អាជ្ញាធរម៉ាឡេស៊ី បានចាប់ និងឃុំ ខ្លួនពលរដ្ឋកម្ពុជា ពីរនាក់ ដែលជា សកម្មជនគណបក្សប្រឆាំង
ភ្នំពេញ៖ បើតាមការផ្សាយលើផេកហ្វេសប៊ុករបស់នាយកដ្ឋានព័ត៌មាន អគ្គនាយកដ្ឋានយោធសេវាថា អាជ្ញាធរម៉ាឡេស៊ី បានចាប់ និងឃុំ ខ្លួនពលរដ្ឋកម្ពុជាពីរនាក់ ដែលជា សកម្មជនគណបក្សប្រឆាំង អំឡុងពេលពួកគេកំពុងរង់ចាំជើងហោះហើរធ្វើដំណើរ ឆ្ពោះទៅកាន់ប្រទេសថៃ ក្នុងគោលបំណងចូលរួមសកម្ម ភាពជាមួយរបស់ សម រង្ស៊ី និងបក្ខ ពួកដើម្បីប្រឆាំងរាជរដ្ឋាភិបាល។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩។ ទីភ្នាក់ងារព័ត៌មាន Reuters ផ្អែកលើប្រភពបានមកពី គណៈកម្មាការសិទ្ធិមនុស្សម៉ាឡេស៊ី បានឱ្យដឹងទៀតថា សកម្មជនបក្សប្រឆាំងទាំងពីរនាក់ខាងលើ មានម្នាក់ជាអ្នកសុំសិទ្ធិជ្រកកោន ត្រូវបានអាជ្ញាធរម៉ាឡេស៊ី ចាប់និងឃុំខ្លួន ជាបណ្ដោះអាសន្នកាលពីយប់ថ្ងៃចន្ទ ហើយត្រូវបានបណ្ដេញឱ្យត្រឡប់ទៅប្រទេសកំណើត របស់ពួកគេវិញ នៅរសៀលថ្ងៃអង្គារនេះ។ ប៉ុន្តែខាងនាយកដ្ឋានអន្តោប្រវេសន៍ និងក្រសួងការបរទេសម៉ាឡេស៊ី រួមទាំងអង្គការ UNHCR មិនទាន់ធ្វើអត្ថាធិប្បាយណាមួយនៅឡើយទេ ជុំវិញព័ត៌មាននេះ។ បើតាមអង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch ពលរដ្ឋខ្មែរទាំងពីរនាក់ខាងលើ គឺជាសមាជិកអតីតគណបក្សសង្រ្គោះជាតិ (CNRP) ដែលត្រូវបានរដ្ឋាភិបាលកម្ពុជាចាត់ទុកថា ជាក្រុមឧទ្ទាមក្រៅច្បាប់។
ពាក់ព័ន្ធនឹងសកម្មជនរបស់អតីតគណបក្សប្រឆាំង ទាំងពីរ ដែលត្រូវបានអាជ្ញាធរម៉ាឡេស៊ីចាប់នោះ គេមិនទាន់ដឹងច្បាស់អំពីអត្តសញ្ញាណ អ្នកទាំងពីរនាក់នោះទេ៕