របាយការណ៍លម្អិតករណីចាប់ជនសង្ស័យ២នាក់លួចរថយន្ត ០១គ្រឿង ម៉ាកLexus RX300 ពណ៌ស ស៊េរី ២០១៩
ព្រះវិហារ៖ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារបានស្នើសូមប្រជាពលរដ្ឋ ជឿជាក់លើសមត្ថកិច្ច និងសហការផ្តល់ព័ត៌មានរាល់បញ្ហាល្មើសគ្រប់ប្រភេទ។
ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ នៅថ្ងៃទី២៧ខែតុលាឆ្នាំ២០១៩ បានចេញរបាយការណ៍លម្អិតករណីចាប់ជនសង្ស័យ២នាក់លួចរថយន្ត ០១គ្រឿង ម៉ាកLexus RX300 ពណ៌ស ស៊េរី ២០១៩ ។
នៅថ្ងៃទី១៤ខែវិច្ឆិកាឆ្នាំ២០១៩ វេលាម៉ោង២០:២០នាទីយប់ ដោយបានអនុវត្តតាមការណែនាំចង្អុលបង្ហាញរបស់ឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិតនេតសាវឿនអគ្គស្នងការនគរបាលជាតិ និងក្រោមការបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារនិងមានការឯកភាពពីលោកទីសុវិនថាល់ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះវិហារ កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បានសហការជាមួយ កម្លាំងអធិការដ្ឋាននគរបាលស្រុកត្បែងមានជ័យ បានស្រាវជ្រាវរកឃេីញរថយន្តដែលបាត់ខាងលេី នៅចំណុចអូរផ្ដាច់ស្នេហ៍ខាងក្រោមចម្ងាយប្រហែល៣គីឡូម៉ែត្រ ស្ថិតក្នុងភូមិសាស្រ្ត ភូមិក្រាំងដូង ឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។
ក្នុងការបង្ក្រាបនេះសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ ដែលពាក់ព័ន្ធឈ្មោះ ផន សុភ័ក្រ ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិក្រាំងដូង ឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ រួមទាំងវត្ថុតាង: រថយន្ត ០១គ្រឿង ម៉ាកLexus RX300 ពណ៌ស ស៊េរី ២០១៩ ពាក់ស្លាកលេខភ្នំពេញ2AU 0708 ដែលមិនមែនជាស្លាកលេខរបស់រថយន្តខាងលេីទេ ចំពោះស្លាកលេខដែលពិតប្រាកដ ភ្នំពេញ 2BG-4959 បានដោះទុកក្នុងរថយន្ត ម៉្សៅក្រាមពណ៌សថ្លាចំនួន ០២កូនកញ្ចប់តូច ទូរស័ព្ទដៃ ០១គ្រឿង ម៉ាកNokia ចុចពិល ពណ៍ខ្មៅ លេខ:088 29 25 621 ។