សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យប្រតិភូ និងអត្តពលិកប្រមាណ៤០០នាក់ ចូលជួបសំណេះសំណាល មុនចេញទៅប្រកួតកីឡា SEA Games
ភ្នំពេញ៖ នៅរសៀលថ្ងៃចន្ទទី ១៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជណាច្រកម្ពុជា អនុញ្ញាតឲ្យប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការរិនីប្រមាណ ៤០០នាក់ ចូលជួបសម្ដែងការគួរសម និងទទួលអនុសាសន៍ណែនាំមួយចំនួន ពីសម្ដេចតេជោនាយករដ្ឋមន្ត្រី នៅវិមានសន្ដិភាព មុនអត្តពលិកកម្ពុជា ចេញទៅប្រកួតកីឡាស៊ីហ្គេម(SEA Games) លើកទី៣០ នៅប្រទេសហ្វីលីពីន ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ ខាងមុខ ។
ជំនួបរវាងសម្តេចតេជោ និងក្រុមប្រតិភូកីឡាករកីឡាករិនីនាពេលនេះ មិនត្រឹមតែបង្កើនភាពស្និទ្ធស្នាល និងបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខទុក្ខរបស់កីឡាករ កីឡាការិនីគ្រប់រូបប៉ុណ្ណោះនោះទេ គឺថែមទាំងផ្ដល់នូវភាពកក់ក្ដៅ និងកម្លាំងចិត្តមួយដ៏ពិសេស សម្រាប់អត្តពលិកគ្រប់ប្រភេទកីឡា ក្នុងការពង្រឹងស្មារតី និងឆន្ទៈប្រកួតប្រជែងកាន់តែមោះមុតថែមទៀតផង ៕