ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ប្រាប់ទាហាន វរសេនាតូចថ្មើរជើង ត្រូវយកចំណេះដឹង ដែលទទួលបានពីការសិក្សារៀនសូត្រ ទៅប្រើប្រាស់ឲ្យចំគោលដៅ
ភ្នំពេញ៖ ក្រសួងការពារជាតិ បានផ្សព្វផ្សាយព័ត៌មានថា លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមបញ្ជាការកងទ័ពជើងគោក បានបញ្ជាក់ប្រាប់យោធិនសិក្ខាកាម ដែលទើបបានបញ្ចប់ការសិក្សាវគ្គហ្វឹកហ្វឹក នាថ្ងៃនេះថា៖ ត្រូវយកចំណេះដឹង ដែលទទួលបានពីការសិក្សារៀនសូត្រ ទៅប្រើប្រាស់ឲ្យចំគោលដៅ និងមានប្រសិទ្ធភាពខ្ពស់ ក្នុងកិច្ចការ ការពារអធិបតេយ្យភាព បូរណភាពទឹកដី ការពារជាតិ សាសានា ព្រះមហាក្សត្រ ការពាររដ្ឋធម្មនុញ្ញ ការពារដាច់ខាតសុខសន្តិភាព និងសេចក្តីសុខសាន្តជូនប្រពលរដ្ឋ មិនឲ្យជនណាបំផ្លិចបំផ្លាញបានឡើយ។ លោក មេបញ្ជាការកងទ័ពជើងគោក បានបញ្ជាក់បែបនេះ ក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញវរសេនាតូចថ្មើរជើងសហការវាយលុក នៅទីលានហ្វឹកហ្វឺនបាញ់គ្រាប់ពិតមរតកតេជោសែន ភ្នំវាលចាប យោធភូមិភាគទី៥ កងទ័ពជើងគោក នៅថ្ងៃសុក្រ ទី៨ ខែវិច្ឆិកា ឆ្នាំ២០១៩។
នៅក្នុងបទសម្ភាសន៍ លោក ឧត្តមសេនីយ៍ទោ ម៉ៅ ផល្លា នាយសេនាធិការរង និងជាអ្នកនាំពាក្យកងទ័ពជើងគោក បានបញ្ជាក់់ថា៖ ការហ្វឹកហ្វឺនបំប៉នជំនាញលំហាត់យុទ្ធវិធីបាញ់ប្រយុទ្ធ ថ្នាក់វរសេនាតូចថ្មើរជើងសហការវាយលុក ប្រចាំឆ្នាំ២០១៩ ដែលបានប្រារព្ធពិធីបិទនាពេលនេះគឺ៖១- ដើម្បីពង្រឹងពង្រីកចំណេះជំនាញពិតប្រាកដ ទាំងទ្រឹស្តី ការអនុវត្តន៍ជាក់ស្តែង ទាំងនៅក្នុងថ្នាក់ ក៏ដូចជានៅទីលាន ដែលបានឆ្លងកាត់ការសិក្សាអស់រយៈពេលច្រើនខែ របស់យោធិនជាសិក្ខាកាម នៃខ.ភ.ម។ ២- បង្ហាញពីសមត្ថភាពរបស់សិក្ខាកាម ថាតើពួកគេមានការយល់ដឹងកម្រិតណា ក្រោយពីពួកគេបានសិក្សាមួយរយៈ ក្នុងថ្នាក់ និងពីភាពជាក់ស្តែង ភាពខុសគ្នារវាងទ្រឹស្តី និងអនុវត្តន៍ជាក់ស្តែងនៅលើទីលាន ក៏ដូចជានៅសមរភូមិប្រយុទ្ធផ្ទាល់។ ៣- ចង់បង្ហាញពីសមត្ថភាពកម្លាំងប្រតិបត្តិការរបស់យើង ឆ្លើយតបទាន់ពេលវេលារាល់បទបញ្ជាថ្នាក់លើ ក្នុងភារកិច្ចការពារអធិបតេយ្យ បូរណភាពទឹកដី និងសុខសន្តិភាព ជូនប្រជាជន។ ៤- បង្ហាញពីភារកិច្ចចំពោះមុខរបស់កងទ័ព ត្រូវបំពេញក្នុងការរក្សាសន្តិសុខ សន្តិភាព និងរក្សាសណ្តាប់ធ្នាប់សង្គមនៅកម្ពុជា។ ៥- ការហ្វឹកហ្វឺនបំប៉នជំនាញលំហាត់យុទ្ធវិធីបាញ់គ្រាប់ពិត គឺជាសកម្មភាព ហ្វឹកហាត់ជាប្រចាំរបស់ខ.ភ.ម ដែលតែងធ្វើជារៀងរាល់ឆ្នាំ តាមបណ្តាយោធភូមិភាគ កងឯកភាព និងតាមសាលា។ សកម្មភាពហ្វឹកហ្វឺននេះ មិនមែនជាការបង្ហាញសាច់ដុំ ឬការគំរាមកំហែងណាមួយទេចំពោះប្រទេសជិតខាង ដែលការហ្វឹកហ្វឺននេះ ក្នុងគោលបំណងបង្កើនសម្ថភាព ការពារបូរណភាពទឹកដី និងការពារសន្តិសុខជូនប្រជាជន។ ៦- កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ប្តេជ្ញាការពារដាច់ខាតការពាររដ្ឋធម្មនុញ្ញ ការពារជាតិ សាសនា ព្រះមក្សត្រ ការពាររាជរដ្ឋាភិបាល ដែលប្រសូត្រចេញពីការបោះឆ្នោត ដែលផ្តល់ទំនុកចិត្តភាគច្រើនពីប្រជាពលរដ្ឋ ការពារសុខសន្តិភាព និងសេចក្តីសុខសាន្តជូនប្រជាពលរដ្ឋកម្ពុជា មិនឲ្យជនណាមកបំផ្លិចបំផ្លាញបានឡើយ។
ប្រសាសន៍សំខាន់ៗរបស់ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ថ្លែងក្នុងពិធីបិទវគ្គហ្វឹកហ្វឺនលំហាត់បាញ់គ្រាប់ពិត ថ្នាក់វរសេនាតូចថ្មើរជើងសហការវាយលុក នៅទីលានហ្វឹកហ្វឺនបាញ់គ្រាប់ពិត មរតកតេជោសែន ភ្នំវាលចាប យោធភូមិភាគទី៥ ខេត្តបាត់ដំបង។
១- វគ្គហ្វឹកហ្វឺនលំហាត់បាញ់គ្រាប់ពិតថ្នាក់វរសេនាតូចថ្មើរជើងសហការវាយលុក របស់យោធភូមិភាគទី៥នេះ គឺជាវគ្គហ្វឺកហ្វឺន ដែលត្រូវរៀបចំធ្វើជាប្រចាំក្នុងមួយឆ្នាំម្តង ស្របតាមផែនការហ្វឹកហ្វឺន របស់កងយោធពលខេមរភូមិន្ទ ដើម្បីពង្រឹងសមត្ថភាពយោធិន ក្នុងការបំពេញភារកិច្ចការពារបូរណភាពទឹកដី និងជាការផ្តល់ឱកាសរៀនសូត្រដល់នាយទាហានជំនាន់ក្រោយនៅក្នុងការដឹកនាំរៀបចំការងារហ្វឹកហ្វឺន សម្រាប់អនាគតទៅមុខទៀត។
២- ជាចក្ខុវិស័យទៅអនាគត កងទ័ពជើងគោកមានគោលដៅពង្រឹង និងលើកកម្ពស់គុណភាព ហ្វឹកហ្វឺន តាមរយៈការជំរុញដំណើរការ នៃការហ្វឹកហ្វឺនឱ្យកៀកទៅនឹងការពិត នៃការប្រយុទ្ធជាក់ស្តែង។ ការរៀបចំវគ្គហ្វឹកហ្វឺននេះ គឺជាការបន្តចូលរួមចំណែកក្នុងការអនុវត្តផែនការកែទម្រង់កងយោធពលខេមរភូមិន្ទ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល លើវិស័យការពារជាតិ ឱ្យទទួលបានជោគជ័យ។ គោលដៅសំខាន់ពីរ នៃគោលនយោបាយការពារជាតិ របស់រាជរដ្ឋាភិបាល គឺការធ្វើឱ្យមានសន្តិភាពស្ថិតស្ថេរយូរអង្វែង និងការកសាងឱកាសសម្រាប់ការអភិវឌ្ឍជាតិ។ ក្នុងនោះ ការពង្រឹងខឿនការពារជាតិ គឺជាអាទិភាពចម្បងខ្ពស់បំផុត ដែលត្រូវធានាឱ្យបានដាច់ខាតនៅគ្រប់កាលៈទេសៈ។
៣- ការខិតខំយកចិត្តទុកដាក់របស់យោធភូមិភាគទី៥ ក្នុងការចាត់តាំងឱ្យមានការហ្វឹកហាត់ក្បាច់គុនកងយោធពលខេមរភូមិន្ទ គឺជាការចូលរួមចំណែកក្នុងការចាប់ផ្តើមទំព័រថ្មីនៃការ ហ្វឹកហ្វឺន និងប្រើប្រាស់ក្បាច់គុនបុរាណខ្មែរយើង ដែលសព្វថ្ងៃបានក្លាយជាក្បាច់គុនផ្លូវការរបស់កងយោធពលខេមរភូមិន្ទ ក្រោមចក្ខុវិស័យប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងការបង្កើតឱ្យមានអត្តសញ្ញាណវប្បធម៌សម្រាប់កងយោធពលខេមរភូមិន្ទ និងជាការចូលរួមចំណែកធ្វើឱ្យក្បាច់គុនបុរាណរបស់បុព្វបុរសខ្មែររស់រានឡើងវិញ និងបន្តអភិវឌ្ឍទៅមុខសម្រាប់កូនខ្មែរ និងកងយោធពលខេមរភូមិន្ទគ្រប់ៗជំនាន់។
៤- លើមូលដ្ឋាននៃសន្តិភាព កម្ពុជាកំពុងមានការអភិវឌ្ឍលើគ្រប់វិស័យ និងកំណើនសេដ្ឋកិច្ចខ្ពស់ ហើយជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា កាន់តែមានភាពប្រសើរឡើងជាលំដាប់។ ផ្ទុយទៅវិញពួកអ្នកនយោបាយជ្រុលនិយមនៅតែចិញ្ចឹមឧបាយកលខ្មៅកខ្វក់ ប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោតដោយឆន្ទៈរបស់ប្រជាពលរដ្ឋ តាមរយៈការជំរុញសកម្មភាពប្រទូស្តរាយខុសច្បាប់នានាបែបអនាធិបតេយ្យ សំដៅញុះញង់បញ្ឆេះកំហឹងមហាជន ធ្វើឱ្យចុះខ្សោយនីតិរដ្ឋ និងបង្កអស្ថិរភាព ដែលជាការបង្កវិនាសកម្មយ៉ាងធ្ងន់ធ្ងរបំផុត ប៉ះពាល់ដល់ជោគវាសនាប្រទេសជាតិ និងអាយុជីវិតប្រជាជន ដើម្បីបម្រើឱ្យតែមហិច្ឆតា លោភលន់ចង់បានអំណាចដោយខុសច្បាប់ ផ្ទុយនឹងគោលការណ៍ប្រជាធិបតេយ្យ។
៥- យើងទាំងអស់គ្នាត្រូវយល់ឲ្យច្បាស់ពីតម្លៃនៃសន្តិភាព ពីព្រោះប្រសិនបើឧបាយការណ៍ញុះញង់ បំបែកបំបាក់ និងលាបពណ៌នេះ បានសម្រេច នោះប្រទេសយើងនឹងធ្លាក់ចូលទៅក្នុងភ្នក់ភ្លើងសង្គ្រាមបំផ្លិចបំផ្លាញហិនហោចវេទនា ស្លាប់ព្រាត់ប្រាសជាមិនខាន។
៦- សូមបំបាត់ឱ្យបាននូវវប្បធម៌លាបពណ៌ ដោយឈប់លាបពណ៌ប្រជាជន លាបពណ៌កងទ័ព បង្កើតឱ្យមានគំនុំសងសឹង ធ្វើសង្គ្រាមកាប់សម្លាប់គ្នា នាំឱ្យប្រទេសជាតិធ្លាក់ចូលទៅក្នុងវិនាសកម្ម។ ត្រូវមានមនសិការភ្ញាក់រលឹកគោរពច្បាប់ គោរពរដ្ឋធម្មនុញ្ញ នោះខ្មែរនឹងបានសេចក្តីសុខសាន្ត អាចបន្តការភិវឌ្ឍរីកចម្រើនទៅមុខទៀត សម្រាប់កូនចៅយើងជំនាន់ក្រោយ។
៧- ការអនុវត្តច្បាប់ដ៏តឹងរ៉ឹងម៉ឺងម៉ាត់កន្លងមក ចំពោះផែនការឧបាយកលបំផ្លាញសន្តិភាព គឺដើម្បីការពារប្រជាពលរដ្ឋ ១៦ លាននាក់ឱ្យរស់នៅក្នុងសុខសន្តិភាព។ សូមលើកទឹកចិត្ត និងគាំទ្រចំពោះស្មារតីខិតខំប្រឹងប្រែងរបស់កម្លាំងប្រដាប់អាវុធទាំងអស់ ក្នុងការចូលរួមថែរក្សាការពារសន្តិភាព ស្ថិរភាព និងសមិទ្ធផលសង្គមជាតិ សម្រាប់សេចក្តីសុខរបស់ប្រជាពលរដ្ឋ និងសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមអបអរសាទរ និងកម្សាន្តសប្បាយ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ក្នុងពេលខាងមុខនេះកុំបីខាន ជាមួយនឹងភាពរីករាយក្រោមម្លប់នៃសុខសន្តិភាព ស្ថិរភាព និងភាពសុខសាន្តជួបជុំក្រុមគ្រួសារញាតិមិត្ត ៕