សត្វផ្សោតមានទម្ងន់១១០គីឡូក្រាមងាប់ដោយសារជាប់មង
ក្រចេះ៖អង្គការWWF នៅថ្ងៃទី១៣វិច្ឆិកាបានផ្សាយព័ត៌មានថានេះជាដំណឹងដ៏ក្រៀមក្រំបំផុត! យើងបានបាត់បង់សត្វផ្សោតទន្លេមេគង្គមួយទៀតហើយក្នុងខេត្តក្រចេះ។
សត្វផ្សោតញីមួយក្បាលត្រូវបានប្រទះឃើញងាប់នៅអន្លង់ព្រះសង្ឃ ស្ថិតក្នុងភូមិសំបុកឃុំសំបុកស្រុកចិត្របុរី ខេត្តក្រចេះនៅថ្ងៃទី១២ ខែវិច្ឆិកាឆ្នាំ២០១៩។
តាមរយៈការធ្វើកោសល្យវិច័យ ក្រុមការងារស្រាវជ្រាវសត្វផ្សោតរបស់យើង បានពិនិត្យឃើញថា សត្វផ្សោតដែលងាប់នោះ មានទម្ងន់១១០គីឡូក្រាមនិងមានប្រវែង ២២៧សង់ទីម៉ែត ហើយមូលហេតុនៃការងាប់គឺបណ្តាលមកពីកន្លុយរបស់វាបានជាប់មងនេសាទ។
សត្វផ្សោតទន្លេមេគង្គ ដែលកំពុងរស់នៅតាមដងទន្លេមេគង្គក្នុងខេត្តក្រចេះនិងស្ទឹងត្រែង នៅតែទទួលរងការគម្រាមកំហែងដោយការនេសាទខុសច្បាប់ ហើយមងនេសាទខុសច្បាប់ក្នុងតំបន់ការពារសត្វផ្សោតនៅតែជាកត្តាចម្បងមួយនៃការស្លាប់របស់សត្វផ្សោតទន្លេមេគង្គ។
ដូច្នេះដើម្បីការពារថែរក្សាសត្វផ្សោតទន្លេមេគង្គ សូមចូលរួមបញ្ឈប់រាល់ការនេសាទខុសច្បាប់ទាំងឡាយជាពិសេសការនេសាទខុសច្បាប់នៅក្នុងតំបន់អភិរក្សសត្វផ្សោតទន្លេមេគង្គ៕