ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព្រះសង្ឃនៅវត្តលលៃចាប់ផ្តើមរំកិលកុដិចុះមកក្រោមបរិវេណប្រាសាទលលៃដើម្បីសម្រួលដល់កិច្ចការអភិរក្ស

71

សៀមរាប៖ នៅព្រឹកថ្ងៃទី១២ខែមិថុនាឆ្នាំ២០១៩ព្រះសង្ឃនិងគណៈកម្មការវត្តលលៃបានចាប់ផ្តើមរំកិលកុដិចុះមកខាងក្រោមដើម្បីសម្រួលដល់កិច្ចការអភិរក្ស។កិច្ចការនេះធ្វើឡើងបន្ទាប់ពីក្រុមប្រឹក្សាកិច្ចការវត្តអារាមដែលហៅថាCoMAPA, គណៈសង្ឃគ្រប់គ្រងព្រះសង្ឃអាចារ្យគណៈកម្មការវត្តប្រាសាទលលៃព្រមទាំងតំណាងមន្ទីរធម្មការនិងកិច្ចការសាសនាបានប្រជុំសម្រេចព្រះទ័យរំកិលកុដិដែលសង់នៅបរិវេណខឿនប្រាសាទលលៃចុះមកគង់នៅខាងក្រោមវិញ។

ការសម្រេចព្រះទ័យរបស់គណៈសង្ឃគ្រប់គ្រងវត្តប្រាសាទលលៃអាជ្ញាធរជាតិអប្សរាយល់ថាជាការចូលរួមយ៉ាងសកម្មរបស់ព្រះសង្ឃក្នុងវិស័យបេតិកភណ្ឌដើម្បីថែរក្សានូវមរតកដូនតាដែលព្រះពុទ្ធសាសនាតែងតែបានចូលរួមចំណែកតាំងពីយូរលង់ណាស់មកហើយ។ទាក់ទងនឹងកិច្ចការនេះដែរកាលពីថ្ងៃទី៣០ខែតុលាកន្លងទៅលោកហង់ពៅអគ្គនាយកអាជ្ញាធរជាតិអប្សរាបានចូលក្រាបថ្វាយបង្គំសម្ដេចអគ្គមហាសង្ឃរាជទេពវង្សដើម្បីទូលថ្វាយព្រះអង្គអំពីតួនាទីវត្តអារាមក្នុងការចូលរួមលើកស្ទួយនិងអភិរក្សបេតិកភណ្ឌវប្បធម៌ជាតិជាពិសេសកិច្ចការអភិរក្សនៅប្រាសាទលលៃដែលកំពុងដំណើរការជួសជុល។

សម្ដេចអគ្គមហាសង្ឃរាជបានសព្វព្រះទ័យចំពោះការកែលម្អប្រាសាទលលៃឱ្យទៅជារមណីយដ្ឋានសមាហរណកម្មគំរូនៃសំណង់ព្រហ្មសាសនា(តួប្រាសាទ) និងសំណង់ពុទ្ធសាសនា(តួព្រះវិហារពុទ្ធសាសនា) ដែលសុទ្ធសឹងជាបុរាណវត្ថុដ៏មានវ័យចំណាស់ដោយមិនគប្បីឱ្យមានមនុស្សលោកទៅរស់នៅលាយឡំជាមួយនឹងសំណង់ដ៏ពិសិដ្ឋទាំងនេះឡើយ។

ជាមួយគ្នានោះសម្ដេចអគ្គមហាសង្ឃរាជបានផ្តល់ឱវាទនិងកោតសរសើរចំពោះកិច្ចខំប្រឹងប្រែងរបស់អាជ្ញាធរជាតិអប្សរាដែលបានសហការជាមួយព្រះសង្ឃក្នុងការអភិរក្សបុរាណដ្ឋានលើទឹកដីអង្គររួមគ្នាបានយ៉ាងល្អប្រសើរនិងសូមឱ្យក្រុមការងារបន្តកិច្ចការនេះប្រកបដោយស្មារតីទទួលខុសត្រូវស្នេហាជាតិនិងស្រឡាញ់សម្បត្តិដូនតារួមគ្នាថែរក្សាឱ្យបានគង់វង្សរហូតទៅ៕

អត្ថបទដែលជាប់ទាក់ទង