ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប៉ូលិសអន្តោប្រវេសន៍ម៉ាឡេស៊ី មិនឲ្យអ្នកស្រី មួរ សុខហួរ ចូលទឹកដីម៉ាឡេស៊ី ស្របពេលរត់ចេញពីឥណ្ឌូណេស៊ី

64

ភ្នំពេញ៖ អ្នកស្រី មួរ សុខហួរ បា​នទៅដល់ទីក្រុងកូឡាឡាំពួរ (Kuala Lumpur) ប្រទេសម៉ាឡេស៊ី (Malaysia) នៅរាត្រីថ្ងៃទី ៦
ខែ វិច្ឆិកា ក្រោយពីអ្នកស្រី​បាន​ធ្វើសន្និសី​ទសារ​ព័ត៌​មាន នៅក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី
ហើយត្រូវឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសឥណ្ឌូណេស៊ី ស្នើឲ្យអាជ្ញាធរឥណ្ឌូណេស៊ី ចាប់ខ្លួនអ្នកស្រី មួរ សុខហួរ។ ប៉ុន្តែ
ប៉ូលិសអន្តោប្រវេសន៍ម៉ា​ឡេ​ស៊ី មិនអនុញ្ញាតឲ្យអ្នកស្រី ចូលប្រទេសម៉ាឡេស៊ីទេ ​គិ​តត្រឹម​ជាង ១២ រំលងអធ្រាត្រ ថ្ងៃទី៦ ខែ
វិច្ឆិកា។ នេះបើតាមការផ្សាយរបស់គេហទំព័រ វិទ្យុអាស៊ីសេរី (rfa) ដែលមានទំនោរទៅរកបក្សប្រឆាំង កាលពីយប់ថ្ងៃទី៧
ខែវិច្ឆិកានេះ។

សូមបញ្ជាក់ថា ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសឥណ្ឌូណេស៊ី បានស្នើឱ្យអាជ្ញាធរឥណ្ឌូណេស៊ីចាប់ខ្លួន លោកស្រី មូរ
សុខហួរ មេដឹកនាំម្នាក់របស់ក្រុមពួកឧទ្ទាម ដែលប៉ងធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា។
បន្ទាប់ពីមានការស្នើឱ្យអាជ្ញាធរឥណ្ឌូណេស៊ីចាប់ខ្លួននោះ លោកស្រី មួរ សុខហួរ បានអះអាងថា
លោកស្រីនឹងចាកចេញពីប្រទេសឥណ្ឌូណេស៊ីនៅយប់ថ្ងៃទី៦ ខែវិច្ឆិកានេះ
ដោយធ្វើដំណើរទៅប្រទេសក្នុងតំបន់អាស៊ានមួយទៀត។
ក្នុងវីដេអូផ្សាយផ្ទាល់លើហ្វេសប៊ុករបស់ខ្លួន អតីមន្ត្រីគណបក្សប្រឆាំងរូបនេះ បានបញ្ជាក់ថា
ខ្លួនកំពុងស្ថិតនៅព្រលានយន្តហោះឥណ្ឌូណេស៊ី ទីក្រុងហ្សាការតា ដើម្បីរកចាំហោះចេញទៅប្រទេសមួយទៀតនៅអាស៊ាន។ ប៉ុន្តែ
លោកស្រីមិនបានបញ្ជាក់ថា ទៅប្រទេសណានោះទេ។

តាមរយៈសេចក្តីប្រកាសរបស់ស្ថានទូតកម្ពុជាប្រចាំនៅប្រទេសឥណ្ឌូណេស៊ី នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះបានបញ្ជាក់ថា
សាធារណរដ្ឋឥណ្ឌូណេស៊ី និងកម្ពុជា គឺជាមិត្តជិតស្និទ្ធនឹងគ្នាអស់រយៈពេល៦០ឆ្នាំមកហើយ។
ដូច្នេះស្ថានទូតកម្ពុជាប្រចាំនៅហ្សាការតា សូមស្នើឲ្យអាជ្ញាធរឥណ្ឌូណេស៊ីធ្វើការចាប់ខ្លួន លោកស្រី មូរ សុខហួរ
ហើយបញ្ជូនលោកស្រីមកកាន់កម្ពុជាជាបន្ទាន់ នៅក្រោមស្មារតីពិតរបស់អាស៊ាន។
ស្ថានទូតកម្ពុជាបានបញ្ជាក់ថា លោកស្រី មូរ សុខហួរ គឺជាអនុប្រធានគណបក្សសង្រ្គោះជាតិកម្ពុជា (CNRP)
ដែលត្រូវបានតុលាការកំពូលនៃប្រទេសកម្ពុជា សម្រេចរំលាយចោល នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។
គណបក្សលោកស្រីសព្វថ្ងៃ គឺជាបក្សខុសច្បាប់នៅកម្ពុជា។ លោកស្រី គឺជាជនល្មើសដែលរត់គេចខ្លួន
ហើយត្រូវបានសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាចាប់ខ្លួនលោកស្រី កាលពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩កន្លងទៅនេះ
ពាក់ព័ន្ធការប៉ុនប៉ង ផ្តួលរំលំរដ្ឋាភិបាលដែលជាប់ឆ្នោតស្របច្បាប់។
ស្ថានទូតបានបន្តថា ជាជាងមកប្រឈមមុខតាមផ្លូវច្បាប់ លោកស្រី មូរ សុខហួរ បានភៀសខ្លួនចេញពីប្រទេសកម្ពុជា
ហើយលោកស្រីកំពុងជ្រកកោននៅសហរដ្ឋអាមេរិក។ រាជរដ្ឋាភិបាលកម្ពុជា
បានដាក់សំណើទៅកាន់បណ្តារដ្ឋជាសមាជិកអាស៊ានទាំងអស់ឲ្យចាប់ខ្លួន និងបញ្ជូនលោកស្រី មូរ សុខហួរ
មកកាន់ប្រទេសកម្ពុជា ប្រសិនបើលោកស្រីឈានជើងជាន់ទឹកដីរបស់ពួកគេ។
ស្ថានទូតកម្ពុជាក៏បានបញ្ជាក់ទៀតថា ក្រោមស្មារតីពិតនៃសមាគមអាស៊ាន រាជរដ្ឋាភិបាលនៃប្រទេសថៃ បានបណ្តេញលោកស្រី
មូរ សុខហួរ កាលពីថ្ងៃទី២០ ខែតុលា កន្លង មកនេះឲ្យទៅទីក្រុងគូឡាឡាំពួវិញ
នៅពេលលោកស្រីបានទៅដល់អាកាសយានដ្ឋានសុវណ្ណភូមិ នៃទីក្រុងបាងកក។ នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩
អាជ្ញាធរម៉ាឡេស៊ីបានចាប់ឃាត់ខ្លួនសកម្មជនកម្ពុជា២នាក់ ដែលព្យាយាមឡើងយន្តហោះឆ្ពោះទៅកាន់ ទីក្រុងបាងកក
ខណៈពួកគេ គឺជាអ្នកគាំទ្រអតីតគណបក្ស CNRP របស់លោកស្រី មូរ សុខហួរ៕

អត្ថបទដែលជាប់ទាក់ទង