សម្តេចនាយករដ្ឋមន្ត្រី ប្រាប់ពលករខ្មែរថា រដ្ឋាភិបាល ជួយសម្រួលឲ្យពលករ បានចេញទៅបម្រើការងារ នៅប្រទេស ដើម្បីទទួលបានប្រាក់ចំណូលផ្គត់ផ្គង់ជីវភាពគ្រួសារ
ភ្នំពេញ៖ សម្តេចនាយករដ្ឋមន្ត្រី បានប្រាប់ដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលបានទៅបម្រើការការងារ នៅក្រៅប្រទេសទាំងអស់ ត្រូវយល់ឲ្យបានច្បាស់ អំពីអ្វីដែលរាជរដ្ឋាភិបាលបានខិតខំធ្វើការចរចា ជាមួយបណ្តាប្រទេសផ្សេងៗ ដើម្បីជួយសម្រួលឲ្យពលករយើងបានចេញទៅបម្រើការងារនៅប្រទេសទាំងអស់នោះ ដើម្បីទទួលបានប្រាក់ចំណូលផ្គត់ផ្គង់ជីវភាពគ្រួសារ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ប្រគល់សញ្ញាបត្រដល់និស្សិត នៃសាកលវិទ្យាល័យធនធានមនុស្សសរុបចំនួន១៩៥៨នាក់ បន្ទាប់ពីពួកគេបានបញ្ចប់ការសិក្សាដោយជោគជ័យ។ ពិធីប្រគល់សញ្ញាបត្រនេះ ធ្វើឡើងនៅវិទ្យាស្ថានជាតិអប់រំនៅព្រឹកថ្ងៃចន្ទទី ១៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោនាយករដ្ឋមន្ត្រី គឺបានខិតខំណាស់ក្នុងការផ្តល់ឱកាសការងារផ្សេងៗដល់យុវជនយើង ទាំងការងារក្នុងស្រុក និងក្រៅស្រុក ជាក់ស្តែងបច្ចុប្បន្ននេះ មានពលករយើងជាច្រើនបាន និងកំពុងបម្រើរការងារនៅតាមបណ្តាប្រទេសមួយចំនួន ហើយពួកគាត់កំពុងទទួលបានផលប្រយោជន៍យ៉ាងច្រើន ពីការងារទាំងអស់នោះផងដែរ។ ដូច្នេះបងប្អូនដែលបានបម្រើការការងារ នៅក្រៅប្រទេសទាំងអស់ ត្រូវយល់ឲ្យបានច្បាស់ អំពីអ្វីដែលរាជរដ្ឋាភិបាលបានខិតខំធ្វើការចរចា ជាមួយបណ្តាប្រទេសផ្សេងៗ ដើម្បីជួយសម្រួលឲ្យពលករយើងបានចេញទៅបម្រើការងារនៅប្រទេសទាំងអស់នោះ ដើម្បីទទួលបានប្រាក់ចំណូលផ្គត់ផ្គង់ជីវភាពគ្រួសារ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បាននិងកំពុងខិតខំជំរុញការបង្កើតការងារក្នុងស្រុក ទាក់ទាញវិនិយោគថ្មីៗ និងខិតខំស្វែងរកការងារក្រៅប្រទេស ជូនប្រជាពលរដ្ឋយើងជាបន្តបន្ទាប់។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា សម្តេចនៅតែបន្តផ្តល់ការឧបត្ថម្ភជាថវិកា និងអង្ករជាបន្តបន្ទាប់ទៀត ដល់និស្សិតក្រីក្រនៃសាកលវិទ្យាល័យធនធានមនុស្ស ក៏ដូចជាសាកលវិទ្យាល័យមួយចំនួនទៀត គឺក្នុង១ខែ សម្តេចតេជោបានឧបត្ថម្ភនូវអង្ករចំនួន២តោន និងថវិកាចំនួន៥លានរៀលផងដែរ សម្រាប់ផ្តល់ជូនដល់និស្សិតក្រីក្រដែលកំពុងសិក្សាតាមបណ្តាសាកលវិទ្យាល័យ និងវិទ្យាស្ថាននានា។
សម្តេចតេជោ ហ៊ុន សែន ក៏បានជូនពរដល់និស្សិតជ័យលាភីដែលទទួលសញ្ញាបត្រនៅថ្ងៃនេះ សូមឲ្យទទួលបាននូវភាពជោគជ័យក្នុងការសិក្សា និងការងាររបស់ខ្លួនជាបន្តបន្ទាប់ទៀត៕