លោក វិល្លាម បកស្រាយ៤ ទិដ្ឋភាព ដើម្បីកុំឲ្យយល់ច្រឡំ ទាក់ទងនឹងផែនទីប្រទេសកម្ពុជា
ភ្នំពេញ៖ មានការចុះផ្សាយទាក់ទងនឹងផែនទីប្រទេសកម្ពុជា ថាមានការបាត់បង់តាមរយៈរូបពីបរទេស ទាក់ទិននឹងបញ្ហានេះ លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ប្រធានគណបក្សខ្មែរក្រោក និងសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ សូមឈប់ផ្សាយបំពុលទៅ ក្រុមអ្នកចេញមកបំពុលនេះ ខ្ញុំដឹងថាមានប្រភពមកពីណា ។
លោកបានបន្ថែមឲ្យដឹងថា ខ្ញុំមិនបញ្ចេញទេ តែខ្ញុំបកស្រាយជូន ៤ ទិដ្ឋភាព ដើម្បីកុំឲ្យយល់ច្រឡំ។
ទិដ្ឋភាពច្បាប់ ៖ ផែនទីផ្លូវការរបស់ព្រះរាជាណាចក្រកម្ពុជា បានតម្កល់នៅអង្គការសហប្រជាជាតិ , ដូចនេះការយកផែនទី ដែលគូសដោយឯកតោភាគីណាមួយ មកផ្សព្វផ្សាយថា កម្ពុជាបាត់តំបន់កន្ទុយនាគនេះ វាផ្ទុយពីការពិត ហើយទង្វើនេះ គឺប្រឈមនឹងច្បាប់។
ទិដ្ឋភាពសង្គម ៖ ការបំផុសបំផុលបែបនេះ វានាំឲ្យមានការយល់ខ្វែងគំនិតគ្នា និងការយល់ច្រឡំ នាំឲ្យមហាជនច្របូកច្របល់
ហើយអាចនាំឲ្យមានបាតុភាពក្នុងសង្គម។
ទិដ្ឋភាពនយោបាយ ៖ វាជារឿងមួយដែលមិនគួរទាល់តែសោះ ខណៈដែលយើងទៅយកផែនទីគេគូស មកផ្សាយធ្វើដូចជាផែនទីផ្លូវការ ហើយប្រកាសទទួលស្គាល់ថាប្រទេសខ្លួនបាត់ដី ។ ត្រឹមរូបផែនទីយើងអាចយកប៊ិក គូសថាពិភពលោកជារបស់យើងក៏បាន សំខាន់ស្ថាប័នណាទទួលស្គាល់ តម្កល់នៅអង្គកាសហប្រជាជាតិបានឬអត់ ។
ទិដ្ឋភាពវិទ្យាសាស្ត្រ ៖ ប្រសិនជាបាត់តំបន់កន្ទុយនាគមួយចំនិតនោះមែន ពលរដ្ឋដែលរស់នៅខេត្តរតនគិរីទេ ដែលត្រូវជ្រួលច្របល់ ព្រោះត្រូវវៀតណាមបណ្ដេញចេញពីផ្ទះ ! ព្រោះតំបន់កន្ទុយនាគគឺ នៅខេត្តរតនគិរី ។ ដូចនេះមុនផ្សាយបំផុសមេត្តាអញ្ជើញទៅសិនទៅ ហើយចុច GPS នៅទីនោះមើលចុះ ។ ព្រោះបាត់តំបន់កន្ទុយនាគ ស្មើឲ្យបាត់មួយខេត្តរតនគិរី ។
គេដឹងថាពលរដ្ឋយើងចំណេះដឹងតិច ឆាប់ជឿ ឆាប់ជោ ឆាប់ផ្សាយបន្ត ដោយមិនដឹងអ្វីជាអ្វី រហូតអ្នកខ្លះផ្សាយថាទំហំ ១៨១០៣៥ គីឡូមែត្រក្រឡា គឺបូកទាំងទំហំដែនទឹក ។ ការផ្សាយនេះអត់ចំណេញសោះ ខណៈដែល ទំហំ ១៨១០៣៥ គីឡូមែត្រក្រឡា គឺមិនទាន់បញ្ជូលជាមួយដែនទឹកនៅឡើយទេ ។
សូមអ្នកផ្សព្វផ្សាយបំពុលការពិត មេត្តាបញ្ឈប់ ការបំផុសបំផុលឲ្យសង្គមជ្រួលច្របល់គេមិនហៅថាស្នេហាជាតិទេ គេហៅថាល្មើសច្បាប់ ។
ប្រជាធិបតេយ្យជាការបញ្ចេញមតិដើម្បីស្ថាបនាជាតិ តែមិនមែនជាការផ្សព្វផ្សាយ បំផុសបំផុលនាំឲ្យមានភាពអាណាធិបតេយ្យនោះទេ៕