ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តំណាងកម្ពុជាប្រចាំអង្គការសហប្រជាជាតិឆ្លើយតបនឹងរបាយការណ៍របស់អ្នកស្រីរ៉ូណាស្មីតលើបញ្ហាសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិយោបល់និងការជួបប្រជុំនៅកម្ពុជា

134

ទីក្រុងហ្សឺណែវ៖ អ្នករាយការណ៍ពិសេស..លោកស្រីរ៉ូណាស្មូតនៅថ្ងៃទី៨ខែវិច្ឆិកាឆ្នាំ២០១៩បានចេញសេចក្តីប្រកាសព័ត៌មាន  ស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាបានបង្ហាញក្តីបារម្ភយ៉ាងខ្លាំងអំពីការបង្ក្រាបខាងនយោបាយដែលមានលក្ខណៈកាន់តែខ្លាំងឡើងៗ

នៅទូទាំងប្រទេសហើយធ្វើការអំពាវនាវឲ្យរដ្ឋាភិបាលគោរពនូវសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិយោបល់និងការជួបប្រជុំ។

ឆ្លើយតបនឹងអ្នករាយការណ៍ពិសេស..លោកស្រីរ៉ូណាស្មូតនោះស្ថានបេសកកម្មអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជាប្រចាំអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវនៅថ្ងៃទី៨ខែវិច្ឆិកាឆ្នាំ២០១៩នេះបានប្រកាសសម្តែងការសោកស្តាយជាខ្លាំងនៅពេលបានទទួលដំណឹងអំពីការចេញផ្សាយព័ត៌មានរបស់លោកស្រីRhona Smith អ្នកសរសេររបាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាចុះថ្ងៃទី៨ខែវិច្ឆិកាឆ្នាំ២០១៩ពាក់ព័ន្ធនឹងការវិវឌ្ឍចុងក្រោយនៅកម្ពុជា។

ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជាប្រចាំអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវបានចាត់ទុកថាការចេញផ្សាយព័ត៌មានខាងលើមានការវាយតម្លៃដែលពុំមានតុល្យភាពនិងបង្កឱ្យការភាន់ច្រឡំក្នុងចំណោមសាធារណៈមតិស្ថានបេសកកម្មអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជាប្រចាំអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវមានកាតព្វកិច្ចផ្តល់ជូននូវការបកស្រាយទាំងអង្គហេតុនិងអង្គច្បាប់ដូចតទៅ៖

១៖ក្នុងបរិបទដែលមានការបំពានច្បាប់វិធានការផ្លូវច្បាប់របស់អាជ្ញាធរចំពោះទង្វើខុសច្បាប់មិនអាចបកស្រាយថាជាការបង្ក្រាបផ្នែកនយោបាយបានទេ។ការអនុវត្តបែបនេះពុំមានអ្វីខុសប្លែកគ្នាក្នុងបណ្តាសង្គមប្រជាធិបតេយ្យទាំងអស់។ការអនុវត្តច្បាប់នៅកម្ពុជាពុំបានដាក់គោលដៅលើក្រុមជាក់លាក់ណាមួយឡើយគឺអនុវត្តលើបុគ្គលដែលបំពានច្បាប់ទាំងអស់ដោយរាប់បញ្ចូលទាំងបុគ្គលដែលអ្នកសរសេររបាយការណ៍ពិសេសខ្លួនឯងក៏បានសម្តែងការមិនគាំទ្រផងដែរដូចបានគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍របស់លោកស្រីនៅសម័យប្រជុំលើកទី៤២នៃក្រុមប្រឹក្សាសិទ្ធិមនុស្សនៅថ្ងៃទី២៥ខែកញ្ញាឆ្នាំ២០១៩។ដូច្នេះអ្នកសរសេររបាយការណ៍ពិសេសគួរតែបានសម្តែងការគាំទ្រចំពោះការប្រកាន់ខ្ជាប់នូវនីតិរដ្ឋជាជាងការបរិហារលើប្រតិបត្តិការនៃអនុវត្តច្បាប់នៅកម្ពុជា។

២៖សិទ្ធិមនុស្សរាប់បញ្ចូលទាំងសេរីភាពនៃការបញ្ចេញមតិនិងការប្រមូលផ្ដុំមិនមែនជាសិទ្ធិដាច់ខាតទេ។សិទ្ធិសេរីភាពទាំងនេះមានដែនកំណត់។មាត្រា១៩នៃកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយដែលកម្ពុជាជារដ្ឋសមាជិកចែងថាការប្រើប្រាស់សេរីភាពនៃការបញ្ចេញមតិតម្រូវឱ្យមានករណីយកិច្ចនិងការទទួលខុសត្រូវពិសេសដោយពិចារណាទៅលើដែនកំណត់ចែងដោយច្បាប់ដូចជាការគោរពសិទ្ធិឬកិត្តិយសរបស់អ្នកដទៃនិងកិច្ចការពារសន្តិសុខជាតិនិងសណ្តាប់ធ្នាប់សាធារណៈ។ដូច្នេះសេចក្តីថ្លែងការណ៍នយោបាយនិងការបញ្ចេញមតិលើកិច្ចការសាធារណ:ដែលមានការប្រមាថញុះញង់ឱ្យប្រព្រឹត្តអំពើហិង្សាប្រកាន់ជាតិសាសន៍និងអំពាវនាវឱ្យមានការបះបោរប្រឆាំងរដ្ឋាភិបាលដែលកើតចេញពីការបោះឆ្នោតតាមបែបប្រជាធិបតេយ្យពុំមាន

តម្លៃស្មើនឹងសេរីភាពបញ្ចេញមតិឡើយ។ប្រសិនបើនិន្នាការនេះមិនត្រូវបានពិនិត្យឲ្យបានត្រឹមត្រូវទេចុងបញ្ចប់វានឹងធ្វើឱ្យសេរីភាពបញ្ចេញមតិត្រូវគេយកទៅបំផ្លែងផ្ទុយពីស្មារតីដើមនិងប្រើប្រាស់ជាឧបករណ៍ធ្វើឱ្យនីតិរដ្ឋសិទ្ធិមនុស្សនិងប្រជាធិបតេយ្យចុះខ្សោយតែម្តងនិងជារៀងរហូត។

៣៖អាជ្ញាធរកម្ពុជាដែលអនុវត្តតាមកាតព្វកិច្ចអន្តរជាតិខាងលើនិងច្បាប់ជាតិពាក់ព័ន្ធ(ដូចជាមាត្រា៤៥១និងមាត្រា៤៥៣នៃក្រមព្រហ្មទណ្ឌ) បានចាត់វិធានការផ្លូវច្បាប់ចំពោះអ្នកប្រព្រឹត្តបទល្មើសនិងអ្នកសមគំនិតដែលប៉ុនប៉ងផ្តួលរលំរដ្ឋាភិបាលតាមមធ្យោបាយមិនមានលក្ខណៈប្រជាធិបតេយ្យនិងការញុះញង់ឱ្យកងកម្លាំងប្រដាប់អាវុធក្រោកឈរប្រឆាំងនឹងរដ្ឋាភិបាលដែលកើតចេញពីការបោះឆ្នោតដោយប្រជាជន។

៤៖ការពង្រាយកងកម្លាំងគឺជាកាតព្វកិច្ចដែលមានចែងក្នុងរដ្ឋធម្មនុញ្ញសំដៅរក្សាឱ្យបាននូវសណ្តាប់ធ្នាប់សាធារណៈការពាររដ្ឋនិងទប់ស្កាត់រាល់កម្លាំងណាមួយដែលមានចេតនាធ្វើរដ្ឋប្រហាររំលំរដ្ឋាភិបាលដែលកើតចេញពីឆន្ទៈរបស់ប្រជាជន។ការពង្រាយកងកម្លាំងនេះក៏មានគោលបំណងធានាឱ្យមានបរិយាកាសសន្តិភាពសុវត្ថិភាពនិងសុខដុមរមនាដែលអនុញ្ញាតឱ្យប្រជាជនទូទាំងប្រទេសទទួលបានសិទ្ធិនិងសេរីភាពនៅគ្រប់ឱកាសវប្បធម៌ដោយអនុលោមតាមគោលការណ៍យ៉ាងតឹងរឹងក្នុងការប្រើប្រាស់កម្លាំងចាំបាច់ក្នុងការសម្រេចឱ្យបាននូវគោលបំណងស្របច្បាប់។

ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជាប្រចាំអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវបានបញ្ជាក់ក្នុងសេចក្តីប្រកាសរបស់ខ្លួនថានៅក្នុងប្រទេសកម្ពុជាប្រជាពលរដ្ឋខ្មែរស្មើភាពគ្នាចំពោះមុខច្បាប់ដោយពុំប្រកាន់និន្នាការនយោបាយមុខងារឋានៈសង្គមដូចដែលមានចែងក្នុងមាត្រា៣១នៃរដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជា។អ្នកបំពានច្បាប់នឹងត្រូវបានចោទប្រកាន់និងកាត់ទោសតាមនីតិវិធីដោយឈរលើមូលដ្ឋាននៃបទល្មើសប្រកបដោយភស្តុតាងរឹងមាំពុំមែនដោយសារតែជនល្មើសស្ថិតក្នុងក្រុមណាមួយនោះទេ។

ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាបានយល់ឃើញថាអាណត្តិរបស់អ្នកសរសេររបាយការណ៍ពិសេសគឺជួយកម្ពុជាក្នុងការលើកស្ទួយនិងការពារសិទ្ធិមនុស្សតាមរយៈកិច្ចកិច្ចសន្ទនានិងកិច្ចសហប្រតិបត្តិការពុំមែនចេញផ្សាយព័ត៌មានសាធារណៈណាមួយដែលអាចធ្វើឱ្យសាធារណជនមានការភាន់ច្រឡំនិងត្រូវបានគេមើលឃើញថាជាអំពើជ្រៀតជ្រែកចូលទៅក្នុងយុត្តធិការផ្ទៃក្នុងនៃរដ្ឋអធិបតេយ្យមួយនោះទេ៕

ខាងក្រោមនេះជាសេចក្តីប្រកាសរបស់ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជាប្រចាំអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវឆ្លើយតបនឹងអ្នកស្រីរ៉ូណាស្មីតនិងសេចក្តីប្រកាសព័ត៌មានទាំងស្រុងរបស់អ្នកស្រីរ៉ូណាស្មីត៖

អត្ថបទដែលជាប់ទាក់ទង