ក្រសួងយុត្តិធម៌ ចេញសេចក្ដីថ្លែងការណ៍ ស្នើព្រះរាជអាជ្ញារាជធានី-ខេត្ត ពិនិត្យសំណើសុំនៅក្រៅឃុំបណ្ដោះអាសន្ន ចំពោះអ្នកដែលត្រូវចាប់ខ្លួន ក្រោយចាញ់បោកទណ្ឌិត សម រង្ស៊ី
ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ក្រសួងយុត្តិធម៌ បានចេញសេចក្ដីថ្លែងការណ៍ ស្នើព្រះរាជអាជ្ញាអមសាលាដំបូងរាជធានី-ខេត្ត ដែលពាក់ព័ន្ធទាំងអស់ ពិនិត្យរៀបចំសេចក្ដីសន្និដ្ឋាន ស្នើសុំទៅតុលាការដើម្បីពិនិត្យពិចារណា លើការបញ្ឈប់ការចាប់ខ្លួន និងបន្ធូរបន្ថយការប្រើប្រាស់វិធានការ នៃការឃុំខ្លួនជាបណ្ដោះអាសនុ្ន ចំពោះប្រជាពលរដ្ឋស្លូតត្រង់ ដែលបានបាញ់បោកទណ្ឌិត សម រង្ស៊ី។
ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ រោងចក្រស៊ីម៉ងត៍ថៃប៊ុនរ៉ុង នៅព្រឹកទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ នៅតំបន់ភ្នំល្អាង ឃុំល្អាង ស្រុកដងទុង ខេត្តកំពត សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្គាប់ឱ្យរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ធ្វើការជាមួយព្រះរាជអាជ្ញា សហការខាងតុលាការ ដើម្បីឈានទៅដល់ការដាក់ឱ្យអ្នកចាញ់បោកក្រុមឧទ្ទាម ដែលត្រូវឃាត់ខ្លួនទាំងអស់ នៅក្រៅឃុំជាបណ្តោះអាសន្ន។
សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរ ដែលចាញ់បោកការញុះញង់របស់ក្រុមក្បត់ជាតិ សម រង្ស៊ី ហើយរត់ទៅក្រៅប្រទេសនោះ វិលត្រឡប់ចូលប្រទេសកម្ពុជាវិញ ដោយរាជរដ្ឋាភិបាលនឹងមិនយកទោសពៃនោះទេ៕