សម្តេចនាយករដ្ឋមន្ត្រី បានចេញបញ្ជាផ្ទាល់មាត់ ឱ្យដោះលែងអ្នកគាំទ្រអតីតគណបក្សប្រឆាំង និងវិលចូលស្រុកវិញ
ភ្នំពេញ៖ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញបញ្ជាផ្ទាល់មាត់ ឱ្យដោះលែងអ្នកគាំទ្រអតីតគណបក្សប្រឆាំង ដែលត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់នៅក្នុងយុទ្ធនាការវិលត្រឡប់មកវិញ របស់អតីតមេបក្សប្រឆាំង ទណ្ឌិត សម រង្ស៊ី និងបានអំពាវនាវសកម្មជន ឬអ្នកគាំទ្របក្សប្រឆាំងដែលចាកចេញទៅក្រៅប្រទេស ឱ្យវិលត្រឡប់ចូលប្រទេសកម្ពុជា។
សម្តេចតេជោ នាយករដ្ឋមន្ត្រី បានបញ្ជាផ្ទាល់មាត់បែបនេះ អំឡុងពេលថ្លែងនៅក្នុងកម្មវិធីដាក់ឱ្យដំណើរការរោងចក្រផលិតស៊ីម៉ងត៍មួយនៅឯខេត្តកំពត នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកានេះ។ សម្តេចតេជោ ហ៊ុន សែន បានស្នើទៅរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ធ្វើការជាមួយមន្ត្រីតុលាការ ដកយកដីការដែលបានចេញចាប់ជនមួយចំនួន។ សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកជនទាំងនេះ ចាញ់បោកការឃោសនារបស់ក្រុមជនក្បត់ជាតិ។ សម្តេចតេជោ បានថ្លែងថា រាជរដ្ឋាភិបាលយល់ណាស់លើបញ្ហានេះ តែមិនអនុគ្រោះឱ្យនៅមុនថ្ងៃ៩ វិច្ឆិកា នោះឡើយ។ សម្តេចតេជោ ស្នើឱ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ធ្វើការជាមួយព្រះរាជអាជ្ញា និងតុលាការ ដើម្បីដោះលែងអ្នកចាប់ខ្លួន តាមសំណើរបស់សាម៉ីខ្លួន ឬមេធាវី។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា៖ “រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ គួរពិនិត្យលទ្ធភាពជាមួយព្រះរាជអាជ្ញា ដើម្បីដោះលែងអ្នកត្រូវបានចាប់ខ្លួន ដោយសារចាញ់បោកគេ បាននៅក្រៅឃុំជាបណ្ដោះអាសន្ន។ ខ្ញុំក៏សូមអំពាវនាវបងប្អូនចាញ់បោកគេរត់ចូលទៅក្នុងប្រទេសថៃ សូមត្រឡប់មកកាន់ផ្ទះសម្បែងក្នុងប្រទេសកម្ពុជាវិញ។ រដ្ឋាភិបាលមិនដាក់ទុក្ខទោសអ្នកចាញ់បោកគេទេ។ ហ៊ុន សែន មិនឱ្យចាប់ទេ”។
សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋ និងសកម្មជនអតីតបក្សប្រឆាំង ដែលចាញ់បោកមេឧទ្ទាមសម រង្ស៊ី ហើយរត់គេចខ្លួនទៅប្រទេសថៃ ឲ្យវិលចូលមកស្រុកខ្មែរវិញ ដោយគ្មានទោសពៃអ្វីឡើយ។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏បានណែនាំឲ្យក្រុមសកម្មជន អតីតបក្សប្រឆាំង នៅក្នុងប្រទេស ដែលរត់ចេញពីផ្ទះ គេចពីសំណាញ់ច្បាប់ ត្រឡប់ទៅផ្ទះវិញ ដោយរួចទោស។
សម្តេចតេជោនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណ និងកោតសរសើរដល់ព្រះថេរានុថេរៈ និងព្រះសង្ឃគ្រប់ព្រះអង្គ ព្រមទាំងបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានចូលរួមទប់ស្កាត់គម្រោងរដ្ឋប្រហារ មិនបានសម្រេចដែលមានបំណងផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា របស់ក្រុមឧទ្ទាម សម រង្ស៊ី នៅថ្ងៃទី៩ វិច្ឆិកា ឆ្នាំ២០១៩ថ្មីៗនេះតាមរយៈការចូលរួមហូបអំបុក ក្រោមពាក្យស្លោក អំបុកខ្មែរថែជាតិ សាសនា ព្រះមហាក្សត្រ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ផែនការរដ្ឋប្រហារដ៏ពិសពុលរបស់ក្រុម សម រង្ស៉ី ត្រូវបរាជ័យ។ ប្រជាពលរដ្ឋនៅតែត្រូវការគណបក្សប្រជាជន ត្រូវការសម្តេច ហើយកងទ័ពនៅតែគាំទ្ររាជរដ្ឋាភិបាល។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទោសរបស់ សម រង្ស៊ី គ្មានការលើកលែងនោះឡើយ ត្រូវតែដំណើរការទៅតាមច្បាប់។ ដៃស្តាំរបស់សម្តេចមិនចុះហត្ថលេខា សុំព្រះរាជទានលើកលែងទោសឱ្យ សម រង្ស៊ី នោះឡើយ។ ក្រុមជនក្បត់ជាតិ សម រង្ស៊ី បានអុជអាលសម្តេចក្រឡាហោម ស ខេង ឱ្យធ្វើរដ្ឋប្រហារទម្លាក់សម្តេច។ សម្តេចតេជោ ហ៊ុន សែន បានប្រាប់ទៅក្រុមក្បត់ជាតិ សម រង្ស៊ី ថា ស្គាល់ផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជាតិចពេកហើយ។ គណបក្សប្រជាជនគ្មានការដណ្តើមអំណាចផ្ទៃក្នុងគ្នានោះឡើយ។ ការអនុគ្រោះដល់អ្នកចាញ់បោកទាំងនេះ គឺជាដំណើរនៃបង្រួបបង្រួមជាតិ ព្រោះអ្នកទាំងនោះចាញ់បោកក្រុមជនក្បត់ជាតិ។ ក្រុមជនក្បត់ជាតិ សម រង្ស៊ី គ្រោងប្រើឈាមប្រជាជន ដើម្បីសម្រេចមហិច្ឆតារបស់ពួកគេ។
សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំឱ្យអ្នកដែលរត់ទៅក្រៅស្រុក ហើយបើចូលមកវិញត្រូវអាជ្ញាធរ ឬសមត្ថកិច្ចចាប់ខ្លួន ត្រូវរាយការទៅនាយករដ្ឋមន្ត្រីតាមរយៈទំព័រ Facebook។ ច្បាស់ណាស់ តម្លៃសន្តិភាព និងសន្តិសុខ មានតម្លៃខ្លាំងបំផុត សម្រាប់ប្រទេសជាតិយើង ទោះបីដោយតម្លៃណាក៏ដោយ គឺយើងត្រូវថែរក្សា និងទប់ស្កាត់ឲ្យខានតែបាន៕