អភិបាលខេត្តកំពង់ចាម ស្នើអោយអាជ្ញាធរ មន្ត្រីពាក់ព័ន្ធ កងកម្លាំង យកចិត្តទុកដាក់ ត្រៀមឧបករណ៍ សង្គ្រោះ ដែលងាយរងគ្រោះក្នុងរដូវទឹកឡើងនេះ
ខេត្តកំពង់ចាម៖ អភិបាលខេត្តកំពង់ចាម លោក គួច ចំរើន បានស្នើដល់អាជ្ញាធរ រួមនឹងមន្ត្រីពាក់ពន្ធ័ ដូចជា មន្ត្រីសុខាភិបាល មន្ត្រីធនធានទឹក កងកម្លាំង ត្រូវបន្តយកចិត្តទុកដាក់ តាមដានអាកាសធាតុ និងកម្រិតកម្ពស់ទឹកជាប់ជានិច្ច ត្រៀមនូវឧបករណ៍ជួយសង្គ្រោះដូចជាថ្នាំសង្កូវ ទូក កាណូត ដើម្បីជួយសង្គ្រោះពលរដ្ឋដែលងាយនឹងរងគ្រោះក្នុងរដូវទឹកឡើងនេះ និងបានក្រើនរំឭកដល់បងប្អូនប្រជាពលរដ្ឋរស់នៅ និងប្រកបរបររកស៊ី នៅតាមដងច្រាំងទន្លេ សូមមានការប្រុងប្រយ័ត្នខ្ពស់ ជាពិសេសបងប្អូនប្រជានេសាទតែម្តង ព្រោះនៅលើទឹកតាមដងទន្លេមេគង្គ អាចងាយប្រឈមឲ្យមានគ្រោះថ្នាក់ផងដែរ។
ការស្នើអោយអាជ្ញាធរ មន្ត្រីពាក់ព័ន្ធនិងការក្រើនរំឭកដល់បងប្អូនប្រជាពលរដ្ឋបែបនេះរបស់លោក គួច ចំរើន ធ្វើឡើងក្នុងពិធីបុណ្យរុក្ខទិវា ៩ កក្កដា នាព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨នៅ ភូមិត្រកួន ឃុំក្រឡា ស្រុកកំពង់សៀមខេត្តកំពង់ចាម ដោយរមានការ អញ្ជើញចូលរួមពីសំណាក់ អភិបាលរង ថ្នាក់ដឹកនាំមន្ទីរ អង្គភាព ថ្នាក់ដឹកនាំស្រុក កងកម្លាំងប្រដាប់អាវុធ និងលោកគ្រូ-អ្នកគ្រូ ប្រជាពលរដ្ឋជាច្រើននាក់។
លោកបានលើកឡើងបន្ថែមទៀតថា ក្នុងរដូវទឹកទន្លេតំឡើងពិតមែន តែមិនទាន់ដល់ចំណុចត្រូវប្រកាសអាសន្ននូវឡើយទេ សម្រាប់កម្រិតកម្ពស់ទឹកដែលត្រូវប្រកាសអាសន្នគឺកម្ពស់១៥.២០ម៉ែត្រ លោកអភិបានបានបញ្ជាក់ទៀតថា ស្រុក ៥ក្នុងខេត្តកំពង់ចាម មានស្រុកស្ទឹងត្រង់,ស្រុកកំពង់សៀម,ស្រុកកងមាស,ស្រុកកោះសូទិន និងស្រុកស្រីសន្ធរ គឺ ជាស្រុកដែលប្រឈមនឹងគ្រោះទឹកជំនន់ ទឹកទន្លេមេគង្គបានធ្វើឲ្យទឹកហូរចូលកន្លែងទំនាប និងព្រែកដែលក្នុងនោះទឹកបានលូនចូល ដីចំការដែលក្បែរឬអមសងខាងទន្លេ ជាវាលទំនាប ហេតុដូច្នេះ សូមប្រជាពលរដ្ឋទាំងដែលរស់នៅក្នុងតំបន់នោះ ត្រូវយកចិត្តទុកដាក់ខ្ពស់លើបញ្
ហារសុខភាព សុវត្ថិភាព និងការត្រៀមរៀបចំបង្ការនាពេលទឹកឡើង ដើម្បីការពារអាយុជីវិតមនុស្ស និងសត្វផងដែរ ។
លោកបានបន្តទៀតថា បើទោះជាអាកាសធាតុមានការប្រែប្រួល ដោយមានភ្លៀងធ្លាក់ស្ទើរតែរៀងរាល់ថ្ងៃ និងកម្ពស់ទឹកតាមដងទន្លេមេគង្គបានហក់ឡើងជាបន្តបន្ទាប់ ក៏ពិតមែន ប៉ុន្តែមិនទាន់មាន បញ្ហាអ្វីកើតឡើងគួរឲ្យកត់សម្គាល់ឬបង្កឲ្យគ្រោះថ្នាក់អ្វីឡើយ ។
ពាក់ព័ន្ធនឹងបុណ្យរុក្ខទិវានោះ លោកគួច ចំរើន បានមានប្រសាសន៍លើកឡើងថា ព្រៃឈើពិតជា ផ្តល់នូវអត្ថប្រយោជន៍ និង សារៈសំខាន់ណាស់ ចំពោះសង្គម មនុស្ស និងសត្វ ព្រោះវាអាចស្រូបយកឧស្ម័នការបូនិច្ច និងបញ្ចេញមកវិញនូវឧស្ម័នអុកស៊ីសែន កាត់បន្ថយកំដៅ ផ្តល់នូវទីជម្រករបស់មនុស្ស សត្វ ជួយបង្កើននូវជីវជាតិដី ទប់ទល់ការហូរច្រោះនិយ័តកម្ម ផ្តល់នូវប្រភពទឹក និង ជារបាំងការពារខ្យល់ព្យុះទៀតផង។ មិនតែប៉ុណ្ណោះ ព្រៃឈើក៏បានរួមចំណែកដល់អេកូទេសចរណ៍ ដែល បង្កើតការងារ និងជាប្រភពចំណូលដ៏សំខាន់សម្រាប់ សហគមន៍មូលដ្ឋាន តាមរយៈការទាក់ទាញភ្ញៀវទេសចរណ៍ ជាតិ និងអន្តរជាតិ មកទស្សនាកំសាន្តជាដើម។
លោកអភិបាលខេត្តក៏បានអំពាវនាវ ដល់ពលរដ្ឋត្រូវត្រៀមឯកសារដើម្បីបម្រើក្នុងការបោះឆ្នោត និងចូលរួមបោះឆ្នោតឲ្យ បានទាំងអស់គ្នា ដើម្បីជ្រើសរើសថ្នាក់ដឹកនាំប្រទេស តាមបែបលទ្ធិប្រជាធបិតេយ្យបានឲ្យបានកាន់តែល្អប្រសើរ៕