សមត្ថកិច្ចចាប់ជនជាតិចិន២នាក់ បាញ់ប្លន់ហាងលក់គជ់យីហោ ហឺហឺនៅខណ្ឌពោធិ៍សែនជ័យ
ភ្នំពេញ៖ ជនជាតិចិនចំនួន៤នាក់ ប្រដាប់ដោយអាវុធខ្លី២ដើម បានធ្វើសកម្មភាពចូលទៅប្លន់ជនជាតិចិនដូចគ្នា នៅក្នុងហាងលក់គជ់ ហឺហឺ ដោយបានបាញ់គំរាម២គ្រាប់ ដណ្ដើមយកកាបូបលុយ ពីជនរងគ្រោះ។ បន្ទាប់មក ក៏បានបោះកាំភ្លើងខ្លីចោល១ដើម និងព្យាយាមរត់គេចខ្លួន ប៉ុន្តែត្រូវបានកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ ចេញអន្តរាគមន៍ឃាត់ខ្លួនបាន២នាក់ ។
កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ ដឹកនាំបញ្ជាដោយលោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌ បានចាប់ជនសង្ស័យចំនួន ២នាក់ ជាជនជាតិចិន ដែលបានធ្វើសកម្មភាពបាញ់ប្លន់ នៅក្នុងហាងលក់គជ់ ហីហី នៅខាងក្រោយផ្សារឯករាជ្យមួយ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ នាព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ។
ជនរងគ្រោះមាន១-ឈ្មោះ JIANWEI ភេទប្រុស អាយុ២៨ឆ្នាំ ២-ឈ្មោះ XUE DANFENG ភេទស្រី អាយុ៣៦ឆ្នាំ អ្នកទាំង២ជាប្ដីប្រពន្ធនឹងគ្នា មានមុខរបរជាអាជីវករលក់គជ់ ស្នាក់នៅក្នុងហាងលក់គជ់កន្លែងកើតហេតុខាងលើ និងមានស្រុកកំណើតនៅខេត្ត FUJIAN ប្រទេសចិន ។
បច្ចុប្បន្ន ជនសង្ស័យ ដែលជាជនជាតិចិន ត្រូវបានកម្លាំងនគរបាល នាំខ្លួនទៅប៉ុស្ដិ៍នគរបាលចោមចៅទី១៕