ទិដ្ឋភាព នៃព្រះរាជពិធីបុណ្យអុំទូក ថ្ងៃទី២
ភ្នំពេញ៖ ថ្ងៃនេះជាថ្ងៃទី២ហើយ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ២០១៩។ បងប្អូនប្រជាពលរដ្ឋនៅតែបន្តមកលេងកម្សាន្តក្នុងព្រះរាជពិធីនេះជាបន្តបន្ទាប់។ នេះបើតាមការផ្សព្វផ្សាយព័ត៌មាន តាមរយៈផេកហ្វេសប៊ុករបស់សម្តេចតេជោ នាយករដ្ឋមន្រ្តី ។
ទិដ្ឋភាពនៅមាត់ទន្លេមុខព្រះបរមរាជវាំង ដែលជាកន្លែងប្រណាំងទូក និងនៅតាមស្តង់តាំងពិព័រណ៍ទំនិញផលិតផល គឺត្រូវបានរៀបចំយ៉ាងគួរជាទីទាក់ទាញ។
ចំណែកបងប្អូនកងកម្លាំងមានសមត្ថកិច្ច ផ្នែកសុខាភិបាល សង្គ្រោះបន្ទាន់ គឺបាននិងកំពុងតែឈរជើងនៅតាមគោលដៅនីមួយៗ ដើម្បីត្រៀមការពារ រៀបចំសណ្ដាប់ធ្នាប់ ក៏ដូចជាការសង្គ្រោះបន្ទាន់ ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋទទួលបានភាពរីករាយ ជាពិសេសនៅរាត្រីទី២ នៃព្រះរាជពិធីបុណ្យអុំទូកនេះ នឹងមានពិធីសំពះព្រះខែ និងអកអំបុកផងដែរ ដែលបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិអាចមកកម្សាន្តដោយរីករាយ ក្នុងព្រះរាជពិធីបុណ្យអុំទូករយៈពេល៣ថ្ងៃនេះ។
អរគុណដល់អាជ្ញាធរ និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់យកចិត្តទុកដាក់ខ្ពស់ ក្នុងការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ឱ្យបានល្អ ដើម្បីឲ្យប្រជាពលរដ្ឋ និងទេសចរបរទេសមានឱកាសបានសប្បាយរីករាយនៅក្នុងពិធីបុណ្យអុំទូក ទាំងនៅក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានា៕