ស្ថានទូតអាមេរិកប្រចាំកម្ពុជា លើកឡើងពីបញ្ហាលោក កឹម សុខា ដែលទទួលបានការបន្ធូរបន្ថយ លក្ខខណ្ឌត្រួតពិនិត្យតាមផ្លូវតុលាការ
ភ្នំពេញ៖ បើតាមផេកហ្វេសប៊ុកផ្លូវការរបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជានៅថ្ងៃទី 10 ខែវិច្ឆិកាឆ្នាំ 2019 នេះបានឲ្យដឹងថា
រដ្ឋាភិបាលសហរដ្ឋអាមេរិក បានឃើញការរាយការណ៍នានា នៅថ្ងៃនេះ អំពីការលើកលែងការរឹតត្បឹតមួយចំនួនតាមប្រព័ន្ធយុត្តិធម៌ ចំពោះមេដឹកនាំនយោបាយបក្សប្រឆាំងកម្ពុជា លោក កឹម សុខា ។
ស្ថានទូតអាមេរិក បានលើកឡើងបន្ថែមថា យើងកត់សម្គាល់នូវជំហានឆ្ពោះទៅមុខដ៏មានកម្រិតមួយនេះ ប៉ុន្តែទទូចយ៉ាងខ្លាំងក្លា ឲ្យអាជ្ញាធរស្តារឡើងវិញទាំងស្រុង នូវសេរីភាពនិងសិទ្ធិនយោបាយរបស់លោក ស្ថិតក្រោមរដ្ឋធម្មនុញ្ញកម្ពុជា និងទម្លាក់បទចោទប្រកាន់ទាំងឡាយប្រឆាំងនឹងលោក ដែលអ្នកជាច្រើន មើលឃើញថាមានចរិតនយោបាយ ។
សហរដ្ឋអាមេរិក អំពាវនាវឲ្យមានការដោះលែងដោយឥតលក្ខខណ្ឌចំពោះអ្នកទាំងឡាយណា ដែលត្រូវបានចាប់ឃុំខ្លួនដោយទំនើងចិត្ត និងខុសច្បាប់ ដោយរួមទាំងអ្នកសារព័ត៌មាន សកម្មជនសង្គមស៊ីវិល និងអ្នកគាំទ្រ ព្រមទាំងសមាជិក នៃគណបក្សនយោបាយប្រឆាំងនានា។
អភិបាលកិច្ច និងសេដ្ឋកិច្ចកម្ពុជា នឹងទទួលប្រយោជន៍ពីជំហានបន្ថែមទៀត ក្នុងការបើកឡើងវិញនូវលំហនយោបាយ និងពលរដ្ឋ ចំពោះប្រជាពលរដ្ឋកម្ពុជា ទាំងក្នុងនិងក្រៅប្រទេសជំរុញនូវការសន្ទនានយោបាយរួមគ្នាហើយពិតប្រាកដ និងដំណើរការផ្សះផ្សា ព្រមទាំងស្តារឡើងវិញនូវប្រជាធិបតេយ្យពហុបក្សដ៏មានអត្ថន័យ ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ ដ៏ពិបាករករបស់ប្រទេសនេះ ។
ទោះយ៉ាងណាស្ថានទូតអាមេរិច ក៏បានផ្សព្វផ្សាយនូវរូបថតមួយសន្លឹករបស់លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិច ជាមួយនឹងលោកកឹមសុខា ដែលថតកាលពីឆ្នាំ២០១៧។
សូមបញ្ជាក់ថា សាលាដំបូងរាជធានីភ្នំពេញ បានចេញសេចក្តីប្រកាសព័ត៌មាន សម្រេចដាក់លោក កឹម សុខា ឲ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការដដែល ប៉ុន្តែទទួលបានការបន្ធូរបន្ថយលក្ខខណ្ឌត្រួតពិនិត្យតាមផ្លូវការ និងមិនត្រូវធ្វើសកម្មភាពនយោបាយ។
បើយោងតាមសេចក្តីប្រកាសរបស់តុលាការ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ ការទទួលបានការបន្ធូរបន្ថយកាតព្វកិច្ចនៅពេលនេះ ដោយសារជនត្រូវចោទលោក កឹម សុខា នាពេលកន្លងមកបានគោរពត្រឹមត្រូវតាមកាតព្វកិច្ច នៃការដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យ តាមផ្លូវតុលាការ ព្រមទាំងមានកិច្ចសហការល្អក្នុងដំណើរការនីតិវិធីតុលាការ ជាពិសេសបញ្ហាសុខភាពរបស់ជនត្រូវចោទ ដែលចាំបាច់ត្រូវពិនិត្យ និងព្យាបាល។
សេចក្តីប្រកាសព័ត៌មានរបស់សាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា ជនត្រូវចោទឈ្មោះ កឹម សុខា ត្រូវបានចៅក្រមស៊ើបសួរសម្រេចបន្តដាក់ឲ្យស្ថិត ក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ដោយត្រូវជាប់កាតព្វកិច្ចដូចខាងក្រោម ៖ មិនត្រូវចេញក្រៅព្រំប្រទល់ដែនដីនៃព្រះរាជាណាចក្រកម្ពុជា។ មិនត្រូវធ្វើសកម្មភាពនយោបាយ និង ត្រូវឆ្លើយតបនឹងការកោះហៅពីគ្រប់សមត្ថកិច្ច។
សូមជំរាបថា លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើ ក្បត់ជាតិ ឃុបឃិតជាមួយបរទេសផ្តួលរំលំ រាជរដ្ឋាភិបាលស្របច្បាប់ ហើយត្រូវបានឃុំខ្លួន នៅក្នុងពន្ធនាគារ ត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ បន្ទាប់ពីបែកធ្លាយវីដេអូមួយដែលលោកនិយាយថា លោកអនុវត្តតាមការណែនាំពីបរទេស ដើម្បីធ្វើការផ្លាស់ប្តូរប្រទេសកម្ពុជា ដោយយកលំនាំតាមប្រទេសយូហ្គោស្លាវី និងប្រទេសស៊ែប៊ី។
ក្រោយពេលឃុំខ្លួនអស់រយៈពេលជាង១ឆ្នាំ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ លោក គី ឫទ្ធី កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៨ បានចេញដីកាមួយសម្រេចដោះលែងលោក ឲ្យនៅក្រៅឃុំបណ្តោះអាសន្ន ជាមួយនឹងការហាមឃាត់សិទ្ធិមួយចំនួនដូចជា មិនអនុញ្ញាតឱ្យចេញក្រៅពីព្រំប្រទល់នៃដែនដីដែលខណ្ឌដោយផ្លូវលេខ៣១៣ ផ្លូវលេខ៣១១ និងផ្លូវលេខ៦០៨ ត្រូវឆ្លើយតបនឹងការកោះហៅពីគ្រប់បុគ្គលដែលចាត់តាំងដោយចៅក្រមស៊ើបសួរ, មិនត្រូវជួបអតីតថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ និងបុគ្គលឬជនបរទេសដែលពាក់ព័ន្ធនឹងសំណុំរឿង និងមិនត្រូវជួបជុំធ្វើសកម្មភាពនយោបាយជាដើម។
បើតាមហ្វេសប៊ុកផ្លូវការ របស់លោកកឹម សុខា នៅថ្ងៃទី១០វិច្ឆិកា បានឲ្យដឹងថា
កាលពីថ្ងៃទី០៧ខែវិច្ឆិកាឆ្នាំ២០១៩នេះ សហមេធាវីការពារសិទ្ធិរបស់ខ្ញុំបានដាក់ពាក្យស្នើសុំឲ្យចៅក្រមស៊ើបសួរលើកលែងបទចោទមកលើរូបខ្ញុំ។ ប៉ុន្តែសេចក្តីសម្រេចរបស់ចៅក្រមក្នុងថ្ងៃនេះ មិនមែនជាការលើកលែងការចោទប្រកាន់ឡើយ គឺត្រឹមតែជាការកែប្រែលក្ខខណ្ឌនៃកាតព្វកិច្ចមួយចំនួនតែប៉ុណ្ណោះ។
ក្នុងនាមជាបុគ្គលស្អាតស្អំម្នាក់ដែលត្រូវបានរងការឃុំខ្លួនទាំងគ្មានកំហុស២ឆ្នាំមកហើយ ខ្ញុំនៅតែបន្តទាមទារឲ្យទម្លាក់ចោលបទចោទប្រកាន់មកលើរូបខ្ញុំ។ ខ្ញុំរំពឹងថាសេចក្តីសម្រេចក្នុងថ្ងៃនេះគឺជាជំហ៊ានទី១ ប៉ុន្តែរូបខ្ញុំក៏ដូចជាពលរដ្ឋខ្មែរដទៃទៀត ដែលបានបាត់បង់សិទ្ធិសេរីភាពនយោបាយ នៅតែត្រូវការដំណោះស្រាយនិងយុត្តិធម៌ពិតប្រាកដ។
ជាចុងក្រោយនេះ ខ្ញុំសូមផ្ញើសេចក្តីនឹករលឹកយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋខ្មែរ ហើយខ្ញុំនឹងទៅជំរាបសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋនាពេលដ៏ខ្លីខាងមុខនេះ។ ខ្ញុំនឹងជំរាបជូនដំណឹងលម្អិតនៅពេលក្រោយ៕