សម្តេចហ៊ុន សែន ៖ ខេត្តកំពត កំពុងមានការអភិវឌ្ឍន៍រីកចម្រើន ស្ទើរលើគ្រប់វិស័យ
កំពត៖ ខេត្តកំពត កំពុងមានការអភិវឌ្ឍន៍រីកចម្រើនស្ទើរលើគ្រប់វិស័យ មានទាំង រោងស៊ីម៉ងត៍ ចំនួន៤ រួមទាំងរោងចក្រផលិត វារីអគ្គិសនី១ និងជាកន្លែងផលិតអំបិលផ្ទាល់ខ្លួន និងចែកចាយអំបិល ទៅកាន់បណ្តាខេត្តផ្សេងៗ ដែលកំពុងធ្វើសកម្មភាពយ៉ាងសកម្មនៅក្នុងប្រទេសកម្ពុជាយើង។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ថា ខេត្តកំពត គឺជាខេត្ត ដែលបានបញ្ចប់សង្គ្រាមក្នុងឆ្នាំ១៩៩៦ តាមរយៈនយោបាយ ឈ្នះ-ឈ្នះ ដែលរាជរដ្ឋាភិបាល បានដាក់ចេញហើយពេលនេះ ខេត្តកំពតបានប្រែក្លាយទៅជាខេត្ត ដែលមានការអភិវឌ្ឍន៍រីកចម្រើនស្ទើរលើគ្រប់វិស័យ ជាពិសេសលើផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងទេសចរណ៍ ព្រោះជាខេត្តជាប់តំបន់សមុទ្រ ។ ខេត្តកំពតក៏ជាខេត្តដែលមានផលិតអំបិលផ្ទាល់ខ្លួន និងចែកចាយអំបិលទៅកាន់បណ្តាខេត្តផ្សេងៗទៀតផង។ ខេត្តកំពតយើងមានវារីអគ្គសនីនៅភ្នំកំចាយ ដែលមានអនុភាពប្រមាណ ១៩៣ មេហ្គាវាត់ ដែលកំពុងបម្រើ និងផ្គត់ផ្គង់អគ្គិសនី ដល់គោលដៅអ្នកប្រើប្រាស់ជារៀងរាល់ថ្ងៃផងដែរ។ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានមានប្រសាសន៍ អំពីវិធានការដោះស្រាយ និងការពារក្នុងពេលដែលកម្ពុជាខ្វះខាតអគ្គិសនីប្រើប្រាស់ នាពេលខាងមុខ ជាពិសេសសម្តេចតេជោ បានឲ្យក្រសួងរ៉ែ និងថាមពលគិតគូរ និងបង្កើនថាមពលអគ្គិសនី ហើយសម្តេចបានមានប្រសាសន៍ថា ៥ឆ្នាំទៀតកម្ពុជាយើង នឹងបង្កើនការតបណ្តាញអគ្គសនី នៅគ្រប់ទីកន្លែងទាំងអស់។
នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការរោងចក្រផលិតស៊ីម៉ងត៍
របស់ក្រុមហ៊ុន ថៃប៊ុនរ៉ុង មានទីតាំងស្ថិតនៅតំបន់ភ្នំល្អាង ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត។
សម្តេចតេជោ បានមានប្រសាន៍បន្តថា ស៊ីម៉ងត៍ គឺជាតម្រូវការដ៏ចាំបាច់នៅលើពិភពលោក ពីព្រោះបច្ចុប្បន្ននេះ គ្រប់សំណង់ទាំងអស់សុទ្ធតែត្រូវ ការប្រើប្រាស់ស៊ីម៉ងត៍ ដូចជាអគារបុរីលំនៅដ្ឋាន សាលារៀន វត្តអារាម និងផ្លូវប្រភេទបេតុងជាដើម។
តាមរបាយការណ៍របស់លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលបានឲ្យដឹងថា រោងចក្រស៊ីម៉ងត៍ ថៃប៊ុនរ៉ុង នេះសាងសង់លើផ្ទៃដីទំហំជិត ៧០០ហិកតា បំពាក់ដោយឧបករណ៍បច្ចេកទេសទំនើប ហើយមានសមត្ថភាពផលិតស៊ីម៉ងត៍បានប្រមាណ ២,៥០០តោនក្នុងមួយថ្ងៃ ស្មើនឹងជិត១លានតោនក្នុងមួយឆ្នាំ។ វត្តមានរោងចក្រស៊ីម៉ងត៍ ថៃ ប៊ុនរ៉ុងនេះ បានរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកម្ពស់សេដ្ឋកិច្ចជាតិ និងជីវភាពរបស់ប្រជាពលរដ្ឋ។ រោងចក្រនេះ អាចផ្តល់ការងារអចិន្ត្រៃយ៍ដល់បុគ្គលិកប្រមាណ ៣៣៥នាក់ ក្នុងនោះមានជនជាតិបរទេសប្រមាណ ៣៥នាក់ផង។ បច្ចុប្បន្នកម្ពុជាមានរោងចក្រផលិតស៊ីម៉ងត៍ចំនួន៥ហើយ រាប់ទាំងរោងចក្រស៊ីម៉ងត៍ថៃប៊ុនរ៉ុង ដែលដាក់ឱ្យដំណើរការជាផ្លូវការនៅព្រឹកនេះ ហើយរោងចក្រទាំង៥នេះ អាចផលិតស៊ីម៉ងត៍បានជិត ៨លានតោនក្នុងមួយឆ្នាំ។
សម្តេចតេជោបានបង្ហាញនូវក្តីមោទនភាពបំផុត ចំពោះប្រទេសកម្ពុជា ដែលបាន បង្កើតរោងចក្រផលិតស៊ីម៉ងត៍ផ្ទាល់ខ្លួននៅទីនេះ។ សម្តេចតេជោបានមានប្រសាសន៍បន្តថា នេះជាសមិទ្ធផលថ្មី បន្ថែមលើសមិទ្ធផលដែលយើងមានស្រាប់ ហើយការបង្កើតរោងចក្រនេះ គឺជាការបង្កើតឧស្សាហកម្មធុនធ្ងន់មួយ របស់ប្រទេសកម្ពុជា ក្នុងការចូលរួមចំណែក នៃវិស័យសំណង់ដែលកំពុងមានការកើនឡើង នាពេលបច្ចុប្បន្ននេះ ជាពិសេសការសាងសង់សំណង់អគារផ្សេងៗ ដែលជាតម្រូវការរបស់ប្រជាពលរដ្ឋ និងគ្រប់វិស័យនានា។
សម្តេចតេជោ បានកោតសរសើរចំពោះក្រុមហ៊ុន ថៃ ប៊ុនរ៉ុង ដែលបានរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការបង្កើតផលិតផលក្នុងស្រុក ដើម្បីបំពេញតម្រូវការអ្នកប្រើប្រាស់ និងធ្វើការនាំចេញផងដែរ។ ជាមួយគ្នានោះ សម្តេចតេជោនាយករដ្ឋមន្ត្រីជំរុញឲ្យក្រុមហ៊ុន ត្រូវចូលរួមថែទាំ និងជុសជុលផ្លូវដែលខូចខាតផង ពីព្រោះផ្លូវថ្នល់ទាំងអស់ បានបម្រើដល់ការដឹកជញ្ជូនស៊ីម៉ងត៍របស់ក្រុមហ៊ុនខ្លួនទៅកាន់គោលដៅអតិថិជនគ្រប់ទីកន្លែងផងដែរ។
នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែអំណរគុណចំពោះប្រជាពលរដ្ឋទូទាំងប្រទេស ដែលបានចូលរួមទប់ស្កាត់ការប៉ុនប៉ងធ្វើរដ្ឋប្រហារនៅថ្ងៃទី៩ វិច្ឆិកា កន្លងទៅថ្មីៗនេះតាមរយៈការចូលរួមហូបអំបុកទាំងអស់គ្នា ក្រោមបាវចនា ហូបអំបុក ការពារជាតិ សាសនា ព្រះមហាក្សត្រ ដែលប្រជាពលរដ្ឋបានចូលរួមយ៉ាងផុលផុស រួមទាំងការអញ្ជើញទៅចូលរួមព្រះរាជពិធីបុណ្យអុំទូកយ៉ាងច្រើនកុះករ នៅរាជធានីភ្នំពេញ
ដែលនេះជាការចូលរួមថែរក្សាសន្តិភាព ដែលយើងកំពុងមានសព្វថ្ងៃ ពីព្រោះយើងធ្លាប់បានហែលឆ្លងនូវសង្គ្រាមជាច្រើនមកហើយ ពីអតីតកាល ដូចច្នេះយើងមិនចង់ជួប មិនចង់ដឹងនូវសង្គ្រាមអ្វីទៀតឡើយ។ សម្តេចតេជោក៏បានអរគុណ ដល់អាជ្ញាធរកងកម្លាំងប្រដាប់គ្រប់លំដាប់ថ្នាក់ ដែលបានចូលរួមការពារ រក្សាសន្តិសុខ សុវត្ថិភាព ចាប់ពីថ្ងៃ៩វិច្ឆិកា រហូតដល់បញ្ចប់បុណ្យអុំទូក ដែលបានធ្វើឲ្យបងប្អូនប្រជាពលរដ្ឋបានដើរកម្សាន្តគ្រប់ទីកន្លែងប្រមាណជិត៦លាននាក់។ សម្តេចតេជោនាយករដ្ឋមន្ត្រី សន្យាថានឹងនៅរួមដំណើរជាមួយប្រជាពលរដ្ឋកម្ពុជា ក្នុងការដឹកនាំប្រទេសមិនតិចជាង១០ឆ្នាំទៅមុខទៀត។ សម្តេចតេជោ ហ៊ុន សែន បានជូនពរចំពោះប្រជាពលរដ្ឋទាំងអស់ សូមជួបតែសេចក្តីសុខចម្រើនគ្រប់ៗគា្ន៕