អគ្គព្រះរាជអាជ្ញាអាស៊ាន-ចិន ពង្រឹងកិច្ចសហប្រតិបត្តិការការពារ ប្រកបដោយឆន្ទៈរួមតែមួយ ក្នុងការប្រយុទ្ធប្រឆាំង “អំពើជួញដូរមនុស្ស
សៀមរាប៖ សម្តេចតេជោ ហ៊ុន សែន បានស្នើឲ្យអគ្គព្រះរាជអាជ្ញាអាស៊ាន-ចិន ត្រូវរួមគ្នាធ្វើកិច្ច សហប្រតិបត្តិការឱ្យបានជិតស្និទ្ធជាមួយបញ្ហាស្ថាប័ន និងប្រទេសពាក់ព័ន្ធនឹង ” អំពើជួញដូរមនុស្ស” ជាពិសេសនៅក្នុងប្រទេសឆ្លងកាត់ និងប្រទេសគោលដៅ ដើម្បីឆ្លើយតប និងដោះស្រាយឱ្យបានទាន់ពេលកំណត់ ប្រកបដោយប្រសិទ្ធភាព និងតម្លាភាព ។
នៅព្រឹកថ្ងៃពុធទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកសន្និសីទ អគ្គព្រះរាជអាជ្ញាអាស៊ាន-ចិនលើកទី១២ ក្រោមប្រធានបទ “តួនាទីព្រះរាជអាជ្ញាក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅក្នុងតំបន់” ដែលប្រារព្ធធ្វើឡើង នៅខេត្តសៀមរាប។ សន្និសីទនេះ គឺមានរយៈពេលពីរថ្ងៃ ហើយមានការអញ្ជើញចូលរួមពីអគ្គព្រះរាជអាជ្ញា អគ្គរដ្ឋអាជ្ញា ប្រធានប្រតិភូមកពីបណ្តាប្រទេសនៃសមាគមអាស៊ាន និងប្រទេសចិនផងដែរ។
សម្តេចតេជោបានថ្លែងអំណរគុណលោក លោកស្រីអគ្គព្រះរាជអាជ្ញា អគ្គរដ្ឋអាជ្ញា នៃបណ្តាប្រទេសសមាគមអាស៊ាន និងសាធារណរដ្ឋប្រជាមានិតចិន និងភ្ញៀវកិត្តិយសជាតិ អន្តរជាតិទាំងអស់ ដែលកំពុងមានវត្តមាននៅលើទឹកដីខេត្តសៀមរាបអង្គរនេះ។ សម្តេចតេជោបានមានប្រសាសន៍បន្តថា កម្ពុជាពិតជាមានកិត្តិយសដែលបានធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទដ៏មានសារសំខាន់នេះ ស្របពេលដែលប្រទេសសមាជិកអាស៊ាន ក៏ដូចជាប្រទេសនៅក្នុងតំបន់កំពុងរួមគ្នាប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដែលជាឧក្រិដ្ឋកម្មឆ្លងដែនប្រកបដោយគ្រោះថ្នាក់ ហើយកំពុងរីករាលដាលនៅក្នុងតំបន់របស់យើង ។
សម្តេចតេជោបានមានប្រសាសន៍បន្តថា អំពើជួញដូរមនុស្ស គឺជាគោលនយោបាយដ៏សំខាន់ ដែលរាជរដ្ឋាភិបាលបានផ្តោតការយកចិត្តទុកដាក់ខ្ពស់ និងបានអនុវត្តកន្លងមក តាមរយៈការផ្សព្វផ្សាយគ្រប់ទម្រង់នៃ “អំពើជួញដូរមនុស្ស” តាំងពីថ្នាក់ជាតិរហូត ដល់ថ្នាក់មូលដ្ឋាន ។ ជាក់ស្តែងរាជរដ្ឋាភិបាលបានប្រារព្ធទិវាប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្សនៅឆ្នាំ ២០១៨ កន្លងមក។ ជាមួយនេះ រាជរដ្ឋាភិបាលបានធ្វើកិច្ចសហប្រតិបត្តិការ យ៉ាងជិតស្និទ្ធជាមួយអង្គការជាតិអន្តរជាតិនានា និងទូរទស្សន៍ បង្កើតឱ្យមានជាឃ្លីបវីឌីអូ និងបទយកការណ៍ ដើម្បីបង្ហាញឱ្យប្រជាពលរដ្ឋគ្រប់ស្រទាប់ យល់ដឹងនូវអំពើជួញដូរមនុស្ស ជាមួយនឹងការបង្កើតនូវយន្តការផ្សព្វផ្សាយ ជាប្រចាំឱ្យបានទូលំទូលាយនៅទូទាំងប្រទេស ។ ដូច្នេះ ដើម្បីដោះស្រាយបញ្ហាសកលនេះ ឱ្យបានទាន់ពេលវេលា បញ្ហាប្រទេសសមាជិកអាស៊ាន- ចិនត្រូវមានគោលការណ៍រួមមួយ ឯកភាពគ្នា សហការគ្នាយ៉ាងជិតស្និទ្ធ ប្រកប ដោយប្រសិទ្ធភាព និងតម្លាភាព ។
ក្នុងឱកាសនោះផងដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី បានចែករំលែកនូវអនុសាសន៍មួយចំនួន ដល់អង្គសន្និសីទដូចខាងក្រោម៖
១)អគ្គព្រះរាជអាជ្ញាអាស៊ាន-ចិន ត្រូវរួមគ្នាធ្វើកិច្ច សហប្រតិបត្តិការឱ្យបានជិតស្និទ្ធជាមួយបញ្ហាស្ថាប័ន និងប្រទេសពាក់ព័ន្ធនឹង ” អំពើជួញដូរមនុស្ស” ជាពិសេសនៅក្នុងប្រទេសឆ្លងកាត់ និងប្រទេសគោលដៅ ដើម្បីឆ្លើយតប និងដោះស្រាយឱ្យបានទាន់ពេលកំណត់ ប្រកបដោយប្រសិទ្ធភាព និងតម្លាភាព ។
២)អគ្គព្រះរាជអាជ្ញាអាស៊ាន-ចិន ត្រូវរួមគ្នាពិនិត្យ និងវាយតម្លៃបញ្ហា ” អំពើជួញដូរមនុស្ស” តាមរយៈស្មារតីទទួលខុសត្រូវខ្ពស់ ប្រកបដោយគុណភាព និងប្រសិទ្ធភាព ជាមួយប្រទេស និងស្ថាប័នពាក់ព័ន្ធ ដូចមានចែងក្នុងកិច្ចព្រមព្រៀង ឬ អនុស្សរណៈនៃការយោគយល់គ្នា ដែលបានចុះហត្ថលេខាកន្លងមក ។
៣)អគ្គព្រះរាជអាជ្ញាអាស៊ាន-ចិន និងស្ថាប័នពាក់ព័ន្ធត្រូវរួមគ្នាបន្ត និងបង្កើនកិច្ចសហការឱ្យបានទូលំទូលាយ បង្កលក្ខណៈងាយស្រួល និងចូលរួមផ្តល់ធនធានសម្រាប់ប្រតិបត្តិការជាប្រព័ន្ធ ដើម្បីអាចឆ្លើយតបបញ្ហាបានទាន់ពេលវេលាស្តីពី “អំពើជួញដូរមនុស្ស” ប្រកបដោយប្រសិទ្ធភាពខ្ពស់ ។
៤)អគ្គព្រះរាជអាជ្ញាអាស៊ាន-ចិនត្រូវរួមគ្នាធ្វើកំណត់ត្រា និងចងក្រងរបាយការណ៍ជាមួយនឹងភស្តុតាងជាក់ស្តែង ដើម្បីបង្ហាញអំពីកិច្ចខិតខំប្រឹងប្រែងរួមគ្នា ជាមួយស្ថាប័នពាក់ព័ន្ធ ក្នុងការចូលរួមប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដែលជាឧក្រិដ្ឋកម្មបង្កគ្រោះថ្នាក់ ដល់សង្គមជាតិ និងកំពុងប៉ះពាល់ដល់កិច្ចដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅក្នុងតំបន់ និងសកលលោក ។
សម្តេចតេជោសង្ឃឹមថា អង្គសន្និសីទនឹងបន្តប្រើប្រាស់យន្តការអគ្គព្រះរាជអាជ្ញាអាស៊ាន-ចិន ដែលជាវេទិកាពង្រឹងកិច្ចសហប្រតិបត្តិការការពារ ប្រកបដោយឆន្ទៈរួមតែមួយ ក្នុងការប្រយុទ្ធប្រឆាំង “អំពើជួញដូរមនុស្ស” និងបទល្មើសឆ្លងដែនគ្រប់រូបភាព ដើម្បីធានានូវសន្តិសុខ និងសុវត្ថិភាពឆ្លងដែនដល់បញ្ហាប្រជាជន នៅក្នុងប្រទេសអាស៊ាន-ចិន និងនៅក្នុងតំបន់ផងដែរ៕