នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អញ្ជើញត្រួតពិនិត្យសភាពការណ៍សន្តិសុខ សុវត្ថិភាព សង្គម នៅនាយកដ្ឋានអង្គរក្ស
ភ្នំពេញ៖ នាព្រឹកថ្ងៃទី៩ ខែវិចិ្ឆកា ឆ្នាំ២០១៩ លោក នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានអញ្ជើញត្រួតពិនិត្យសភាពការណ៍ សន្តិសុខ សុវត្ថិភាព សង្គម នៅថ្ងៃបុណ្យ ឯករាជ្យជាតិទី៦៦។
នាឱកនាឱកាសនោះដែរលោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការរនគរបាលជាតិ អនុញ្ញាតឲ្យកងកម្លាំងដែលឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែន រាយការណ៍ជាបន្ទាន់ក្នុងករណីមានសភាពការណ៍ចាំបាច់កើតឡើង ជូនគណៈបញ្ជាការឯកភាពផ្ទាល់តែម្តង។
លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការរនគរបាលជាតិ បានណែនាំដល់កម្លាំងនគរបាលដែលឈរជើងនៅតាមគោលដៅខ្សែបន្ទាត់ព្រំដែនទាំងអស់ ត្រូវធានាឲ្យបានឥរិយាបទល្អ សម្តីសម្តៅសមរម្យ ជាមួយនឹងប្រជាពលរដ្ឋ បើទោះបីមានការនឿយហត់ក៏ពិតមែន ប៉ុន្តែនេះជាភារកិច្ច ជាកាតព្វកិច្ចក្នុងនាម យើងជាកងកម្លាំងបម្រើប្រជាពលរដ្ឋ។ កន្លងមកយើងទទួលបានជោគជ័យ និងការសាទរពីសំណាក់បងប្អូនប្រជាពលរដ្ឋនូវកម្លាំងល្បាតថ្មើរជើង ដែលកម្លាំងនេះបានធ្វើឲ្យបងប្អូនប្រជាពលរដ្ឋមានភាពជឿជាក់ និងកក់ក្តៅក្នុងការមកចូលរួមកម្សាន្តសប្បាយក្នុងព្រះរាជបុណ្យអុំទូក។
ក្នុងឱកាសប្រារព្ធព្រះរាជពិធីបុណ្យ ឯករាជ្យជាតិទី៦៦ និងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកឆ្នាំនេះ សមត្ថកិច្ចបានសហការត្រៀមកម្លាំងជាច្រើនដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ តាមគោលដៅសំខាន់ៗជាង ២០០កន្លែង ដែលរួមមានគោលដៅប្រារព្ធព្រះរាជពិធី ទីតាំងកំសាន្តសប្បាយ ស្តង់លក់ទំនិញ ទីតាំងស្នាក់នៅរបស់កីទ្បាករ កីទ្បាការិនី អុំទូកដែលក្នុងនោះមានទាំងកម្លាំងចំហរ និងកម្លាំងសម្ងាត់ ដើម្បីការពារព្រះរាជសុវត្ថិភាពថ្វាយព្រះមហាក្សត្រ និងថ្នាក់ដឹកនាំជាន់ខ្ពស់របស់ជាតិ ក៏ដូចជាប្រជាពលរដ្ឋទូទៅដែលមកកំសាន្តផងដែរ។ យ៉ាងណាក៏ដោយនៅថ្ងៃព្រះរាជពិធីបុណ្យអុំទូកនេះ សមត្ថកិច្ចក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្ន និងធ្វើការសហការជាមួយសមត្ថកិច្ចផងដែរ ដើម្បីឲ្យព្រះរាជពិធីបុណ្យនេះប្រព្រឹត្តទៅប្រកបដោយភាពសប្បាយរីករាយ និងប្រកបដោយសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពទាំងស្រុង ៕