ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ នៅតែរក្សាជំហរ ស្នើគ.ជ.ប គូសតែសញ្ញាធិកមួយមុខគត់ ដើម្បីរក្សាការសម្ងាត់ ខណៈគ.ជ.ប បដិសេធ

141

ភ្នំពេញ ៖ លោកខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ នៅក្នុងសន្និសីទរព័ត៌មាន ស្តីពីជំហររបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ចំពោះការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ ឆ្នាំ២០១៨ នៅកម្ពុជា
ប្រព្រឹត្តទៅនៅថ្ងៃទី១៩ខែកក្កដា នៅវិមានពិភពថ្មីសែនសុខ ដោយលោកបានបញ្ជាក់ថា គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ
បានបញ្ជាក់ជំហររបស់ខ្លួន ដើម្បីរក្សាការសម្ងាត់របស់អ្នកបោះឆ្នោត ត្រូវគូសសញ្ញាធិក ក្នុងប្រអប់បួនជ្រុងទ្រវែងតូច តែមួយមុខគត់។

លោកខឹម វាសនា បានបន្តថា ការអនុញ្ញាតឲ្យអ្នកបោះឆ្នោត អាចគូសសញ្ញាគាំទ្រគណបក្សនយោបាយ ក្នុងចំណោមគំនូសសញ្ញាដ៏ច្រើនប្រភេទយ៉ាងដូច្នេះ គឺជាការសម្រេចចិត្តដែលខ្វះសុក្រិតភាព និងធ្វេសប្រហែស ព្រោះវាបានាទុកឱកាសឲ្យជន ឬក្រុមជនខិតខូចអាចទិញលក់សន្លឹកឆ្នោត ឬគំរាមកំហែងអ្នកបោះឆ្នោតបាន ដោយបង្គាប់បញ្ជា ឬលួងលោមអ្នកបោះឆ្នោតឲ្យគូសសញ្ញាគាំទ្រ បែបនេះ ឬបែបនោះ ដែលខ្លួនបានកំណត់ ។ ការបោះឆ្នោតដោយស្ថិតក្នុងលក្ខខណ្ឌនេះ វានាំឲ្យប៉ះពាល់ដល់ការសម្ងាត់នៃការបោះឆ្នោត ដែលជាគោលការណ៍ដ៏សំខាន់មានចែងក្នុងមាត្រា៧៦ថ្មី កថាខណ្ឌទី២ នៃរដ្ឋធម្មនុញ្ញ មាត្រា៥កថាខណ្ឌទី១ មាត្រា១០៦ និងមាត្រា ១២០ កថាខណ្ឌទី៣ ចំណុចទី៣ នៃច្បាប់ស្តីពីការបោះឆ្នោត។

លោកបន្តថា ចំពោះយុទ្ធនាការម្រាមដៃស្អាតរបស់អតីតប្រឆាំង គឺមិនគួរឲ្យមាននៅលើទឹកដីកម្ពុជា ព្រោះជារឿងផលប្រយោជន៍បុគ្គលតែប៉ុណ្ណោះ និងជាពិសេសអ្នកនយោបាយ ដែលកំពុងជាប់ក្នុងពន្ធនាគារ ដូចជា លោកកឹម សុខា ជាដើម មិនគួរត្រូវបានដោះលែង ឲ្យមកចូលរួមបោះឆ្នោត នោះឡើយ ហើយអតីតគណបក្សសង្រ្គោះជាតិ ឬបក្សប្រឆាំង មិនគួរមានវត្តមាន និងកកើតឡើងវិញ នៅលើទឹកដីកម្ពុជា នោះទេ។

លោកបន្តថា ច្បាប់ ឬលិខិតបទដ្ឋានគតិយុត្ត ដែលទុកឱកាសឲ្យជនខិតខូចអាចកេងចំណេញដោយមិនត្រឹមត្រូវ ដោយទុចរិត
លើភាពចម្លោះប្រហោងនៃបញ្ញត្តិរបស់ខ្លួន គឺនាំឲ្យប៉ះពាល់ដល់ គោលការណ៍នីតិរដ្ឋ និងបង្ហាញអំពីភាពទន់ខ្សោយនៃប្រព័ន្ធច្បាប់។

លោកបានបន្ថែមថា ការបោះឆ្នោតក្នុងអាណត្តិទី៦ គឺមិនឈ្នះគណបក្សប្រជាជនកម្ពុជានោះទេ ប៉ុន្តែលោកស្នើសូមឲ្យសមាជិករបស់ខ្លួនចូលរួមបោះឆ្នោត ឲ្យបានគ្រប់គ្នា ដើម្បីឲ្យគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ មានសំឡេងក្នុងសភា។ លោកថា សូម្បីតែអតីតគណបក្សប្រឆាំងនាពេលកន្លងដែលសំឡេងគាំទ្រខ្លាំងក្លានោះ ក៏នៅតែមិនឈ្នះគណបក្សប្រជាជនកម្ពុជាដែរ ព្រោះបក្សមួយនេះមានមូលដ្ឋានរឹងមាំ និងមានសមាជិកច្រើន គ្រប់ដណ្តប់ស្ទើរតែទូទាំងប្រទេសទៅហើយ ។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី១៦ខែកក្កដានេះ បានលិខិតជម្រាបជូន លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ករណីសំណើសុំធ្វើវិសោធនកម្មចំណុច ៨.១១.១ នៃបទបញ្ជា និងនីតិវិធី សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨។

គ.ជ.ប បានប្រកាសថា បន្ទាប់ពីបានពិនិត្យយ៉ាងយកចិត្តទុកដាក់លើទិដ្ឋភាពច្បាប់ និងទិដ្ឋភាពបច្ចេកទេសដែលជាបទពិសោធន៍ នៃការអនុវត្តការងារបោះឆ្នោតកន្លងមក គ.ជ.ប មិនអាចធ្វើវិសោធនកម្មលើចំណុច ៨.១១.១ តាមការស្នើសុំបានឡើយ។

ការសម្រេចរបស់គ.ជ.ប គឺផ្អែកលើមូលដ្ឋានច្បាប់ និងបទពិសោធន៍នានាកន្លងមក ។ ការតម្រូវឲ្យអ្នកបោះឆ្នោតគូសសញ្ញាធិក តែមួយគត់ ដើម្បីគាំត្រគណបក្សនយោបាយ នៅលើសន្លឹកឆ្នោត គឺមិនឆ្លុះបញ្ចាំងអំពីបទប្បញ្ញតិ្តក្នុងកថាខណ្ឌទី២ នៃមាត្រា ១០៥និងមាត្រា១២០ ដែលកំណត់អំពីរបៀសគូសលើសន្លឹកឆ្នោត ដែលត្រូវចាត់ទុកជាបានការ តាមរយៈ គំនូសសញ្ញា។

តាមស្មារតីនៃបទប្បញ្ញត្តិនេះ គ្មានបានចែងតម្រូវឲ្យអ្នកបោះឆ្នោតត្រូវតែគូសញ្ញាធិក តែមួយគត់នោះឡើយ មានន័យថា ច្បាប់អនុញ្ញាតឲ្យអ្នកបោះឆ្នោតគូសញ្ញាគាំទ្រទូទៅនៅលើសន្លឹកឆ្នោត វៀរលែងតែគំនូសសញ្ញាទាំងឡាយណា ដែលធ្វើឲ្យគេស្គាល់បាននូវអត្តសញ្ញាណ របស់អ្នកបោះឆ្នោត ដូចចែងក្នុងចំណុច៣ នៃកថាខណ្ឌទី៣ មាត្រា ១២០ នៃច.ប.ត.រ។

ការទទួលយកជាបានការនូវគំនូសសញ្ញាគាំទ្រជាទូទៅ នេះ ត្រូវបានអនុវត្តតាំងពីការបោះឆ្នោតសភាធម្មនុញ្ញ ឆ្នាំ១៩៩០
ដែលរៀបចំឡើងដោយអ៊ុនតាក់ មកម្ល៉េះ ហើយបទពិសោធន៍ដ៏ល្អនៃគំនូសសញ្ញាគាំទ្រជាទូទៅនេះ
ក៏ត្រូវបានបន្តអនុវត្តសម្រា់បការបោះឆ្នោត ក្រោយៗទៀត ក្នុងគោលបំណងធានាការពារសំឡេងគាំទ្ររបស់អ្នកបោះឆ្នោត
ក្នុងបរិបទនៃប្រទេសកម្ពុជាយើង។

លោកទេព នីថា អគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត “ស្ថិតក្នុងលក្ខខណ្ឌដែលគ.ជ.ប បានកំណត់នេះ
គឺមិនធ្វើឲ្យប៉ះពាល់ដល់ការសម្ងាត់នៃការបោះឆ្នោត ដូចមានចែងក្នុងមាត្រា ១០៦ នៃច.ប.ត.រ ទេ។ ជនណាដែលព្យាយាមដោយទុច្ចរិត ក្នុងគោលបំណងកត់សម្គាល់ ដើម្បីឲ្យដឹងថាអ្នកបោះឆ្នោតណាម្នាក់ ឬច្រើននាក់ បានបោះឆ្នោតឲ្យគណបក្សនយោបាយណាមួយ នឹងត្រូវទទួលការព្រមានពីប្រធានការិយាល័យរាប់សន្លឹកឆ្នោត។ ក្នុងករណីនៅតែធ្វើសកម្មភាពដដែលឡើងវិញ ជាលើកទី២ នឹងត្រូវចាត់ទុកថាជាការរំលោភលើគោលការណ៍សម្ងាត់នៃការបោះឆ្នោត ហើយជនដែលមានការពាក់ព័ន្ធត្រូវបណ្តេញចេញពីការិយាល័យរាប់សន្លឹកឆ្នោត នឹងត្រូវទទួលទោសស្របតាមច្បាប់ស្តីពីការបោះឆ្នោត” ៕

អត្ថបទដែលជាប់ទាក់ទង