ជនដៃដល់ម្នាក់ ត្រូវចាប់ខ្លួន ក្នុងករណីគាស់ទូ លួចយកទ្រព្យសម្បត្តិជិត២ម៉ឺនដុល្លារ
បាត់ដំបង៖ ជនដៃដល់ម្នាក់ដែលធ្វើសកម្មភាពគាស់ទូគ្រឿងកាឡៃ លួចយកទ្រព្យសម្បត្តិអាជីវករក្នុងផ្សារ ត្រូវបានឃាត់ខ្លួននិងដកហូតបានសម្ភារ:មួយចំនួនធំ និងបានប្រគល់ជូនម្ចាស់ដើមវិញ។
ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា នៅព្រឹកថ្ងៃ ព្រហស្បតិ៍ ទី ១៤ ខែ វិច្ឆិកា ឆ្នាំ២០១៩ អនុវត្តតាមបទបញ្ជារបស់លោក ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងតាមការដឹកនាំរបស់លោកឧត្តម សេនីយ៍ត្រី ជេត វណ្ណី ស្នងការរងផែនការងារព្រហ្មទណ្ឌ លោកវរសេនីយ៍ឯក អូន ហ្វៃ នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់នៃស្នងការដ្ឋាន ធ្វើការសហការស្រាវជ្រាវឃាត់ខ្លួនជនស័ង្សយចំនួន១នាក់ ឈ្មោះសាយ ឌុក ភេទប្រុស អាយុ ២០ឆ្នាំ រស់នៅភូមិរតន: សង្កាត់រតន: ក្រុងបាត់ដំបង ដែលជាជនដៃដល់ក្នុងករណី(គាស់ទូ) លួចយកទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋជាអាជីវករឈ្មោះ គឿង ជឿងថាក់ ភេទស្រី អាយុ២៣ឆ្នាំរស់នៅភូមិ១៣ មករា សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង និងដកហូតបានទ្រព្យសម្បត្តិជារបស់ជនរងគ្រោះមួយចំនួនធំ។
សូមជម្រាបជូនថា កាលពីយប់ថ្ងៃទី ៩ ខែ វិច្ឆិកា ឆ្នាំ២០១៩ នៅក្នុងផ្សារ១៣មករា សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង ជនសង័្សយមិនស្គាល់មុខបាន (គាស់ទូ)កញ្ចក់លួចយកសម្ភារ:ជាគ្រឿងអលង្ការ (កាឡៃ) និងសម្ភារ:ជាគ្រឿងសំអាងជាច្រើនមុខរបស់ឈ្មោះគឿង ជឿងថាក់ ភេទស្រី អាយុ ២៣ឆ្នាំ ដែលជាអាជីវករលក់ដូរក្នុងផ្សារខាងលើ ហើយសម្ភារ:បាត់បង់សរុបទឹកប្រាក់ជាប្រាក់ដុល្លារចំនួន១៨.០០០ដុល្លារអាមេរិក (មួយម៉ឺនប្រាំបីពាន់ដុល្លារ) និងជាប្រាក់រៀលចំនួន៣.០០០.០០០រៀល(បីលានរៀល)។ ក្រោយពេលបាត់បង់ជនរងគ្រោះ បានដាក់ពាក្យបណ្តឹងដល់សមត្ថកិច្ចនគរបាល ហើយក្រោយពេលធ្វើការស្រាវជ្រាវទើបឈានដល់ការឃាត់ខ្លួនជនសង័្សយខាងលើ និងដកហូតយកទ្រព្យសម្បត្តិទាំងនេះ។
ជនស័ង្សយកំពុងរៀបចំសំណុំរឿងបញ្ជូន ទៅសាលាដំបូងខេត្តបាត់ដំបង ចាត់ការតាមផ្លូវច្បាប់ រីឯសម្ភារ:ដែលដកហូតបាន ប្រគល់ជូនម្ចាស់វិញ៕