីកបន្ថែម គ្រោបើកការដ្ឋាននៅថ្ងៃទី១៦ ខែវិច្ឆិកាខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។
លោកស្រី EVA NGUYEN BINH ឯកអគ្គរដ្ឋទូតបារាំង មានប្រសាសន៍ថា លោកស្រីមកខេត្តព្រះសីហនុ ២ឆ្នាំកន្លងមកហើយ មកដល់បច្ចុប្បន្ន ខេត្តមានការអភិវឌ្ឍលឿន គោលបំណងនៃដំណើរទស្សនកិច្ចមកខេត្តព្រះសីហនុ ទៅពិនិត្យមើលតំបន់មួយចំនួនមានដូចជា តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ និងកោះឬស្សី ដែលជាគម្រោងវិនិយោគរបស់បារាំង ព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុ អភិវឌ្ឍដោយសហគ្រាសបារាំង និងគម្រោងអភិវឌ្ឍនៅក្នុងខេត្តព្រះសីហនុ ។ ភ្នាក់ងារអភិវឌ្ឍបារាំងបានសហការជាមួយកម្ពុជា លើគម្រោងទឹកស្អាត នៅរាជធានីភ្នំពេញ និងខេត្តសៀមរាប ហើយក៍ចង់មកវិនិយោគទឹកស្អាតនៅខេត្តព្រះសីហនុ ដោយសារកំណើនប្រជាពលរដ្ឋមានការកើនឡើង និងការអភិវឌ្ឍយ៉ាងលឿន បញ្ហាទឹកស្អាតក៏ជាតម្រូវការចាំបាច់មួយផងដែរ ។
ជាចុងក្រោយ លោក អភិបាលខេត្ត បានថ្លែងអំណរគុណ លោកស្រី EVA NGUYEN BINH ឯកអគ្គរដ្ឋទូតបារាំងដែលបានអញ្ជើញមកធ្វើទស្សនកិច្ចខេត្តព្រះសីហនុ និងស្នើសុំឱ្យរដ្ឋាភិបាលបារាំងបន្តគាំទ្រសន្តិភាពនៅកម្ពុជា ដើម្បីការអភិវឌ្ឍ និងការរស់នៅប្រកបដោយសុខដុមរម្យនីយកម្ម ៕