ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គ.ជ.ប អនុញ្ញាតឱ្យអ្នកសារព័ត៌មានជាតិ៩២៤នាក់ មកពី៨២អង្គភាព បានចុះឈ្មោះយកព័ត៌មានពេលបោះឆ្នោត

79


ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានប្រកាសថា នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨នេះ ​គឺជាថ្ងៃចុងក្រោយ នៃការទទួលពាក្យសុំចុះឈ្មោះអ្នកសារព័ត៌មាន ហើយបើគិតត្រឹមថ្ងៃនេះ គ.ជ.ប បានផ្តល់ប័ណ្ណជូនអ្នកសារព័ត៌មានជាតិ៩២៤នាក់ហើយ ស្រី ១០៣នាក់ ដែលមកពី ៨២អង្គភាព ដើម្បីចុះឈ្មោះយកព័ត៌មានពេលបោះឆ្នោត។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់គ.ជ.ប នៅថ្ងៃទី១៩​ ខែកក្កដា ឆ្នាំ២០១៨ ៖ ចំពោះអ្នកសារព័ត៌មានជាតិ ដែលបានដាក់ពាក្យសុំចុះឈ្មោះនៅថ្ងៃនេះ គ.ជ.ប ត្រូវពិនិត្យ និងសម្រេចលើពាក្យសុំចុះឈ្មោះជាអ្នកសារព័ត៌មានក្នុងរយៈពេល៣ថ្ងៃយ៉ាងយូរ។ ក្នុងករណីដែលគ.ជ.ប បដិសេធការចុះឈ្មោះអ្នកសារព័ត៌មានជាតិ ដែលពុំមានលក្ខណសម្បត្តិគ្រប់គ្រាន់ សាមីអង្គភាព ឬសាមីអ្នកសារព័ត៌មាន អាចបំពេញឯកសារបន្ថែមឲ្យបានគ្រប់គ្រាន់ ហើយដាក់ពាក្យសុំមយយលើទៀត ក្នុងរយៈពេល៣ថ្ងៃយ៉ាងយូរ បន្ទាប់ពីថ្ងៃទទួលលិខិតបដិសេធ ។ ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន និងអ្នកសារព័ត៌មានទាំងអស់ ត្រូវធ្វើការផ្សព្វផ្សាយព័ត៌មានអំពីដំណើរការបោះឆ្នោត ឲ្យមានប្រសិទ្ធភាពប្រកបដោយវិជ្ជាជីវៈ ឯករាជ្យ ត្រឹមត្រូវ និងមិនលម្អៀង និងត្រូវគោរពច្បាប់បោះឆ្នោត បទបញ្ជា និងនីតិវិធីរបស់​គ.ជ.ប ច្បាប់ស្តីពីរបបសារព័ត៌មាន និងក្រមសីលធម៌៕

អត្ថបទដែលជាប់ទាក់ទង