ក្រសួងបរិស្ថាន សហការជាមួយដៃគូ រៀបចំព្រឹត្តិការណ៍ប្រគំតន្រ្តី ក្រោមប្រធានបទ “តូរ្យតន្ត្រីដើម្បីកិច្ចគាំពារបរិស្ថាន សូមនិយាយថាទេចំពោះប្លាស្ទិក”
ភ្នំពេញ៖ នារសៀលថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រសួងបរិស្ថានរួមនឹងដៃគូ សហការបានរៀបចំសន្និសីទកាសែតមួយ ដើម្បីជម្រាបជូនសាធារណជន អំពីការប្រគំតន្រ្តី ដើម្បីបញ្ជ្រាបចំណេះដឹងបរិស្ថាន និងកែប្រែឥរិយាបថសាធារណជន ទាក់ទងនឹងសំណល់ប្លាស្ទិក ដែលជាក្តីកង្វក់របស់កម្ពុជាក៏ដូចជាសកលលោក។ ការប្រគំតន្ត្រីរយៈពេល ៣ ថ្ងៃដោយមានការសហការរៀបចំពីក្រុមហ៊ុន បារមី ប្រូដាក់សិន ដោយមានការគាំទ្រឧបត្ថម្ដោយយអង្គការ UNDP ស្ថានទូតស៊ុយអ៊ែតប្រចាំនៅកម្ពុជា ស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា សហភាពអឺរ៉ុបប្រចាំកម្ពុជាក្រុមហ៊ុនមីស៊ុយបីស៊ី ផលិតកម្មបូរមី និង ក្រុមហ៊ុនForte។
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានដែល ដឹកនាំសន្និសីទសារព័ត៌មាន បានបន្តថា កន្លងមក ក្រសួងបរិស្ថានជាសេនាធិការ ឱ្យរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយ និងយុទ្ធនាការផ្សព្វផ្សាយជាច្រើនទាក់ទងនឹងប្លាស្ទិក ដើម្បីបញ្ជ្រាបនូវចំណេះដឹងពី ផលប៉ះពាល់សំណល់ប្លាស្ទិក ចំពោះ បរិស្ថាន ជីវចម្រុះ និងសុខភាពសាធារណៈ សំដៅធ្វើយ៉ាងណា កែប្រែផ្នត់គំនិត និងឥរិយាបទរបស់ប្រជាពលរដ្ឋ ជាពិសេសអ្នកប្រើប្រាស់ថង់ប្លាស្ទិក មកចូលរួមកាត់បន្ថយ និងឈានទៅបញ្ឈប់តែ
ម្តង។ បើតាមការឱ្យដឹងរបស់លោកនេត្រ ភក្ត្រា បរិមាណសំរាម សំណល់ទីប្រជុំជនដែលបានបង្កើតឡើងគឺជាង ១ម៉ឺនតោនក្នុងមួយថ្ងៃ។ សរុប មួយឆ្នាំ បរិមាណសំរាមដែលកម្ពុជា បង្កើតមានប្រមាណជិត ៤ លានតោន ក្នុងនោះ ២០%នៃ សំណល់សំរាមនេះគឺជាសំណល់ថង់ប្លាស្ទិក។
លោករដ្ឋលេខាធិការក្រសួងបរិស្ថានបានថ្លែងថា ខេត្តរាជធានីធំៗដែលផលិតបរិមាណសំរាមច្រើនរួមមាន៖ រាជធានីភ្នំពេញប្រមាណជាង ៣០០០ តោនក្នុងមួយ ថ្ងៃ ក្រុងព្រះសីហនុប្រមាណ ៧០០តោនក្នុងមួយថ្ងៃ និងក្រុងសៀមរាប ៣៨០ តោនក្នុងមួយថ្ងៃ។ តាមការប៉ានប្រមាណ ភាគរយនៃប្លាស្ទិកដែលប្រមូលបាន តាមរយៈការបោសសម្អាតតាមផ្លូវក្នុងក្រុងចំនួន ៣ គឺ ១៧,៣% ក្នុងរាជធានីភ្នំពេញ ២០,៧%ក្នុងខេត្តសៀមរាប និង ៣៤% ក្នុងខេត្តព្រះសីហនុ។ លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ថាសព្វថ្ងៃសេដ្ឋកិច្ចកម្ពុជា យើងកំពុងរីកលូតលាស់ សង្គមយើងកាន់តែចាយវាយកាន់តែច្រើន និងងាកទៅ រកផលិតផលប្រើប្រាស់កាន់តែងាយស្រួលដូចជាផលិតផលប្លាស្ទិកដែលប្រើតែម្តងហើយ យើងបោះចោល។ នៅក្នុងប្រទេសកម្ពុជាតាមទីក្រុងធំៗ ប្រជាពលរដ្ឋម្នាក់ប្រើប្រាស់ថង់ប្លាស្ទិកពី ៤០ ទៅ ៥២ ថង់ប្លាស្ទិកក្នុងមួយសបា្តហ៍។ ហេតុដូច្នេះហើយបានជាការរៀបចំការប្រគំតន្ត្រី នៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុកឆ្នាំនេះ ក្រសួងបរិស្ដានសហការជាមួយ ដៃគូរៀបចំការប្រគំតន្ត្រីដើម្បីអប់រំ ប្រជាពលរដ្ឋឱ្យបានយល់ដឹងពីបញ្ហាបរិស្ថាន និងការបំពុលដោយសំណល់ប្លាស្ទិក។
កញ្ញា ឡូរ៉ា ម៉ម តារាចម្រៀងនៃក្រុមហ៊ុន បារមី ប្រូដាក់សិន បានបង្ហាញនូវចំណាប់អាម្មរណ៍ថា នេះជាឱកាសដ៏អស្ចារ្យ ក្នុងនាមផលិតកម្មបារមី និងតំណាងអោយសិល្បករសិល្បការិនីខ្មែរ ដែលបានបង្ហាញនូវគំនិតច្នៃប្រឌិត ទេពកោសល្យ និងការប្រើឥទ្ធិពលនៃតន្រ្តី ដើម្បីផ្លាស់ប្តូរទម្លាប់មិនល្អ នៃការចោលសំរាម និងសំនល់ប្លាស្ទិក។ លោក Nick Beresford តំណាងអង្គការ UNDP នៅកម្ពុជា បានសម្តែងនូវការសប្បាយរីករាយ ដោយបានចូលរួមក្នុងព្រឹត្តិការណ៍ប្រគំតន្រ្តីក្នុងបុព្វហេតុបរិស្ថាន ដោយសារកាកសំណល់ប្លាស្ទិក គឺជាបញ្ហាប្រឈមរបស់កម្ពុជា តាមរយៈការស្រាវជ្រាវក្នុង១ឆ្នាំ កម្ពុជាមានសំណល់សំរាមប្រមាណ ៤ លានតោន ក្នុងនោះ ២០% ជាសំណល់ប្លាស្ទិក ហើយកន្លងមក UNDP បានសហការគាំទ្រជាមួយក្រសួងបរិស្ថានតាមរយៈយុទ្ធនាការ 4R គឺ បដិសេធ កាត់បន្ថយ ប្រើប្រាស់ឡើងវិញ និងកែច្នៃ។
លោក Magnus Saemindsson លេខាទូតទី១នៃស្ថានទូតស៊ុយអ៊ែតប្រចាំកម្ពុជា បានបង្ហាញនូវចំណាប់អាម្មរណ៍ថា ពិតណាស់ពិភពលោក និងកម្ពុជា ក៏ដូចជាប្រទេសស៊ុយអ៊ែត គឺកំពុងខ្វាយខ្វល់ពីសំណល់ប្លាស្ទិកដូចនេះការចូលរួមនូវព្រឹត្តិការណ៍ គឺជាកិច្ចការដ៏ល្អដើម្បីរួមគ្នាក្នុងកិច្ចគាំពារបរិស្ថាន។ គួរបញ្ជាក់ថា ប្លាស្ទិកគឺជាសារធាតុម្យ៉ាងស្តើងដែលមានភាពយឺត ទន់ ងាយស្រួលបត់បែន និងប្រើប្រាស់បានយូរ ប៉ុន្តែវាបង្កផលប៉ះពាល់ជាច្រើនដល់បរិស្ថាន និងសុខភាពមនុស្ស។ ប្លាស្ទិកភាគច្រើនធ្វើឡើងពីធនធានធម្មជាតិកម្ររ រួមមានដូចជាប្រេង ធ្យូងថ្ម និងសែនល្យូលូស ដែលធនធានទាំងងនេះសុទ្ធតែពិបាកនឹងកកើតឡើងវិញ។ ថង់ប្លាស្ទិកអាចត្រូវការពេលយូរដើម្បីពុកផុយ ចំណែកឯប្រអប់ស្នោដាក់អាហារ អាចត្រូវការពេលរាប់ពាន់ឆ្នាំ។
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានបានបង្ហាញជំនឿជឿជាក់ថាការប្រគំតន្ត្រី នៅមុខទីស្តីការក្រសួងបរិស្ថានដោយមាន ការចូលរួមសម្តែងពីតារាចម្រៀងល្បីៗ នៅក្នុងព្រះរាជាណាចក្រកម្ពុជាដូចជា លោកព្រាប សុវត្ថិ កញ្ញា សុខ ពិសី កញ្ញា ឡូរ៉ា ម៉មជាដើមនឹងជាឱកាសផ្តល់ការសប្បាយរីករាយ ផង និងបញ្ជ្រាបសារអប់រំបរិស្ថាន បញ្ជ្រាបចំណេះដឹងបរិស្ថានជូនប្រជាពលរដ្ឋ ដែលមកដើរកម្សាន្តនៅក្នុង ព្រះរាជពិធីបុណ្យអំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុកដោយផ្ទាល់៕