ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គ.ជ.ប៖ ហេតុអ្វីបានជាកម្ពុជាជ្រើសយក​ការបោះឆ្នោតតាមប្រព័ន្ធសមាមាត្រ?

529

ភ្នំពេញ៖ ប្រព័ន្ធបោះឆ្នោតនីមួយៗ សុទ្ធតែមានចំណុចខ្លាំង និងចំណុចខ្សោយរបស់ខ្លួន ដោយហេតុផលនេះ ទើបនៅប្រទេសមួយចំនួន ជ្រើសរើសយកប្រព័ន្ធបោះឆ្នោតមួយ ឲ្យស្របតាមស្ថានភាពប្រទេសរបស់ខ្លួន ក្នុងនោះ កម្ពុជា បានជ្រើសយកការបោះឆ្នោត តាមប្រព័ន្ធសមាមាត្រ។ នេះជាការលើកឡើងរបស់លោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។

ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានលើកឡើងបែបនេះ នៅក្នុងពិធីបញ្ជ្រាបការយល់ដឹងពីច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅនៃគ.ជ.ប និងច្បាប់ស្តីពីការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត ជូនដល់សិស្ស និស្សិត គរុសិស្ស គរុនិស្សិត និងសាស្រ្តាចារ្យ ១៧០០នាក់ នៅវិមានចម្រើនសេរីមង្គល ខេត្តបាត់ដំបង កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨។

លោក ស៊ិក ប៊ុនហុក បានបន្ថែមថា ការបោះឆ្នោត គឺជាយន្តការធ្វើឲ្យសំឡេងឆ្នោត របស់ប្រជាពលរដ្ឋក្លាយទៅជាអាសនៈ ដូចជារដ្ឋសភា ឬក្រុមប្រឹក្សា ក្នុងសកលលោកគេច្រើនប្រើប្រព័ន្ធបោះឆ្នោត ២ គឺប្រព័ន្ធឯកត្តនាម និងប្រព័ន្ធសមាមាត្រ។

លោកបានលើកឡើងថា ប្រទេសដែលប្រកាន់របបដឹកនាំតាមបែបប្រជាធិបតេយ្យ អ្នកធ្វើនយោបាយត្រូវមានអធ្យាស្រ័យខាងនយោបាយ ឱ្យគ្នាទៅវិញទៅមក។ បក្សប្រឆាំង ត្រូវទុកឱកាសបក្សឈ្នះឆ្នោតដឹកនាំប្រទេស និងត្រូវចេះទទួលស្គាល់ការពិត ទុកឲ្យប្រជាពលរដ្ឋជាអ្នកសម្រេច ៤ឆ្នាំម្តង ៥ឆ្នាំម្តង តាមការកំណត់របស់ប្រទេសនីមួយៗ។ ម្យ៉ាងទៀតគណបក្សដែលទទួលបាន សំឡេងភាគតិច នៅក្នុងរដ្ឋសភា មានតួនាទី ជាអ្នករិះគន់ការដឹកនាំ របស់គណបក្ស ដែលមានសំឡេងភាគច្រើន ឬគណបក្សដឹកនាំ រាជរដ្ឋាភិបាល ប៉ុន្តែការរិះគន់នោះ ត្រូវធ្វើឡើងក្នុងន័យស្ថាបនា ដោយមានការគោរពគ្នា ទៅវិញទៅមក ការជេរប្រមាថគ្នា មិនមែនជាការទិតៀនស្ថាបនាទេ។

លោក ស៊ិក ប៊ុនហុក ក៏បានលើកឡើងផងដែរថា លទ្ធិប្រជាធិបតេយ្យ គឺជាទម្រង់គ្រប់គ្រងរដ្ឋដោយប្រជាពលរដ្ឋ មានន័យថា អ្វីៗដែលរដ្ឋាភិបាលបានធ្វើ ត្រូវស្របតាមច្បាប់ និងឆន្ទៈរបស់ប្រជាពលរដ្ឋ។ លក្ខណៈពិសេសរបស់លទ្ធិប្រជាធិបតេយ្យ គឺសិទ្ធិសេរីភាពបុគ្គល មានគណបក្សនយោបាយច្រើន មានការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ មានពហុនិយម និងអធ្យាស្រ័យគ្នាទៅវិញទៅមក មានការផ្ទេរអំណាចដោយសន្តិវិធី រដ្ឋាភិបាលត្រូវអព្យាក្រឹតផ្នែកនយោបាយ បម្រើផលប្រយោជន៍ប្រជាពលរដ្ឋ ដោយមិនរើសអើង ការបែងចែកអំណាចមាន៣ ដាច់ពីគ្នាមានទំនាក់ទំនងល្អរវាងអ្នកដឹកនាំ និងម្ចាស់ឆ្នោត និងមាននីតិរដ្ឋ៕

    

អត្ថបទដែលជាប់ទាក់ទង