អាជ្ញាធរខណ្ឌច្បារអំពៅ ដុតបំផ្លាញ ទូរហ្គេម១០ទូរ ក្រោយពីបង្ក្រាបនិងរឹបអូសបាននៅក្នុងមូលដ្ឋាន
ភ្នំពេញ៖ ទូរហ្គេមខុសច្បាប់គ្រប់ប្រភេទចំនួន១០ទូរឧបករណ៍សំភារៈប្រើប្រាស់មួយចំនួនទៀត ត្រូវបានរដ្ឋបាលខណ្ឌច្បារអំពៅ សម្រេចដុតដុតកំទេចចោល ក្រោយពីធ្វើការបង្ក្រាបបានកន្លងមក។
ការដុតបំផ្លាញនេះបានធ្វើឡើងនាព្រឹកថ្ងៃទី១៩ ខែកក្កដានេះ ក្រោមវត្តមានលោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ កម្លាំងសមត្ថកិច្ចក្រោមគណៈបញ្ជាការឯកភាពខណ្ឌ ។ចំពោះ ទូរហ្គេមខុសច្បាប់គ្រប់ប្រភេទដែលត្រូវបានដុតបំផ្លាញចូលនេះរួមមាន ទូរប្រភេទហ្គេមបៀរចំនួន២ទូរ ទូរហ្គេមប្រណាំងសេះចំនួន១ទូ ទូហ្គេមតុក្កតា១ទូ និង ទូរហ្គេមស៊ីសងផ្សេងៗ៦ទូ និងឧបករណ៍សំភារៈប្រើប្រាស់មួយចំនួនទៀត
ដែលបានរឹបអូស មកពីតាមបណ្តាមូលដ្ឋានសង្កាត់នានាក្នុងខណ្ឌ ក្រោមការណែនាំពីលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។
លោក ចេង មុនីរ៉ា បានមានប្រសាសន៍ថា សម្រាប់ការបើកកន្លែង ហ្គេមខុសច្បាប់ នៅ ក្នុងទឹកដីខណ្ឌច្បារអមពៅ ចាប់ពីពេលនេះទៅមិនចេញច្បាប់ អនុញ្ញាតឲ្យបើកនោះទេ ដែលបញ្ហានេះនាំឲ្យប៉ះពាល់ដល់ការ រៀនសូត្ររបស់ក្មេងៗ ក្រោយពីពួកគេបានគេចសាលា,ចំណាយពេលវេលា និង លុយកាក់សម្រាប់ ទៅលេង ហ្គេមទាំងនោះ។
ទាក់ទងទៅនឹងអ្នកដែលមានច្បាប់កន្លងមក ត្រូវចូលរួមអនុវត្តអោយបានល្អ ទៅតាមច្បាប់ កំណត់។ ប្រសិនបើនៅក្នុងអាជីវកម្មណាមួយ មានបង្កប់នូវទូរហ្គេមស៊ីសងខុសច្បាប់ , រដ្ឋបាលខណ្ឌច្បារអំពៅ នឹងចុះបិទ ព្រមទាំងដកហូត យកមកកំទេចចោល ដោយស្វ័យប្រវត្តិ។
លោកអភិបាលខណ្ឌច្បារអំពៅ បានអំពាវនាវដល់អ្នកធ្វើអាជីវកម្មមានច្បាប់ទាំងឡាយ សូមកុំអោយអ្នកដែលមានពាក់ឯកសណ្ឋានសិស្សចូលលេងក្នុងម៉ោងសិក្សាជាដាច់ខាត។ ជាមួយគ្នានេះក៍សូមអោយម្ចាស់ទាំងនោះ ជួយសរសេរបំរ៉ាម នៅមុខកន្លែងរបស់ខ្លួននិមួយៗ ដោយសសេរថា៖ ហាមលេងអ៊ីនធ័រណែតក្នុងម៉ោងសិក្សាផងដែរ។ ការសសេរដាក់ដូចនេះក៏ព្រោះតែកន្លងមក កម្រមានអ្នកចូលលេង ទៅស្រាវជ្រាវដើម្បីជាប្រយោជន៍ដល់ការសិក្សាណាស់ គឺពួកគេគ្រាន់តែចូលទៅលេងហ្គេមតែប៉ុណ្ណោះ។
លោកអភិបាលខណ្ឌក៏បានណែនាំដល់ម្ចាស់អាជីវកម្ម ហ្គេមទាំងអស់ ជាពិសេសអ្នកដែលមានច្បាប់ត្រឹមត្រូវ ចូលរួមអនុវត្តអោយបានល្អតាមគោលការណ៍ច្បាប់ មិនត្រូវកែឆ្នៃពីហ្គេមកំសាន្ត អោយទៅជាហ្គេមស៊ីសងនោះទេ។ ចំពោះអ្នកមិនមានច្បាប់អនុញ្ញាតិត្រឹមត្រូវ ,ត្រូវតែទៅសុំច្បាប់ពីមន្ទីរពាក់ព័ន្ធ បើមិនដូចច្នេះទេ រដ្ឋបាលខណ្ឌនឹងមានវិធានការណ៍ទៅតាមផ្លូវច្បាប់។
គួរបញ្ជាក់ថា៖ បច្ចុន្ននេះ គេសង្កេតឃើញមានកន្លែងបើកល្បែងហ្គេមមួយចំនួន បានបើកអោយលេង ជាប្រភេទហ្គេមស៊ីសង ដោយបើកអោយចូលលេង២៤ម៉ោង លើ ២៤ម៉ោង ហើយកន្លែងខ្លះនោះ ក៍មានការចែកចាយ និង ប្រើប្រាស់គ្រឿងញៀនទៀតផង៕