ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រាជរដ្ឋាភិបាលកម្ពុជា៖ ផែនការផ្តួលរំលំរាជរដ្ឋាភិបាលនិងរបបរាជានិយមនៅកម្ពុជាដែលរៀបចំដោយមេឧទ្ទាមសមរង្ស៉ីបានទទួលបរាជ័យទាំងស្រុង

53

ភ្នំពេញនាពេលថ្មីៗនេះក្រុមឧទ្ទាមដែលដឹកនាំដោយទណ្ឌិតសមរង្ស៉ីបានកំណត់យកថ្ងៃទី៩ខែវិច្ឆិកាឆ្នាំ២០១៩ចំថ្ងៃនៃការប្រារព្ធខួបអនុស្សារីយ៍លើកទី៦៦នៃទិវាបុណ្យឯករាជ្យជាតិដើម្បីអនុវត្តផែនការប៉ុនប៉ងធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលនិងរបបរាជានិយមនៅកម្ពុជា។  ផែនការប៉ុនប៉ងធ្វើរដ្ឋប្រហាររបស់ក្រុមឧទ្ទាមដឹកនាំដោយទណ្ឌិតសមរង្ស៉ីនៅថ្ងៃទី០៩ខែវិច្ឆិកានេះបានទទួលបរាជ័យទាំងស្រុង។

សេចក្តីថ្លែងការណ៍របស់រាជរដ្ឋាភិបាលកម្ពុជានៅថ្ងៃទី១៣ខែវិច្ឆិកាឆ្នាំ២០១៩បានបញ្ជាក់ថារាជរដ្ឋាភិបាលបានសង្កេតឃើញថាមានបងប្អូនប្រជាពលរដ្ឋស្លូតត្រង់មួយចំនួនតូចបានចាញ់បោកការឃោសនានយោបាយនិងឧបាយកលពិសពុលរបស់ក្រុមឧទ្ទាមដឹកនាំដោយទណ្ឌិតសមរង្ស៉ីហើយបានចាកចេញទៅកាន់ប្រទេសទី២ជាពិសេសទៅព្រះរាជាណាចក្រថៃដើម្បីត្រៀមចូលរួមក្នុងអ្វីមួយដែលក្រុមឧទ្ទាមហៅថាការអមដំណើរវិលត្រឡប់ចូលកម្ពុជារបស់ទណ្ឌិតសមរង្ស៉ី។ឆ្លៀតក្នុងឱកាសនេះរាជរដ្ឋាភិបាលបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ដែលបានចាញ់ឧបាយកលបោកប្រាស់របស់ក្រុមឧទ្ទាមដឹកនាំដោយទណ្ឌិតសមរង្សីសូមវិលត្រឡប់មកមាតុប្រទេសវិញដើម្បីបន្តរួមរស់ជាមួយក្រុមគ្រួសារនិងសង្គមជាតិក្រោមដំបូលនៃសុខសន្តិភាព។

សេចក្តីថ្លែងការណ៍បានបញ្ជាក់ថានាពេលកន្លងទៅថ្មីៗនេះក្រុមឧទ្ទាមដែលដឹកនាំដោយទណ្ឌិតសមរង្ស៉ីបានកំណត់យកថ្ងៃទី០៩ខែវិច្ឆិកាឆ្នាំ២០១៩ចំថ្ងៃនៃការប្រារព្ធខួបអនុស្សារីយ៍លើកទី៦៦នៃទិវាបុណ្យឯករាជ្យជាតិដើម្បីអនុវត្តផែនការប៉ុនប៉ងធ្វើរដ្ឋប្រហារដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលនិងរបបរាជានិយមនៅកម្ពុជា។រាជរដ្ឋាភិបាលមានកិត្តិយសសូមប្រកាសជូនបងប្អូនជនរួមជាតិទាំងអស់មេត្តាជ្រាបថាផែនការប៉ុនប៉ងធ្វើរដ្ឋប្រហាររបស់ក្រុមឧទ្ទាមដឹកនាំដោយទណ្ឌិតសមរង្ស៉ីនេះបានទទួលបរាជ័យទាំងស្រុងហើយសន្តិសុខសណ្តាប់ធ្នាប់សាធារណៈត្រូវបានធានាយ៉ាងរឹងមាំជាប្រក្រតីនៅទូទាំងប្រទេស។

រាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ថាមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធអាជ្ញាធរគ្រប់លំដាប់ថ្នាក់និងបងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេសបានចូលរួមអបអរសាទរការប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦៦នៃទិវាបុណ្យឯករាជ្យជាតិក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។

រាជរដ្ឋាភិបាលសុំការយោគយល់អធ្យាស្រ័យពីសំណាក់បងប្អូនប្រជាពលរដ្ឋក៏ដូចអាជីវករចំពោះភាពរអាក់រអួលខ្លះៗក្នុងការចេញចូលឆ្លងកាត់ច្រកទ្វារព្រំដែនរវាងព្រះរាជាណាចក្រកម្ពុជាជាមួយព្រះរាជាណាចក្រថៃកាលពីថ្ងៃទី០៩ខែវិច្ឆិកាកន្លងមកនេះដោយសារការរឹតបន្ដឹងការត្រួតពិនិត្យការចេញចូលឆ្លងកាត់ព្រំដែនសំដៅបង្ការទប់ស្កាត់សកម្មភាពរបស់ក្រុមឧទ្ទាមនិងដើម្បីធានាថែរក្សាការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈនិងសុវត្ថិភាពសង្គមនៅតាមតំបន់ព្រំដែនកម្ពុជាថៃ។

រាជរដ្ឋាភិបាលក៏បានសម្តែងនូវការកោតសរសើរនិងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតជូនចំពោះកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទនិងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ដែលបានបំពេញតួនាទីរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការធានារក្សាការពារសុខសន្តិភាពនិងស្ថិរភាពសង្គមជាពិសេសការសម្រេចបាននូវជោគជ័យដ៏ត្រចះត្រចង់ក្នុងការបំផ្លាញចោលទាំងស្រុងនូវផែនការរបស់ក្រុមឧទ្ទាមដឹកនាំដោយទណ្ឌិតសមរង្ស៉ីដែលប៉ុនប៉ងយកថ្ងៃទី០៩ខែវិច្ឆិកាដែលជាថ្ងៃបុណ្យឯករាជ្យជាតិរបស់ព្រះរាជាណាចក្រកម្ពុជាដើម្បីប្រមូលកម្លាំងធ្វើរដ្ឋប្រហារផ្ដលរំលំរាជរដ្ឋាភិបាលដែលកើតចេញពីឆន្ទៈរបស់ប្រជាជនតាមរយៈការបោះឆ្នោតដោយសេរីត្រឹមត្រូវនិងយុត្តិធម៌ស្របតាមរដ្ឋធម្មនុញ្ញនិងច្បាប់ជាពិសេសឧបាយកលដ៏ខ្មៅងងឹតក្នុងការប៉ុនប៉ងផ្លាស់ប្តូររបបរាជានិយមនៅកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង