ឃុំខ្លួនជនជាតិចិនចំនួន៣នាក់ លើករណីវាយប៉ុនប៉ង សម្លាប់ស្រ្តីខ្មែរ នៅខណ្ឌពោធិ៍សែនជ័យ ដាក់ពន្ធនាគារ PJ
ភ្នំពេញ៖នៅរសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨នេះ លោក ប៊ុន ធី ចៅក្រមស៊ើបសួរសាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនជនជាតិចិនចំនួន៣នាក់ លើករណីវាយប៉ុនប៉ង សម្លាប់ស្រ្តីខ្មែរ នៅខណ្ឌពោធិ៍សែនជ័យ ដាក់ពន្ធនាគារ PJ រង់ចាំក្រុមប្រឹក្សាបើកការជំនុំជម្រះទោសនៅពេលក្រោយ។
គួរបញ្ជាក់ថា៖ការសម្រេចរបស់លោកចៅក្រម ធ្វើឡើងបន្ទាប់ពីលោក លោក ស៊ិន វីរ: ព្រះរាជអាជ្ញារង បានចោទប្រកាន់បុរសជាតិចិនទាំង៣នាក់ ពីបទ «ប៉ុនប៉ងឃាតកម្ម» តាមមាត្រា២៧ និងមាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ។
សមត្ថកិច្ចបញ្ជាក់ថា មុនកើតហេតុ ក្រុមជនជាតិចិនទាំង៣នាក់នេះ បានយកដែកគាស់ ហើយជិះរថយន្តមួយគ្រឿងពាក់ស្លាកលេខ ខ.ម ធ្វើសកម្មភាពដេញវាយស្រ្តីរងគ្រោះ នៅពេលដែលនាងកំពុងបើករថយន្ត បំណងចូលទៅហូបបាយនៅហាងកាហ្វេមួយកន្លែង ក្នុងខណ្ឌពោធិ៍សែនជ័យ។
ក្រោយហេតុការណ៍ហិង្សារនេះ ជនរងគ្រោះត្រូវគេដឹកយកទៅសង្គ្រោះ ចំណែករថយន្តរងការខូចខាតស្ទើរទាំងស្រុង។ តាមសមត្ថកិច្ចបញ្ជាក់ថា ករណីនេះបានកើតឡើងកាលពីវេលាម៉ោង១១៖៤៥នាទី ព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨ មុខហាងកាហ្វេតេស្ត ផ្លូវវេងស្រេង ភូមិចោមចៅ២ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ៕