ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌចំការមនអំពាវនាវអោយកីឡាករអុំទូកគិតពីសុខភាពដើម្បីដណ្តើមជោគជ័យ

107

 

ភ្នំពេញ ៖ អភិបាលខណ្ឌចំការមន សូមអោយកីឡាករចំណុះទូកដែលត្រៀមចូលរួមប្រកួត គិតគូរពីបញ្ហាសុខភាពជាចំបង ដើម្បីភាពជោគជ័យក្នុងថ្ងៃប្រកួត ជាពិសេសត្រូវប្រកាន់ភ្ជាប់ នៅទឹកចិត្តជាកីឡាករ សូមនាំជ័យជម្នះត្រឡប់ទៅស្រុកកំណើតវិញ ប៉ុន្តែកុំជំងឺទៅអោយប្រពន្ឋនោះ ។

ការស្នើសុំបែបនេះ ធ្វើឡើងនៅរសៀលថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ក្នុងដំណើរចុះសំណេះសំណាលជាមួយកីឡាករចំណុះទូកចំនួន៤របស់ខណ្ឌចំការមន នៅក្នុងទីតាំងក្នុងបរិវេណវត្តចាក់អង្រែលើ ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ។ 

  លោក ថេង សុថុល អភិបាលខណ្ឌចំការមនបានមានប្រសាសន៍បន្ថែមអោយដឹងថា ក្នុងនាមជាកីឡាករ ត្រូវចេះថែរក្សាសុខភាពអោយបានល្អប្រសើរ ដើម្បីត្រៀមលក្ខណៈចូលរួមប្រកួត និងត្រូវចេះប្រយ័ត្នប្រយែងការពារខ្លួនកុំនាំជម្ងឺទៅចម្លងអោយអ្នកផ្ទះ ក្នុងនោះផងដែរ ត្រូវយកចិត្តទុកដាក់ក្នុងបញ្ហាបរិស្ថាននិងអនាម័យកុំចោលសំរាមផ្តេសផ្តាស់ ត្រូវវេចខ្ចប់អោយបានត្រឹមត្រូវ រង់ចាំពេលប្រកួតចប់យកឡើងមកបោះចោលក្នុងធុងសំរាម ជៀសវាងបោះសំរាមចោលក្នុងទឹកទន្លេក៏ដូចជាតាមទីសាធារណៈ ។ លោកអភិបាលខណ្ឌចំការមនក្នុងឪកាសនោះក៏បាន ផ្តាំផ្ញើដល់កីឡាករចំណុះទូកត្រូវប្រកាន់ភ្ជាប់នូវទឹកចិត្តជាអ្នកកីឡា ចេះយោគយល់គ្នាទៅវិញទៅមក មិនថាការប្រកួតឈ្នះ ឬចាញ់ ត្រូវហ៊ានទទួលស្គាល់ការពិត លើសពីនេះត្រូវចេះស្រលាញ់គ្នាក្នុងនាមជាខ្មែរដូចគ្នា។ លោក ថេង សុថុល ក៏បានផ្តាំផ្ញើអោយកីឡាករទាំងអស់ កុំសេពគ្រឿងស្រវឹង ខណៈនៃការប្រកួតរង់ចាំដល់ពេលប្រកួតចប់ និងទទួលបានជ័យជំនះជាមុនសិនផងដែរ។

គួរបញ្ជាក់ថា នាឱកាសនោះ លោក ថេង សុថុល ក៏បានឧបត្ថម្ភដល់ក្រុមកីឡាករចំណុះអោយទូកចំនួន៤ របស់ខណ្ឌចំការមន រួមមាន ៖ មី ៤កេសធំ ទឹកសុទ្ឋ ១០០យួរ, បាកាស ២០កេស, ទឹកផ្លែឈើ ២០កេស និងថវិកា ២លាន ៥០ម៉ឺនរៀល ។ ទូកទាំង៤របស់ខណ្ឌចំការមនមានឈ្មោះ៖ ១ សំហេងសែនជ័យបារមីចាក់អង្រែ ទី២ បាសាក់សំហេងសែនជ័យទូកទី៣ មានឈ្មោះ សំហេងសែនជ័យបារមីទួលទំពូង និងទូកទី៤ សំហេងមហាសែនតេជៈ។

ក្រោយបញ្ចប់ពិធីសំណេះសំណាលរួចមក គណៈអធិបតីក៏បានទស្សនាការហ្វឹកហាត់សាកល្បងកម្លាំងគ្នាផងដែរ ដែលធ្វើឡើងនៅក្រោយវត្តចាក់អង្រែលើ សង្កាត់ចាក់អង្រែលើ៕

អត្ថបទដែលជាប់ទាក់ទង